យើងដឹងរួចហើយថា Tesla គឺក្រុមហ៊ុនដែលមានសក្តានុពលខ្លាំងបំផុតនៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) ក្រុមហ៊ុនរបស់មហាសេដ្ឋីផុតលេខរបស់ពិភពលោក Elon Mask មួយនេះ បាននឹងកំពុងប្រឹងប្រែងបន្ថែមទៀតដើម្បីឱ្យកាន់តែលេចធ្លោក្នុងឧស្សាហកម្មមួយនេះ។ ជាការពិតណាស់ភាពល្បីល្បាញ និងបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់រថយន្តរបស់ Tesla ពីលើភាពប្រណិត និងទំនើបបំផុតនោះ គឺប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិដែលមានឈ្មោះថា Auto Pilot តែម្តង។
បើទោះបីជាទទួលបានភាពជោគជ័យខ្លាំងនៅក្នុងបច្ចេកវិទ្យារថយន្តដ៏ទំនើបមួយនេះក្តី ក៏ Tesla នៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍន៍សមត្ថភាព និងប្រសិទ្ធិភាពលើប្រព័ន្ធ Auto Pilot របស់ខ្លួនផងដែរ។ ហើយថ្មីៗនេះ បើតាមរបាយការណ៍មួយបានបង្ហើបថា Tesla អាចនឹងចាប់ដៃគូសហការជាមួយ Samsung Electronics ដើម្បីប្រមូលផ្តុំបន្ទះឈីបកម្រិតខ្ពស់បន្ថែមទៀតសម្រាប់មុខងារ Auto Pilot សម្រាប់ប្រើនៅលើរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ខ្លួន។
យោងតាមរបាយការណ៍ថ្មីៗនេះចេញពី Business Korea បាននិយាយថា Samsung ត្រូវបានគេរាយការណ៍ថា បានក្លាយជាអ្នកផ្តល់សេវាចម្បងរបស Tesla សម្រាប់បន្ទះឈីបរថយន្តបើកបរដោយខ្លួនឯង “Autonomous Driving Chip” ជំនាន់ទី 5 ឬ HW 5.0។ បន្ទះឈីបកម្រិតខ្ពស់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ប្រព័ន្ធដំណើរការស្តង់ 4nm ដ៏ទំនើប។ បន្ទះឈីប Full Self-Driving ឬ FSD Chip របស់ក្រុមហ៊ុន Tesla ពីមុនត្រូវបានផលិតឡើងដោយប្រើស្ថាបត្យកម្មផលិតខ្នាត 14nm របស់ Samsung។ ហើយគោលដៅរបស់ស្ថាបនិក Tesla លោក Elon Musk ក្នុងការសម្រេចបាននូវរថយន្តស្វ័យភាពពេញលេញ ទាំង Samsung និង TSMC កំពុងត្រូវបានចាត់ទុកថា ជាគូប្រជែងដ៏រឹងមាំសម្រាប់ភាពជាដៃគូរបស់ក្រុមហ៊ុននេះ។
កាលពីដើមឆ្នាំនេះ ព័ត៌មានបានលេចចេញនៅលើប្រព័ន្ធអនឡាញអំពីកិច្ចប្រជុំដែលពាក់ព័ន្ធនឹង Elon Musk របស់ក្រុមហ៊ុន Tesla និង Lee Jae-yong របស់ក្រុមហ៊ុន Samsung។ គេសន្និដ្ឋានថា ជំនួបនេះ គឺមានគោលបំណងស្វែងយល់ពីកិច្ចសហការដ៏មានសក្តានុពលរវាងក្រុមហ៊ុនទាំងពីរ។ បច្ចេកវិទ្យាបើកបរដោយខ្លួនឯង និងបន្ទះឈីប semiconductor ត្រូវបានគេគិតថាជាចំណាប់អារម្មណ៍ចម្បងសម្រាប់ការសហការនេះ។ ដូចដែលយើងបានដឹងហើយថា Samsung កាន់តំណែងល្បីល្បាញទូទាំងពិភពលោកក្នុងនាមជាអ្នកផលិតគ្រឿងបង្គុំអេឡិចត្រូនិកដ៏មានសក្តានុពលបំផុត។ ម្ល៉ោះហើយ Tesla បាននឹងកំពុងព្យាយាមយកក្រុមហ៊ុន Samsung ដើម្បីសហការនៅលើគម្រោងនៃបន្ទះឈីបបើកបរដោយស្វ័យប្រវត្តិសម្រាប់អនាគតរថយន្តអគ្គិសនីរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានបាននិយាយថា Tesla មានគម្រោងក្នុងកាតនាំចូលរថយន្តរបស់ខ្លួន ឬក៏បង្កើតរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរ ហើយរដ្ឋាភិបាលប្រទេសនេះ ក៏កំពុងធ្វើការពិចារណាក្នុងការទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុនផលិតដែលសហការជាមួយក្រុមហ៊ុនក្នុងស្រុកថែមទៀតផង៕