ស្លាកយីយោរថយន្តប្រណិត Yangwang ដែលស្ថិតនៅក្រោមដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខងាររបស់ប្រទេសចិន BYD បានត្រៀមខ្លួនក្នុងការប្រកាសចេញរថយន្តអគ្គិសនីដែលជាប្រភេទ Luxury EREV ដំបូងរបស់ខ្លួនម៉ូដែល Yangwang U8 នៅថ្ងៃទី 20 ក្នុងខែសីហា សប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់នៅលើគណនី Weibo របស់ក្រុមហ៊ុនផ្ទាល់។
សូមរំលឹកថា Yangwang U8 បានបង្ហាញវត្តមានសម្រាប់ការ Pre-Sales លើកដំបូងកាលពីថ្ងៃទី 18 ក្នុងខែមេសា នៅក្នុងពឹ្រត្តិការណ៍ Shanghai Auto Show។ ដែលកាលនោះរថយន្តអគ្គិសនី SUV ដ៏ទំនើបនេះ ត្រូវបានក្រុមហ៊ុនដាក់តម្លៃលក់ខ្ទង់ជាង $150,000។ BYD Yangwang U8 នឹងផ្តល់ជូនជម្រើសចំនួនពីរ គឺ Premium Edition និង Off-road Master Edition ហើយតម្លៃទាំងពីរជម្រើសម៉ូដែលគឺប្រហាក់ប្រហែលគ្នា។ សម្រាប់ម៉ូដែល Premium Edition គឺមានការរៀបចំតុបតែងផ្នែកខាងក្នុងដ៏ប្រណិត ខណៈម៉ូដែល Off-road Master Edition បានយកចិត្តទុកដាក់ទៅលើការបំពាក់នូវប្រព័ន្ធបញ្ជាមុខងារដ៏សម្បូរបែបសម្រាប់ការផ្លាស់ប្តូរក្នុងស្ថានភាពបើកបរលើផ្លូវ Off-road។
សម្រាប់កំលាំងរបស់ BYD Yangwang U8 គឺបានបំពាក់ថាមពលអាគុយអគ្គិសនី រួមនឹងម៉ូទ័រអគ្គិសនីដែលមានសមត្ថភាពអាចបង្កើតកំលាំងបានរហូតដល់ 1,100 horsepower ដែលជាន់ស្ទុះពីកុងទ័រ 0 ដល់ 100km/h ចាយពេល 3.6 វិនាទី។ បើតាមការបញ្ជាក់ពីស្ថាប័ន CLTC បានឲ្យដឹងថា ថាមពលអាគុយរបស់ Yangwang U8 សាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវត្រឹម 180km តែប៉ុណ្ណោះជាមួយ EV Mode ប៉ុន្តែ កុំបារម្មព្រោះ Yangwang U8 បានបំពាក់នូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតដែលសាកអាគុយពី 30% ឡើង 80% ប្រើពេលប្រមាណតែ 18 នាទីប៉ុណ្ណោះ។
យ៉ាងណាមិញបើតាមការបញ្ជាក់ពី Yangwang ផ្ទាល់សមត្ថភាពរបស់ U8 អាចបើកបរបានចំងាយផ្លូវ 1,000km។ BYD Yangwang U8 មានប្រវែងខ្លួន 5,319mm, ទទឹងខ្លួន 2,050mm, កម្ពស់ 1,930mm និងប្រវែងកង់ខាងមុខទៅកង់ក្រោយ 3,050mm។ ដោយឡែកសម្រាប់លក្ខណៈសម្បត្តិសម្អិតផ្សេងទៀតរបស់ Yangwang U8 យើងនឹងបានដឹងនៅថ្ងៃប្រកាសបង្ហាញផ្លូវការណ៍នៅសប្តាហ៍ក្រោយនេះ៕