Kia Motors ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់កូរ៉េខាងត្បូង កំពុងទទួលបានភាពជោគជ័យខ្លាំងនៅក្នុងទីផ្សាររថយន្តពិភពលោក។ កាលពីខែសីហា កន្លងទៅថ្មីៗនេះ Kia លក់រថយន្តបានចំនួន 225,481 គ្រឿង មានកំណើន 5.2% បើធៀបនឹងឆ្នាំមុន។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការលក់រថយន្តរបស់ Kia បានកើនឡើង 8.9% ដែលសរុបរថយន្តដែលលក់បានគឺមានចំនួន 2,092,200 គ្រឿង។
ជាមួយគ្នានេះ សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ Kia Motors ឃើញថា មានកំណើនខ្លាំងគួរឲ្យកត់សំគាល់ផងដែរ ដោយកាលពីអំឡុងខែសីហាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានចំនួន 15,900 គ្រឿង កើនឡើងប្រមាណ 82% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយក្នុងនោះសន្ទុះនៃការគាំទ្ររថយន្តអគ្គិសនីម៉ូដែលថ្មី គឺ Kia EV6 និង EV9 ក៏មានចំនួនច្រើនផងដែរ ដោយមួយខែសីហា ក្រុមហ៊ុនលក់ម៉ូដែលទាំងពីរនេះបានចំនួន 9,578 គ្រឿង។
សម្រាប់ម៉ូដែល Kia EV9 ទទួលបានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារសកល ដោយការនាំចេញទ្រង់ទ្រាយធំលើកដំបូងសម្រាប់ម៉ូដែលនេះ គឺមានចំនួន 2,250 គ្រឿង។ ហើយការនាំចេញ EV9 ភាគច្រើន គឺនៅលើទីផ្សារសកល ដោយសារតែ Kia កំពុងផ្តោតសំខាន់ក្នុងការបង្កើនចំនែកទីផ្សាររថយន្តអគ្គិសនីនៅលើទីផ្សារសកលជាងទីផ្សារក្នុងស្រុក (កូរ៉េខាងត្បូង)។ នៅក្នុងតារាងលក់រាយនៅទីផ្សារក្រៅប្រទេសកូរ៉េខាងត្បូង ម៉ូដែល Kia EV6 កំពុងនាំមុខគេជាមួយនឹងការលក់បានចំនួន7,479 គ្រឿង រាប់បញ្ចូលទាំងចំនួន 2,449 គ្រឿងដែលបានលក់នៅសហរដ្ឋអាមេរិកផងដែរ។
សម្រាប់រថយន្តអគ្គិសនីក្រុមហ៊ុនផ្សេងទៀតដូចជា Niro EV និង Soul EV ក៏មានដំណើរការល្អផងដែរ ដែលរួមចំណែកក្នុងការលក់រាយសរុបបានជាង 7,000 គ្រឿងនៅក្រៅទីផ្សារប្រទេសកូរ៉េខាងត្បូង។ បើតាមតួរលេខបានបង្ហាញថា ត្រកូលអគ្គិសនីរបស់ក្រុមហ៊ុន Kia ទំនងជានឹងលើសពីមធ្យមភាគប្រចាំខែបច្ចុប្បន្ន ដែលអាចឈានដល់ 10,000 គ្រឿងក្នុងពេលឆាប់ៗនេះ ជាពិសេសជាមួយនឹងការឆ្លើយតបទីផ្សារវិជ្ជមានចំពោះម៉ូដែលថ្មី Kia EV9 ដែលកំពុងមានប្រជាប្រិយភាព៕