ទីផ្សាររថយន្តអគ្គិសនីបច្ចុប្បន្នឃើញថា មានសន្ទុះកើនឡើងជាខ្លាំង នោះក៏ដោយសារការចំនាយក្នុងការថែទាំ និងការសាកថ្មបានជួយក្នុងការកាត់បន្ថយការចំនាយបានច្រើនជាងរថយន្តដែលប្រើប្រេងឥន្ធនៈ។ ហើយសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោកបាននឹងកំពុងធ្វើការពិចារណាក្នុងការនាំចូល និងចែកចាយរថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈក្នុងប្រទេសរបស់ខ្លួន ដែលធ្វើឲ្យទីផ្សាររថយន្តអគ្គិសនីកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ។
ជាមួយគ្នានេះ យើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនមួយចំនួនបានចាប់អារម្មណ៍ក្នុងការចូលប្រឡូកក្នុងទីផ្សារមួយនេះផងដែរ តួរយ៉ាងដូចជា Huawei និង Xiaomi ជាដើម ហើយ Xiaomi ត្រូវបានគេដឹងថា នឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈ Huawei បានសហការជាមួយក្រុមហ៊ុនផលិតរថយន្តល្បីៗក្នុងការប្រទេសចិនក្នុងការប្រកាសចេញរថយន្តរបស់ខ្លួនមកលើទីផ្សារបានជាច្រើនម៉ូដែលរួចហើយក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទន្ទឹងនឹងនេះក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់អាមេរិក គឺ Apple ត្រូវបានគេដឹងដែរថា បានកំពុងធ្វើការក្នុងគម្រោងដ៏ធំមួយដែលមានឈ្មោះថា Titan Project ឬ Apple Car Project ដែលជាគម្រោងការអភិវឌ្ឍន៍ និងផលិតរថយន្តអគ្គិសនី Apple Car។ ទោះជាយ៉ាងណា គម្រោងការដ៏ធំមហិមារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃខ្លួនទ្រីលានដុល្លាររបស់ Cupertino មួយនេះ ត្រូវបានគេដឹងថា បានចាប់ផ្តើមដំណើរការជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ មួយរយះពេលចុងក្រោយនេះ គម្រោង Apple Car Project បាននឹងកំពុងជូបប្រទះបញ្ហាជាច្រើន ដែលធ្វើឲ្យដំណើរការគម្រោងការនេះមិនមានភាពរលូននោះទេ។ ដោយបញ្ហាទាំងនោះមានដូចជា បញ្ហាទៅលើប្រព័ន្ធបច្ចេកវិទ្យារថយន្ត ការផ្លាស់ប្តូរសមាសភាពនៃអ្នកដឹកនាំគម្រោង និងការចំណាយទុនវិនិយោគមានការកើនឡើងខ្ពស់ជាងដើម។
សម្រាប់បញ្ហានៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា Self-driving របស់ Apple ត្រូវបានគេរាយការណ៍ថាកំពុងមានបញ្ហាមួយចំនួន ដែលតម្រូវឲ្យការកែសម្រួលថ្មីដើម្បីមានប្រសិទិ្ធភាពក្នុងការប្រើប្រាស់ ហើយការផ្លាស់ប្តូរថ្នាក់ដឹកនាំគម្រោងដ៏ល្បីជាច្រើននាក់ក្នុងរយះពេលប៉ុន្មានឆ្នាំនេះ ក៏បង្ករឲ្យគ្មានស្ថិរភាព និងផលប៉ះពាល់ធំដល់ដំណើរការនៃគម្រោងផងដែរ។ បើតាមលោក Ming Chi-Kuo ដែលជាអ្នកវិភាគឯករាជ្យដ៏ល្បីល្បាញលើផលិតផលអនាគតរបស់ Apple បានលើកឡើងថា ប្រសិនបើ Apple ធ្វើការចចារទិញយកក្រុមហ៊ុនណាមួយដែលមានជំនាញខាងផ្នែករថយន្តមកធ្វើការដឹកនាំគម្រោងរបស់ខ្លួនផ្ទាល់ នោះគម្រោងក្នុងការផលិតរថយន្តរបស់ក្រុមហ៊ុននេះនឹងទទួលបានភាពជោគជ័យក្នុងរយះពេលយ៉ាងខ្លី។
យ៉ាងណាមិញលោក Kuo បានសង្កត់ធ្ងន់ថា ទោះបីជា Apple កំពុងប្រឈមនឹងបញ្ហាជាច្រើនក៏ដោយ ក៏មិនមានន័យថា Apple លប់ចោលគម្រោង Titan Project ឬ Apple Car Project របស់ខ្លួននោះទេ។ អ្នកវិភាគល្បីឈ្មោះរូបនេះ បាននិយាយទៀតថា Apple មិនផ្តោតទៅលើបរិមាណផលិតកម្មរថយន្តនោះទេ ប៉ុន្តែ ក្រុមហ៊ុននេះផ្តោតទៅលើភាពប្រណិតឥតខ្ចោះនៃរថយន្ត និងបច្ចេកវិទ្យាច្រើនជាង។ លោក Ming Chi-Kuo បានព្យាករណ៍ថា Apple Car អាចនឹងបង្ហាញវត្តមានសម្រាប់ដំណាក់កាលសាកល្បងដំបូងក្នុងឆ្នាំ 2025 ហើយអាចនឹងរួចរាល់សម្រាប់ការចេញលក់ផ្លូវការណ៍នៅក្នុងឆ្នាំ 2026៕