ក្រុមហ៊ុន Volkswagen បានចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ឧស្សាហកម្មផលិតរថយន្តដំណើរការដោយថាមពលអគ្គិសនី ជាមួយនឹងការចាប់ផ្តើមផលិតរថយន្តម៉ូដែល ID.7 ដែលជាប្រភេទ Electric Sedan ថ្មីទាំងអស់នៅរោងចក្រ Emden ក្នុងប្រទេសអាល្លឺម៉ង់។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដ៏សំខាន់មួយសម្រាប់ Volkswagen បន្ទាប់ពីមានឧបសគ្គមួយរយៈជាមួយតម្រូវការមិនគ្រប់គ្រាន់សម្រាប់ម៉ូដែល ID.4កាលពីដើមខែមិថុនាកន្លងទៅ។
ចំពោះការមកដល់របស់ ID.7 Electric Sedan គឺពិតជាមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ក្រុមហ៊ុនរថយន្តយក្សអាល្លឺម៉ង់មួយនេះ។ សម្រាប់សង្វាក់ផលិតកម្មរបស់រថយន្ត ID.7 គឺបានដំណើរការរួចទៅហើយ ប៉ុន្តែ ក្នុងទ្រង់ទ្រាយមធ្យមប៉ុណ្ណោះ ហើយក្រុមហ៊ុន Volkswagen មានក្តីរំពឹងទៅលើម៉ូដែល ID.7 រួមជាមួយនឹង ID.4 ដើម្បីបង្កើនតម្រូវការទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួន។ នៅខណៈពេលនេះ Volkswagen បាននឹងកំពុងដំណើរការទទួលយកការបញ្ជាទិញមុនសម្រាប់រថយន្តជំនាន់ថ្មីទាំងពីរនេះនៅក្នុងប្រទេសអាឡឺម៉ង់ចំនែកការចែកចាយទំនងជានឹងចាប់ផ្តើមនារដូវស្លឹកឈើជ្រុះនេះ។
Volkswagen ID.7 Electric Sedan ត្រូវបានផលិតឡើងដោយឈរលើគ្រោងឆ្អឹង MEB platform ជាមួយនឹងការបំពាក់មកជាមួយអាគុយអគ្គិសនីកំលាំង 77kWh ដែលតាមការបញ្ជាក់ពីធ្វើតេស្តដោយស្ថាប័ន European WLTP បានបញ្ជាក់ថា ID.7 EV Sedan គឺអាចបើកបរបានរយះចំងាយផ្លូវ 382 មាយល៍។ ទន្ទឹងនឹងនេះ ID.7 ក៏មានជម្រើសបំពាក់ថាមពលអាគុយអគ្គិសនីកំលាំង 86kWh មួយផ្សេងទៀតផងដែរ ដោយម៉ូដែលនេះអាចបើកបរបានចំងាយផ្លូវដល់ 435 មាយល៍ ដែលនេះ គឺបង្ហាញថា Volkswagen បានផ្តោតយកចិត្តខ្លាំងទៅលើប្រសិទ្ធិភាព និងការច្នៃប្រឌិតរថយន្តខ្ពស់។
ជាមួយគ្នានេះ Volkswagen ក៏បានប្រើប្រាស់ម៉ូទ័រអគ្គិសនីថ្មីប្រភេទ APP550 នៅលើ ID.7 ដែលអាចផ្តល់ប្រភពថាមពលអគ្គិសនីដល់ 210kW ធៀបនឹងម៉ូទ័រជំនាន់មុនដែលមានលទ្ធភាពធ្វើបានត្រឹម 150kW ប៉ុណ្ណោះ។ ជាងនេះទៅទៀត Volkswagen ID.7 Electric Sedan ក៏មានជម្រើសម៉ូដែលប្រើប្រាស់ប្រព័ន្ធបង្វិកកងទាំងបួន ឬ All-wheel-drive ថែមទៀតផង ដែលផ្តល់នូវបទពិសោធន៍បើកបរកាន់តែអស្ចារ្យ។ Volkswagen ត្រៀមចេញលក់ ID.7 ID.7 នៅទផ្សារអាមេរិកខាងជើងនាឆ្នាំ 2024 រួមជាមួយនឹងផលិតកម្មក្នុងស្រុកសម្រាប់ទីផ្សារប្រទេសចិនតាមរយៈការបណ្តាក់ទុនរួមគ្នា ដែលបង្ហាញពីមហិច្ឆតាជាសកលរបស់ Volkswagen ក្នុងទីផ្សាររថយន្តពិភពលោក។