ថ្មីៗនេះក្រុមហ៊ុន Ford ចាប់ដៃសហការជាមួយក្រុមហ៊ុន Chang-an ក្នុងប្រទេសចិនដែលស្ថិតនៅក្នុងគម្រោង JV (Joint Venture) បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីក្រោមស្លាកឈ្មោះ Ford Mondeo Sport។ ដោយរថយន្ត Ford ស៊េរីថ្មីនេះ គឺបានគម្លាយរចនាបថចេញពីម៉ូដែល Ford Mustang March-E ប៉ុន្តែ មានធំទំហំជាងដែលធ្វើឲ្យ Ford Mondeo Sport ចាត់ចូលជាប្រភេទរថយន្ត Hatchback SUV។
Ford Mondeo Sport មានការឌីស្សាញរូបរាងឡើងបែបស័្ពរដ៏ទាក់ទាញ ដោយផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយចង្កៀង Daytime running light រចនាបែបស្លីម រំលេចជាមួយចង្កៀង LED បីគ្រាប់នៅខាងក្រោម និងចង្កៀង Forelight នៅខាងក្រោម ព្រមជាមួយផ្ទាំងសំណាញ់ប៉ាណាមុខរចនាបែបស្រកាត្រីដ៏ទាក់ទាញ។ Ford Mondeo Sport មានប្រវែងបណ្តោយ 4,920mm/ទទឹង 1,920mm និងកម្ពស់ 1,600mm។ រថយន្តស៊េរីថ្មីរបស់ Ford មួយនេះប្រើប្រាស់យ៉ានកង់ទំហំធំដល់ 20-inch ជាប្រភេទយ៉ាន់អាលុយមីញ៉ូមដែលមានការឌីស្សាញកាំឡើងបែប aerodynamic ជាមួយដៃទ្វារលាក់ចូលក្នុងហៅថា Flush door handle។
Ford Mondeo Sport បំពាក់នូវប្រព័ន្ធម៉ាស៊ីនសាំងប្រភេទ Hybrid ចំនុះ 2.0-liter ដំណើរការដោយប្រព័ន្ធ Turbocharged EcoBoost ដែលអាចផលិតកំលាំងបាន 212kW និងកំលាំងរមូល 320Nm គាំទ្រប្រព័ន្ធដំណើរការដោយម៉ូទ័រអគ្គិសនីមួយអាចផលិតកំលាំងបាន 140kW និងកំលាំងរមូល 320Nm។ បើសរុបកំលាំងម៉ាស៊ីន Hybrid រួមនិងម៉ូទ័រអគ្គិសនីចូលគ្នាអាចឲ្យ Mondeo Sport អាចផលិតកំលាំងបានដល់ 227kW។ ចំពោះកម្រិតស៊ីសាំងវិញ Ford Mondeo Sport ចំនាយអស់ខ្ទង់ 5.99L/100km។
រថយន្តស៊េរីថ្មីនេះបំពាក់នូវបច្ចេកវិទ្យាអេក្រង់ភ្លោះដោយក្នុងនោះសម្រាប់អេក្រង់កម្សាន្ត គឺមានទំហំធំដល់ទៅ 27-inch touchscreen និងអេក្រង់បង្ហាញព័ត៌មានរថយន្តនៅខាងក្រោយចង្កូតទំហំ 12.3-inch LCD Instrument panel។ បន្ថែមពីនេះវាក៏គាំទ្រជាមួយប្រព័ន្ធ 4G Connectivity សម្រាប់ធ្វើការភ្ជាប់ដើម្បីធ្វើបច្ចុប្បន្នភាពក្នុងរថយន្តថែមទៀតផង។
យ៉ាងណាមិញសម្រាប់តម្លៃ កាលបច្ឆេទចេញលក់ និងគុណសម្បត្តិលម្អិតមួយចំនួនទៀតរបស់ Ford Mondeo Sport ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។ ហើយបើតាមប្រភពក្រៅផ្លូវការណ៍មួយបានបង្ហើបថា Mondeo Sport គឺជាម៉ូដែលសម្រាប់ចេញលក់ផ្តាច់មុខតែនៅក្នុងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ៕