ក្រុមហ៊ុនអកាសចរណ៍ Chinese Airline ឈ្មោះថា JuneYao Airlines បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល JY Air Electronic sedan នៅទីផ្សារប្រទេសចិន ក្នុងតម្លៃខ្ទង់ $20,500។ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិននេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសថៃកាលពីឆ្នាំទៅដោយមានតម្លៃខ្ទង់ $25,200។
រថយន្តអគ្គិសនីមួយនេះមានបណ្តោយខ្លួន 4,550mm/ ទទឹង 1,860mm/កំពស់ 1,515mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,800mm។ ទៅលើការឌីស្សាញវិញ គឺមានភាពទាក់ទាញជាមួយការឌីស្សាញផ្នែកខាងមុខបិទជិតជាមួយរន្ធលំហខ្យល់ trapeze-shaped air intake នៅខាងក្រោម, ចង្កៀងខាងមុខជាប្រភេទ LED រចនារាងអក្សរ V ជាមួយចង្កៀងខាងក្រោយរចនាជា Single taillight strip និងដៃទ្វារលាក់ចូលក្នុងតួរ hidden-door-handle។
នៅផ្នែកខាងក្នុងមានការរៀបចំរចនាបែបទំនើបទាន់សម័យជាមួយការបំពាក់អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch គាំទ្រដំណើរការដោយប្រតិបត្តិការ Crystal OS និងគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ JY Air EV ជារថយន្តប្រភេទ sedan 5-កៅអី ដែលមានដំបូលបើកធំរហូតដល់ 2 ម៉ែត្រ។ ក្រុមហ៊ុន JuneYao បាននិយាយថា ការឌីស្សាញផ្នែកខាងក្នុងរបស់ JY Air EV ត្រូវបានយកលំនាំតាមកាប៊ីនយន្តហោះអាជីវកម្ម ឬ Business Class Airline។
សម្រាប់ចង្កឹះលេខវិញត្រូវបានរចនាបំពាក់ភ្ជាប់នៅខាងក្រោយដៃចង្កូតដែលរចនាបថពីរកាំ ហើយនៅផ្នែកកណ្តាលមានកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ ហើយកៅអីត្រូវបានរចនាឡើងបែបស្ព័រជាមួយក្បាលកៅអីធ្វើជាកំនល់កើយក្បាល។ JY Air Electric បំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ TZ180XS0951 synchronous permanent magnet electric motor ផលិតដោយក្រុមហ៊ុន UAES ដែលអាចផលិតកំលាំងបាន 197 សេះ និងកំលាំងរមូល 250Nm ភ្ជាប់នៅលើភ្លៅខាងក្រោយ។
ម៉ូទ័រអគ្គិសនីនេះដំណើរការដោយថាមពលកញ្ចប់អាគុយទំហំ 51.2kWh ដែលផលិតដោយក្រុមហ៊ុន Rept Battero។ JY Air Electric អាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 7.9 វិនាទី ហើយអាចជិះបានចម្ងាយផ្លូវ 435km នៅពេលសាកភ្លើងពេញម្តង រីការសាកភ្លើងចូលវិញ ក៏ធ្វើការបានលឿនតាមរយះកំលាំងសាក DC 70kWh។
សម្រាប់ម៉ូដែល JY Air Electric ដែលមានកំលាំងខ្លាំងមួយទៀត គឺប្រើប្រាស់ម៉ូទ័រដូចគ្នា គ្រាន់តែមានកំលាំងខ្លាំងជាងឡើងដល់ 201 សេះ និងបញ្ចេះដំណើរការដោយកញ្ចប់ថ្មប្រភេទ LFP ទំហំធំដល់ 64.1kWh គាំទ្រសាកភ្លើង DC 90kWh ហើយសាកភ្លើងពេញម្តងអាចជិះបាន 530km។ JY Air Electric sedan ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ចាប់ពី $20,500 ដល់ $22,150។
សូមបញ្ជាក់ថា JuneYao Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយក្នុងប្រទេសចិនដែលបង្កើតឡើងកាលពីឆ្នាំ 2005 ហើយក្រុមហ៊ុននេះបានឈានជើងចូលប្រឡូកក្នុងវិស័យយានយន្តជាផ្លូវការណ៍កាលពីឆ្នាំ 2023 ដោយបានទិញយកក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីមួយរបស់ចិនឈ្មោះថា Yudo startup។ JY Air គឺជារថយន្តម៉ូដែលដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលបានប្រកាសចេញនៅក្នុងប្រទេសថៃកាលពីខែធ្នូ ឆ្នាំ 2024៕