Hyundai loniq 9 ស៊េរីឆ្នាំ 2025 គឺជាប្រភេទរថយន្តអគ្គិសនីគ្រួសារ SUV មានកៅអីបីជួរដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 335 ម៉ាយល៍ ឬប្រហែលជាង 539 គីឡូម៉ែត្រ នឹងត្រូវនាំចេញទៅកាន់ក្រុមហ៊ុនដៃគូចែកចាយលក់រាយក្នុងពេលឆាប់ៗនេះ។ ឡានអគ្គិសនីកៅអីបីជួររបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មានជម្រើសចំនួន 6 ម៉ូដែល ហើយនិងមានតម្លៃចាប់ពីខ្ទង់ $60,555 ឡើងទៅ។
សម្រាប់ម៉ូដែល Entry-level ត្រូវបានហៅថា Hyundai loniq 9 S ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ អាចផលិតកំលាំងបាន 215 សេះ និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយជាង 539 គីឡូម៉ែត្រ។ សម្រាប់ម៉ូដែលកំពូលជាងគេ គឺ loniq 9 Performance Calligraphy Design មានតម្លៃខ្ទង់ $78,090 ហើយម៉ូដែលនេះដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ អាចផលិតកំលាំងបាន 442 សេះ។
ចំនែកពីម៉ូដែលផ្សេងទៀត គឺ loniq 9 Performance Calligraphy និងគឺ loniq 9 Performance Limited ក៏ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ និងប៉ុងពីរមានកំលាំង 422 សេះដូចគ្នា ហើយនិងមានតម្លៃ $76,590 និង $72,850។ សម្រាប់ម៉ូដែល Performance ទាំងបីម៉ូដែល គឺអាចជិះបានចម្ងាយផ្លូវ 311 ម៉ាលយ៍ ឬប្រហែល 500km។
ចំពោះពីរម៉ូដែលផ្សេងទៀត គឺ loniq 9 SE និង SEL ដំណើរការដោយម៉ូទ័រអគ្គីសនីពីរ ឬប៉ុងពីរ ផលិតកំលាំងបាន 303 សេះ ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 320 ម៉ាយល៍ ឬប្រហែល 487.6km ព្រមទាំងមានតម្លៃខ្ទង់ $64,765 និង $67,920។ ក្រុមហ៊ុនបានអះអាងថា ឡានអគ្គិសនី SUV ស៊េរីថ្មីរបស់ខ្លួនអាចជាន់ស្ទុះល្បឿនពី 0 ដល់ 100km/h ចាយពេលខ្ទង់ 4.9 វិនាទីប៉ុណ្ណោះ។
Hyundai loniq 9 Series មានបណ្តោយខ្លួនប្រវែង 5,080mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,129mmដែលផ្តល់នូវភាពទូលាយល្អនៅផ្នែកខាងក្នុងដោយកៅអីជួរទីពីរ និងទីបីរបញ្ចូលគ្នាមានភាពទូលាយល្អដល់ទៅជាង 2 ម៉ែត្រ ព្រមទាំងកម្ពស់ពីកៅអីអង្គុយទៅដំបូលខ្ពស់ល្អប្រមាណជា 1.9 ម៉ែត្រ នេះក៏ដោយសារតែផ្នែកដំបូល និងបាតក្រោមរបស់ loniq 9 ត្រូវបានរចនាឡើងជាលក្ខណៈ roof shape and flat floor។ ហើយនៅផ្ទៃបាតរថយន្តត្រូវបានក្រាលដោយកញ្ចប់ថ្មដែលមានទំហំធំដល់ 110.3kWh។
Loniq 9 គឺជារថយន្តអគ្គិសនីម៉ូដែលទីបួន ក្នុងស្រឡាយរថយន្តអគ្គិសនីរបស់ Hyundai ដែលមានដូចជា loniq 5, loniq 6 និង Kona Electric ដែលកំពុងដាក់លក់នៅលើទីផ្សារអាមេរិកបច្ចុប្បន្ន។ ក្រុមហ៊ុន Hyundai នឹងធ្វើការផលិត loniq 9 នៅក្នុងរោងចក្រផលិត Georgia factory របស់ខ្លួន។ Hyundai loniq 9 2025 និង Kia EV9 គឺមានការរចនារូបរាងប្រហាក់ប្រហែលគ្នា គ្រាន់តែ Kia EV9 មានតម្លៃធូរថ្លៃជាងបន្តិចជាមួយតម្លៃចាប់ពីខ្ទង់ $57,090 នៅទីផ្សារសហរដ្ឋអាមេរិក៕