BMW បានកំពុងបង្កើនល្បឿងរបស់ខ្លួនក្នុងការប្រគូតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) ដោយក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិតរបស់អាល្លឺម៉ង់មួយនេះបានធ្វើការដោយផ្តោតលើការផលិតប្រកបដោយនិរន្តរភាព និងការបង្កើតការងារថ្មី។ ហើយនៅពេលថ្មីៗនេះ ក្រុមហ៊ុន BMW បានចាប់ផ្ដើមការស្ថាបនាសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីមួយនៅក្នុងបរិវេណតំបន់ឧស្សាហកម្ម Leipzig ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយការពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទាំងឧស្សាហកម្មរថយន្តអគ្គិសនី និងការទទួលខុសត្រូវខាងផ្នែកបរិស្ថានថែមទៀតផង។
រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីនេះនឹងមានសារៈសំខាន់សម្រាប់ការផលិតរថយន្តស៊េរីថ្មីម៉ូដែល Mini Countryman របស់ BMW ដែលនឹងបង្ហាញវត្តមានលើទីផ្សារនាពេលខាងមុខ។ ផ្នែកដំបូលនៃអាគាររោងចក្រថ្មីនេះ BMW បានធ្វើការបំពាក់ដោយប្រព័ន្ធកញ្ចក់ស្រូបពន្លឺព្រះអាទិត្យ (Solar) ដែលអាចផលិតកំលាំងអគ្គិសនីបានជាង 3,000 គីឡូវ៉ាត់ បន្ថែមពីនេះ BMW ក៏មានគម្រោងដាំដើមឈើ និងដើមឈើថ្មីជាង 5,700 ដើមផងដែរ ក្នុងគោលបំណង គឺដើម្បីរក្សាកម្រិតកាបូនឱ្យស្ថិតនៅកម្រិតទាបបំផុត ដោយស្របតាមគោលដៅនិរន្តរភាពបរិស្ថានដ៏ទូលំទូលាយរបស់ BMW។
បន្ថែមពីនេះកំណើនការងារ គឺជាចំណុចសំខាន់មួយទៀតដែល BMW បានគិតគួរផងដែរ។ នៅពេលការរៀបចំដំឡើងឧបករណ៍នៅក្នុងរោងចក្រថ្មីនេះដំណើរការពេញលេញ គឺអាចនឹងផ្តល់នូវការងារថ្មីនៅក្នុងតំបន់ Leipzig បានប្រហែល 500 នាក់ ដែលផ្តល់នូវការជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចក្នុងតំបន់នេះ។
ការរៀបចំដំឡើងគ្រឿងបរិក្ខារនៅក្នុងរោងចក្រផលិតអាគុយអគ្គិសនីថ្មីនេះនេះ គ្រោងនឹងបញ្ចប់ដោយផ្នែកនៅពាក់កណ្តាលឆ្នាំ 2024 ហើយនឹងផ្តល់នូវថាមពលអាគុយអគ្គិសនីដែលមានកម្រិតតង់ស្យុង (Volt) កម្រិតខ្ពស់សម្រាប់បំពាក់នៅលើម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ BMW ដែលនឹងមកដល់នាពេលខាងមុខ។ គំនិតផ្តួចផ្តើមក្នុងការស្ថាបនាសាងសង់រោងចក្រថ្មីនេះ គឺជាផ្នែកមួយនៃផែនការមហិច្ឆតារបស់ BMW ក្នុងការប្រែក្លាយឧស្សាហកម្មរថយន្តរបស់ខ្លួនមួយភាគបីសម្រាប់ឧស្សាហកម្មផលិតរថយន្តដើរដោយថាមពលអគ្គិសនីបានពេញលេញនៅឆ្នាំ 2026៕