ក្រុមហ៊ុន Waymo និង Toyota បានប្រកាសចុះកិច្ចព្រមព្រៀងសហការរួមគ្នាក្នុងការអភិវឌ្ឍន៍បង្កើតនៅប្រព័ន្ធបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ Autonomous driving Technology។ Waymo គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google Inc។
ហើយ Waymo ត្រូវបានប្រកាសជាក្រុមហ៊ុនដែលមានជំនាញទៅលើការបង្កើតនៅប្រព័ន្ធបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង ឬ Autonomous driving Technology ហើយបច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ដំណើរការសេវាកម្មរថយន្តដឹកអ្នកដំណើរស្វ័យភាព ឬ autonomous ride-hailing service ដោយជោគជ័យ ដោយផ្តល់នូវការដឹងអ្នកដំណើរដែលបានបង់ប្រាក់ប្រហែល 250,000 ដងក្នុងមួយសប្តាហ៍នៅក្នុងទីផ្សារមួយចំនួន។
Tesla នៅតែជាបង្ហាញវត្តមានលេចធ្លោនៅក្នុងទីផ្សាររថយន្តអគ្គិសនី ហើយឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់អាមេរិកមួយនេះ កំពុងស្វែងរកការពង្រីកទីផ្សាររបស់ខ្លួននៅក្នុងកវិស័យរថយន្តដឹកអ្នកដំណើរបើកបរស្វ័យប្រវត្តិផងដែរ។ Tesla គ្រោងនឹងចាប់ផ្តើមដំណើរការសេវាកម្មស្រដៀងគ្នាទៅនឹង Waymo នៅក្នុងទីក្រុង Austin នៃរដ្ឋតិចសាស់ ដោយចាប់ផ្តើមជាមួយនឹងរថយន្តដែលមានកំណត់ពី 10 ទៅ 20 គ្រឿងក្នុងខែមិថុនា។
ចំពោះកិច្ចសហការដែលបានប្រកាសថ្មីរវាង ក្រុមហ៊ុន Waymo និង Toyota នឹងរួមបញ្ចូលគ្នានូវភាពខ្លាំងរៀងៗខ្លួន ដើម្បីបង្កើនល្បឿនសម្រាប់រថយន្តដែលបើកបរដោយស្វ័យប្រវត្តិ។ សម្រាប់គម្រោងការ Woven របស់តូយ៉ូតា គឺជាអង្គភាពយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតរថយន្តដែលផ្តោតលើការអភិឌ្ឍន៍កម្មវិធី advanced software និង mobility innovation ដែលនឹងក្លាយជាផ្នែកមួយនៃភាពជាដៃគូនេះផងដែរ។
គោលដៅចម្បងនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ គឺដើម្បីអភិវឌ្ឍលើប្រព័ន្ធវេទិការថយន្តស្វយ័តថ្មីមួយ ឬ new autonomous vehicle platform។ ក្នុងពេលដំណាលគ្នានោះ ក្រុមហ៊ុននឹងស្វែងរកការរួមបញ្ចូលបច្ចេកវិទ្យា autonomous technology របស់ Waymo ទៅក្នុងរថយន្តអគ្គិសនីនាពេលអនាគតរបស់ Toyota។
ដែលនេះបានបង្ហាញថា អ្នកប្រើប្រាស់អាចនឹងមានសិទ្ធិចូលប្រើប្រាស់រថយន្តតូយ៉ូតាក្នុងពេលឆាប់ៗនេះ ដែលមានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិដែលមានទទួលបាននូវភាពជឿទុកចិត្តខ្លាំងទៅលើក្រុមហ៊ុន Waymo។ កន្លងមកនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់ត្រូវបានគេរាយការណ៍ថា បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតអំពីការផ្តល់អាជ្ញាប័ណ្ណសម្រាប់បច្ចេកវិទ្យា "Full Self-Driving technology" របស់ខ្លួន។ យ៉ាងណាមិញ នៅមិនទាន់មានវឌ្ឍនភាពជាក់លាក់ណាមួយបានកើកចេញពីកិច្ចពិភាក្សានេះ ត្រូវបានបង្ហាញជាសាធារណៈនោះទេ។
ផ្ទុយទៅវិញក្រុមហ៊ុន Waymo បានប្រកាសពីភាពជាដៃគូជាមួយ Hyundai កាលពីឆ្នាំមុន ជាមួយនឹងការផ្តោតសំខាន់ដំបូង ទៅលើការរួមបញ្ចូលរថយន្ត Hyundai ទៅក្នុងក្រុមរថយន្តដំណើរការបើកបរស្វ័យភាពរបស់ Waymo។ ហើយសម្រាប់កិច្ចព្រមព្រៀងថ្មីរវាង Waymo និង Toyota គឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង ឲ្យកាន់តែមានភាពទូលំទូលាយនៅក្នុងទីផ្សាររថយន្តអគ្គិសនីនាពេលអនាគត។
តាមរយៈការរួមបញ្ចូលគ្នារវាងក្រុមអ្នកជំនាញរបស់ Waymo នៅក្នុងប្រព័ន្ធស្វយ័ត (Autonomous Driving System) ជាមួយនឹងមូលដ្ឋានផលិតកម្មរថយន្តដ៏រឹងមាំរបស់ Toyota ឃើញថាភាពជាដៃគូគ្នានេះ គឺអាចប្រកួតប្រជែងនឹងប្រព័ន្ធបច្ចេកវិទ្យារថយន្ត Full Self-Driving technology ដែលកំពុងមានភាពលេចធ្លោរបស់ Tesla ក្នុងពេលបច្ចុប្បន្នបាន៕