GAC Aion ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដោយពាក់ស្លាកឈ្មោះ GAC និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំលំដាប់លេខ 3 របស់ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនដៃគូជាមួយ Toyota និង Honda ផងដែរនោះ បាននិយាយកាលពីពេលថ្មីៗនេះថា រថយន្តអគ្គិសនីម៉ូដែល Aion Y Plus របស់ខ្លួនចំនួន 100 គ្រឿងបាននាំចេញចូលទៅកាន់ទីផ្សារប្រទេសថៃ។ ជាមួយគ្នានេះក្រុមហ៊ុន GAC ក៏គ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់អាស៊ីអាគ្នេយ៍នៅប្រទេសថៃក្នុងឆ្នាំនេះ ខណៈខ្លួនកំពុងរៀបចំសាងសង់រោងចក្រក្នុងប្រទេសអាស៊ីមួយនេះផងដែរ។
ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិនដែលមានឈ្មោះពេញថា Guangzhou Automobile Group (GAC) បានចូលរួមជាមួយគូប្រជែងក្នុងស្រុករបស់ខ្លួនក្នុងការទាញយកតម្រូវការរបស់អ្នកប្រើប្រាស់រថយន្តនៅតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការដឹងជញ្ជូនរថយន្តអគ្គិសនីចំនួន 100 គ្រឿងចូលទៅកាន់ប្រទេសថៃ ដែលជាការកត់សម្គាល់ការនាំចេញទៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួនចូលទៅក្នុងទីផ្សារដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនជាប្រវត្តិសាស្ត្រ។
GAC Aion ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សម្ព័ន្ធក្រុមហ៊ុន GAC ដែលជាដៃគូរបស់ក្រុមហ៊ុន Toyota និង Honda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះថា រថយន្ត Aion Y Plus ចំនួន 100 គ្រឿង ដែលមានសង្កូតបើកបរផ្នែកស្តាំរបស់ខ្លួននឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសថៃ។ ក្រុមហ៊ុនបាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា “វាជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយសម្រាប់ GAC Aion នៅពេលដែលយើងនាំចេញយានយន្តរបស់យើងទៅកាន់ទីផ្សារក្រៅប្រទេសជាលើកដំបូង” ហើយ “យើងកំពុងបោះជំហានដំបូងក្នុងការធ្វើអាជីវកម្មនៃស្លាកយីហោរថយន្ត Aion ជាលក្ខណៈអន្តរជាតិ”។
GAC Aion បានបន្ថែមថា “ខ្លួននឹងបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេសថៃនៅឆ្នាំនេះ ខណៈដែលខ្លួនកំពុងរៀបចំសាងសង់រោងចក្រនៅក្នុងប្រទេសនេះ ដើម្បីបម្រើទីផ្សារដែលរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2023 រថយន្ត EV ជាង 31,000 ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសថៃ ដែលជាតួរលេខច្រើនជាងបីដងនៃចំនួនសរុបទាំងអស់ក្នុងឆ្នាំ 2022 នេះបើតាមរបាយការណ៍ Reuters ដែលបានដកស្រង់ទិន្នន័យពីរដ្ឋាភិបាលក្នុងប្រទេសថៃ។
Aion គឺជាម៉ាកយីហោអគ្គីសនីធំជាងគេទី 3 សម្រាប់ការលក់នៅក្នុងទីផ្សារប្រទេសចិនដីគោក ដែលតាមពីក្រោយ BYD, Hozon New Energy Automobile និង Great Wall Motor ដែលផលិតរថយន្តទាំងអស់នៅអាស៊ីអាគ្នេយ៍។ នៅប្រទេសចិនដីគោក ក្រុមហ៊ុន GAC Aion បានតាមពីក្រោយតែ BYD និង Tesla ប៉ុណ្ណោះ សម្រាប់ការលក់រថយន្តនៅចន្លោះខែមករា ដល់ខែកក្កដា ដោយក្រុមហ៊ុនេះបានចែកចាយរថយន្តអគ្គិសនីដល់អតិថិជនបានចំនួន 256,361 គ្រឿង ពោល គឺមានការកើនឡើងជិតទ្វេដងពីចំនួន 127,885 គ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន ហៅថា “China Passenger Car Association”៕