ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ចិន BYD បានចេញសេចក្តីរាយការណ៍ស្តីពីលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាពាក់កណ្តាលឆ្នាំ 2023។ ទីផ្សារភាគហ៊ុនរបស់ BYD បានកើនឡើងជាមួយកំណើននៃប្រាក់ចំណេញរបស់ក្រុមហ៊ុនទទួលបានប្រមាន 204.68% នៅក្នុងឆមាសទី1 ក្នុងឆ្នាំ 2023។
តាមរបាយការណ៍របស់ BYD បានបង្ហាញថា ប្រាក់ចំណេញសុទ្ធដែលក្រុមហ៊ុនទទួលបាន គឺមានចំនួន 10.95 ពាន់លានយ័ន ឬស្មើរនឹង 1.50 ពាន់លានដុល្លារ កើនឡើងខ្ពស់ធៀបនឹងប្រាក់ចំណេញសុទ្ធក្នុងរយះពេលដូចគ្នាកាលពីឆ្នាំ 2022 ដែលមានចំនួន 3.6 ពាន់លានយ័ន ឬស្មើរនឹង 494.13 លានដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តចិនដ៏មានឥទ្ធិពលនេះ បានឆ្លើយតបជាវិជ្ជមានចំពោះរបាយការណ៍នៃការកើនឡើង 5% នៅក្នុងផ្សារហ៊ុនរបស់ប្រទេសចិន។
កិច្ចប្រតិបត្តិការដ៏មានសក្តានុពលរបស់ BYD នៅក្នុងឆមាសទី 1 ក្នុងឆ្នាំ 2023 គឺបានជំរុញជាចម្បងដោយបានបំបែកកំណត់ត្រាថ្មីជាមួយនិងស្ថាបត្យកម្មទីផ្សារដែលពង្រីកយ៉ាងឆាប់រហ័ស។ ភាគហ៊ុនរបស់ BYD ដែលបានចុះបញ្ជីនៅទីក្រុងហុងកុងបានកើនឡើង 5.6% ខណៈដែលភាគហ៊ុននៅទីក្រុង Shenzhen បានកើនឡើង 4.75% ។ ហើយនៅក្នុងឯកសារភាគហ៊ុនមួយផ្សេងទៀតរបស់ BYD បានសន្មត់ថា ដំណើរការដែលទទួលបានការចាប់អារម្មណ៍របស់ខ្លួនចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងអាជីវកម្មរថយន្តថាមពលថ្មី ឬ New Energy Vehicles។ ប្រាក់ចំណូលរបស់ BYD នៅក្នុងឆមាសទី 1 នៃឆ្នាំ 2023 បានកើនឡើង 72.72% ធៀបនឹងឆមាសទី 1 ក្នុងឆ្នាំ 2022។ រីឯប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននៅក្នុងឆមាសទីមួយនៃឆ្នាំនេះគឺកើនឡើង 18% ផងដែរ ធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ 2022។
BYD នៅតែរក្សាដំណែងទីផ្សារជាម៉ាករថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ប្រទេសចិន។ ក្រុមហ៊ុននេះបានលក់រថយន្តដឹកអ្នកដំណើរនៅក្នុងត្រីមាសទីពីរបានចំនួន 700,244 គ្រឿង កើនឡើង 98% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ YoY។ ចំនួននៃការលក់រថយន្តរបស់ BYD គឺខ្ពស់ជាងក្រុមហ៊ុន Tesla ដែលលក់បានចំនួន 466,140 គ្រឿង។ BYD បន្តរីកចម្រើនខ្លាំអនៅក្នុងទីផ្សាររថយន្ត EV ខណៈដែលគោលដៅរបស់ក្រុមហ៊ុន Tesla គឺជាផ្នែកទៅលើការផលិតរថយន្តអគ្គិសនីបែបប្រណីត។ ភាពខុសគ្នានៃតម្លៃនឹងបន្តជំរុញការលក់សម្រាប់ BYD នៅពេលដែលក្រុមហ៊ុនបានពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើន។
ទោះបីជា BYD រក្សាបានតំណែងជាក្រុមហ៊ុនកំពូលនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិនក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុននេះ នៅមានដៃគូប្រកួតប្រជែងខ្លាំងរួមស្រុកមួយចំនួនដូចជា Nio និង Xpeng ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតរបស់ចិនផងដែរ៕