ការហក់ចូលប្រឡូកក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីរបស់ Xiaomi កំពុងតែដំណើរការឆ្ពោះទៅមុខ បើទោះបីជាមានបញ្ហាប្រឈមក្នុងទីផ្សាររថយន្តដ៏ធំក៏ដោយ។ ហើយការចូលទៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញមួយនេះ នឹងមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតដែលបានបង្កើតឡើង។ ដោយក្នុងនោះមានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Sony ក៏កំពុងស្វែងរកការផលិតរថយន្តផងដែរ ដោយ Sony ថែមទាំងបង្ហាញគំរូរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមហ៊ុន Honda រួចហើយដែរ។
យោងតាមរបាយការណ៍របស់ First Financial Daily បានឲ្យដឹងថា ការសាងសង់រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Xiaomi បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី 1 សាងសង់នៅលើផ្ទៃដីទំហំ 720,000 ម៉ែត្រការ៉េ ដោយបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ 2022 ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ 2023។ ចំនែកដំណាក់កាលទី 2 គ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2024 ដល់ 2025។ រោងចក្រមួយនឹងមានអគារចំនួន 4 និងកន្លែងសាកល្បងដ៏ទំនើប ដោយកំណត់គោលដៅក្នុងការផលិតរថយន្តប្រចាំឆ្នាំចំនួន 150,000 គ្រឿង។ គួរកត់សម្គាល់ថារោងចក្របានឆ្លងកាត់ការត្រួតពិនិត្យកាលពីថ្ងៃទី 12 ខែមិថុនា។ រថយន្តអគ្គិសនីរបស់ Xiaomi ត្រូវបានគេប្រទះឃើញ បាននឹងកំពុងឆ្លងកាត់ការធ្វើតេស្តជាច្រើនដងក្នុងលក្ខខណ្ឌអាកាសធាតុចម្រុះនាពេលកន្លងមក។
រោងចក្រផលិតរថយន្តរបស់ Xiaomi ត្រូវបានសាងសង់ឡើងដែលមានទីតាំងស្ថិតនៅសង្កាត់ Yizhuang ក្នុងទីក្រុងប៉េកាំង ដែលជាតំបន់មិនទាន់អភិវឌ្ឍ និងមានព្រំប្រទល់ជាប់នឹងសួនការិយាល័យ Beijing Fangxindian។ រោងចក្រនេះលាតសន្ធឹងពីផ្លូវ Tongyi ទៅផ្លូវ Huanjing West First Road និងពី Jingsheng South Fourth Street ដល់ Yitong Street។ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi បានដាក់ក្តីរំពឹងខ្ពស់ថា រោងចក្រផលិតរថយន្តដំណាក់កាលដំបូងរបស់ខ្លួននឹងមានលទ្ធភាពក្នុងការផលិតកម្មពេញលេញដំបូងបាននៅដើមឆ្នាំ 2024។ លោក Jun បានបញ្ជាក់ទៀតថា Xiaomi នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលទាំង 5 របស់ពិភពលោក។
យោងទៅលើលទ្ធផលហិរញ្ញវត្ថុរបស់ Xiaomi នៅត្រីមាសទី 2 ឆ្នាំ 2023 បានឆ្លុះបញ្ចាំងពីទស្សនវិស័យវិជ្ជមាន ដោយក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលប្រចាំត្រីមាសចំនួន 67.4 ពាន់លានយ័ន ឬប្រហែល 9.4 ពាន់លានដុល្លារ និងកើនឡើង 13% បើធៀបនឹងត្រីមាសមុន។ សម្រាប់ប្រាក់ចំណេញសុទ្ធក៏មានការកើនឡើងគួរសម្គាល់ផងដែរគឺ 147% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសរុបជាទឹកប្រាក់សុទ្ធមានចំនួន 5.1 ពាន់លានយ័ន ឬប្រមាណជា 714 លានដុល្លារអាមេរិក ដែលលើសពីការរំពឹងទុក។ ការវិនិយោគរបស់ Xiaomi ជាពិសេសក្នុងវិស័យដូចជាយានជំនិះអគ្គិសនី ក៏មានការកើនឡើងផងដែរ ដោយឈានដល់ 1.4 ពាន់លានយ័ន ឬប្រហែល 196 លានដុល្លារអាមេរិកជាមួយនឹងផែនការចេញលក់រថយន្តអគ្គិសនីប្រមាណ 100,000 គ្រឿងនៅឆ្នាំ 2024។
លោក Lu Weibing ប្រធានក្រុមហ៊ុន Xiaomi Group បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះវិស័យរថយន្ត ដោយបង្ហាញពីចេតនាក្នុងការបង្កើនការវិនិយោគសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ឲ្យបានកាន់តែទូលំទូលាយ។ គោលដៅចម្បងរបស់ Xiaomi គឺចង់ឈរបានកន្លែងមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅលើពិភពលោក ដោយយបានប្តេជ្ញាបង្កើតរោងចក្រផលិតរថយន្តផ្ទាល់ខ្លួន ដោយមិនពឹងទៅលើក្រុមហ៊ុនផ្សេង៕