រថយន្តអគ្គិសនីដំបូងចេញពីក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ម៉ូដែល SU7 បានបង្ហាញរូបរាងពិតប្រាកដជាផ្លូវការណ៍ហើយកាលពីសប្តាហ៍មុន តាមរយះស្ថាប័ន Ministry of Industry and Information Technology ហៅកាត់ថា MIIT របស់ប្រទេសចិន។ ដោយឡែកនៅពេលនេះ ក៏មានការទម្លាយវីដេអូពីការបើកបរលើកដំបូងរបស់ Xiaomi SU7 នៅលើដងវិថីមួយក្នុងប្រទេសចិន។
រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលមួយនេះ ត្រូវបានគេរំពឹងថា នឹងធ្វើការបង្ហាញវត្តមានផ្លូវការណ៍ក្នុងត្រីមាសដំបូងនាឆ្នាំ 2024 ខាងមុខនេះ។ រថយន្តអគ្គិសនី Sedan ដំបូងរបស់ Xiaomi នឹងមានតម្លៃចាប់ពីខ្ទង់ជាង $40,000 ឡើងទៅ និងមានជម្រើសចំនួនបីម៉ូដែលផ្សេងគ្នា គឺ Xiaomi SU7, SU7 Pro និង SU7 Max។ សម្រាប់ម៉ូដែលស្តង់ដារ Xiaomi SU7 នឹងបំពាក់ម៉ូទ័រអគ្គិសនីមួយ Single-Motor ដែលអាចផលិតថាមពលបាន 220kW ឬស្មើរនឹងកំលាំង 295hp ហើយម៉ូទ័រនេះត្រូវបានផលិតដោយក្រុមហ៊ុន United Automotive Electric Systems ដែលជាក្រុមហ៊ុនបង្កើតឡើងដោយក្រុមហ៊ុន Bosch និង Zhonglian Automotive Electronics។
ដោយឡែកសម្រាប់ម៉ូដែល Xiaomi SU7 Pro និងSU7 Max នឹងប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន 2 (Dual-motor) ដោយមួយអាចផលិតថាមពល 220kW ឬ 295hp និងមួយទៀតអាចផលិតថាមពលបាន 275kW ឬ 368hp ហើយសរុបថាមពលម៉ូទ័រទាំងពីរបញ្ចូលគ្នាគឺអាចផលិតកំលាំងដល់ 660hp។ ចំពោះម៉ូដែលXiaomi SU7 គឺនឹងប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate (LFP) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FinDreams ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ខណៈម៉ូដែល SU7 Pro និង SU7 Max នឹងប្រើប្រាស់កញ្ចប់អាគុយអគ្គិសនី Li-ion ternary ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។
បើតាមប្រភពព័ត៌មានមិនទាន់ផ្លូវការណ៍បាននិយាយថា រថយន្តអគ្គិសនីដំបូងពី Xiaomi គឺនឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងកំលាំង 800V។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Xiaomi SU7 Series នឹងបំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ ភ្ជាប់ដំណើរការជាមួយប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR System ដែលបំពាក់នៅលើដំបូលខាងមុខថែមទៀតផង៕