នៅពេលនេះ ក្រុមហ៊ុន Isuzu បានសម្រេចចិត្តឈានជើងចូលមកប្រកួតប្រជែង ជាមួយនឹងទីផ្សារភីកអាប់អគ្គិសនី ជាផ្លូវការ ដោយបានបញ្ចេញនូវ ភីកអាប់ D-Max EV ដែលជាប្រភេទ Production Version ជាផ្លូវការ ហើយវានឹងចេញលក់នៅលើទីផ្សារអឺរ៉ុប ក្នុងឆ្នាំ 2026 ខាងមុខនេះតែម្តង។
ភីកអាប់ Isuzu D-Max EV នេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចបង្កើតកម្លាំងបានសរុប 188 HP និង កម្លាំងរមួល 325 NM ខ្លាំងជាង D-Max ប្រើម៉ាស៊ីនម៉ាស៊ូត ដល់ទៅ 27 HP ហើយវាដំណើរការដោយប្រព័ន្ធបើកបរប៉ុង 2 (Full-time 4WD) ជាមួយនឹង ប្រព័ន្ធ Rough Terrain Mode ផងដែរ។
ភីកអាប់អគ្គិសនីនេះអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 10.1 វិនាទី ហើយមានល្បឿន Top Speed ត្រឹមតែ 130 KM/H ប៉ុណ្ណោះ។ អ្វីដែលជាចំណុចពិសេសសម្រាប់អ្នកប្រើភីកអាប់នោះគឺ D-Max EV បានបង្កើនសមត្ថភាពដឹកដល់ទម្ងន់ 1 តោនជាង និង អូសសណ្តោង 3.5 តោន ខណៈរក្សាសមត្ថភាព Off-road ដូចទៅនឹងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតដែរ គឺ អាចចុះទឹកបានជម្រៅ 600mm និង មានកម្ពស់ពីបាតឡានទៅដី 210mm ផងដែរ។
Isuzu D-Max EV បំពាក់កញ្ចប់អាគុយទំហំ 66.9 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 263 KM (WLTP)។ តួលេខនេះអាចរៀងតិចបន្តិច បើប្រៀបធៀបទៅនឹងឡានអគ្គិសនី នាពេលបច្ចុប្បន្ន ប៉ុន្តែ D-Max EV គឺជាភីកអាប់ខ្នាតកណ្តាល ដែលមានទម្ងន់ធ្ងន់ និងទំហំធំ ទៀតផង។
យ៉ាងណាមិញ វាក៏គាំទ្រជាមួយការសាកភ្លើងល្បឿនលឿនដែរ គឺ កម្លាំង 50 kW DC ដែលអាចឲ្យវាសាកភ្លើងពី 20-80% ប្រើពេលប្រហែល 1 ម៉ោង។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន Isuzu ធានាទៅលើអាគុយ D-Max EV នេះ រយៈពេល 8 ឆ្នាំ ឬ 160,000 KM ទៀតផង។ សូមបញ្ជាក់ដែរថា ភីកអាប់អគ្គិសនីមួយនេះ បានប្រើគ្រោងឆ្អឹង Ladder Frame Chassis ដែលមានប្រើលើ Isuzu D-Max ធម្មតាដែរ គ្រាន់តែទទួលបានការកែកុន ប៉ុន្តែវាបានបំពាក់ប្រព័ន្ធបូម ប្រភេទ De-Dion ជំនួយឲ្យ Leaf Springs វិញ។
បើនិយាយពីរូបរាងវិញ Isuzu D-Max EV នៅតែរក្សាការឌីហ្សាញ ទាំងផ្នែកខាងក្រៅ និងខាងក្នុង ដូចទៅនឹង D-Max ធម្មតាដែរ ហើយអ្វីដែលខុសគ្នានោះ គឺតែម EV និង គ្មានបំពង់ស៊ីម៉ាំង ហើយសូម្បីតែកន្លែងសាកភ្លើង ក៏ដាក់នៅកន្លែងចាក់ប្រេងដែរ ដូច្នេះសឹងតែដូចគ្នាទាំងស្រុងទៅហើយ។ យ៉ាងណាក៏ដោយ D-Max EV ថ្មីនេះ នឹងផ្តល់ជម្រើសតួខ្លួន ចំនួន 2 ប្រភេទ គឺ Extended Cab និង Double Cab ហើយនឹងចេញលក់នៅខែមីនា ឆ្នាំ 2026 ខណៈតម្លៃរបស់វា នៅមិនទាន់ត្រូវបានបង្ហាញឡើយ៕