ក្រុមហ៊ុនផលិតរថយន្តឈានមុខគេក្នុងប្រទេសចិន និងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីនាំមុខគេក្នុងពិភពលោក BYD បានបន្តពង្រីកស្រឡាយម៉ាករថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀត។ ដោយថ្មីៗនេះ BYD ទើបតែនាំយករថយន្តអគ្គិសនីម៉ូដែល Dolphin របស់ខ្លួនចូលទៅប្រកាសចេញលក់នៅទីផ្សារប្រទេសចិន ដើម្បីបង្ហាញពីការរីកចម្រើនរបស់ខ្លួនពីទីផ្សារប្រទេសចិន ទៅកាន់ទីផ្សារផ្សេងៗទៀត។ ហើយនៅក្នុងពេលនេះ BYD បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីមួយទៀតក្នុងប្រទេសចិនម៉ូដែល BYD Yuan Plus Champion Edition ដែលត្រូវបានគេដឹងថាជាម៉ូដែល Atto 3 សម្រាប់ទីផ្សារសកល។
រថយន្តអគ្គិសនីម៉ូដែលថ្មីត្រូវបានគេដឹងបានធ្វើកំនែថ្មីចេញពីម៉ូដែល BYD Yuan Plus Electric SUV។ សម្រាប់ការឌីស្សាញរបស់ Yuan Plus Champion Edition គឺរក្សាទំហំធំទូលាយដូចម៉ូដែលស្តង់ដារដដែល ប៉ុន្តែ BYD បានផ្តល់ជូនជម្រើសពណ៌ចំនួនពីរ គឺ ពណ៌ខៀវហៅថា Oxygen Blue និងពណ៌ស្វាយស្រស់ Rhythmic Purple ជាមួយការលម្អផ្នែកខាងក្នុងជាមួយភ្លើងពណ៌យ៉ាងប្រណិតដែលមានជម្រើសភ្លើងពីរពណ៌ Two-tone colors។ ជាមួយគ្នានេះ BYD ក៏បានធ្វើការបង្កើននូវលក្ខណៈបច្ចេកទេស និងបច្ចេកវិទ្យាថ្មីមួយចំនួនផងដែរ ដូចជាការបំពាក់នូវអេក្រង់នៅកណ្តាល Central Control Screen ដែលមានទំហំ 15.6-inch, ប្រព័ន្ធ DiLink 4.0 (4G) សម្រាប់ការតភ្ជាប់ប្រព័ន្ធបណ្តាញ និងប្រព័ន្ធមុខងារថ្មី 3D transparent panoramic image ជាដើម។
BYD Yuan Plus Champion Edition ក៏បានបំពាក់កៅអីខាងមុខដែលមានមុខងារក្តៅត្រជាក់ កញ្ចក់ឯកជនភាព (rear door and rear door) និងប្រព័ន្ធបិត និងបើកឆ្លាតវៃថែមទៀតផង។ រថយន្តអគ្គិសនីម៉ូដែលថ្មីនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីផ្នែកខាងមុខ front-mounted permanent magnet synchronous motor ដែលអាចផលិតថាមពលបាន 150kW និងកំលាំងរមូល 310Nm ដែលជាន់វ៉ាត់កង់ទ័រពី 0 ទៅ 100km ចាយពេលប្រមាណ 7.3 វិនាទី។ Yuan Plus Champion Edition ត្រូវបាន BYD ផ្តល់ជូននូវជម្រើសអាគុយអគ្គិសនីចំនួនពីរទំហំផ្សេងគ្នា គឺទំហំ 49.92kWh និង 60.48kWh ដែលមានសមត្ថភាពរបើកបរបានចំងាយផ្លូវ 430km និង 510km។
BYD Yuan Plus Champion Edition មានតម្លៃចាប់ពីខ្ទង់ 135,800 យ័ន ឬប្រហែល $20,000 ឡើងទៅជាមួយជម្រើស Option ចំនួន 5 ផ្សេងគ្នា គឺ BYD Yuan Plus Champion Edition 430 Km Leading, 430 Km Exceeding, 510 Km Leading, 510 Km Exceeding, និង 510 Km Premium។ Yuan Plus Champion Edition គឺជារថយន្តដំបូងគេក្នុងស៊េរី Champion Edition ថ្មីរបស់ BYD ដែលនឹងត្រូវផ្តោតលើទីផ្សាររថយន្តអគ្គិសនីកម្រិតខ្ពស់។ ហើយ Yuan Plus Champion Edition ក៏ជាគូប្រជែងដ៏ខ្លាំងមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនី SUV ខ្នាតតូចផងដែរ ហើយរថយន្តម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានភាពពេញនិយមនិងគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសចិន និងទីផ្សារផ្សេងៗទៀតថែមទៀតផង៕