ក្រុមហ៊ុន BYD ត្រៀមបញ្ចេញលក់រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល BYD Sealion 6 នៅទីផ្សារប្រទេសអូស្រ្តាលី។ ឡាន Plug-in-hybrid SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្កើននូវកញ្ចប់ទំហំថ្មធំជាងជំនាន់ឆ្នាំ 2024 ដែលមានទំហំ 18.3kWh ឡើងដល់ទំហំ 26.6kWh ហើយការសាកភ្លើងមួយពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រហែល 140km និងដល់ 1,127km នៅពេលប្រើផ្គូបជាមួយម៉ាស៊ីន Hybrid។
បើតាមការចុះបញ្ចីរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានបង្ហាញថា ការបង្កើនទំហំថ្មធំជាងមុនបានធ្វើឲ្យ BYD Sealion 6 2025 Extended Range Dynamic កើនទំងន់ជាងមុនដល់ 53kg ផងដែរ បើធៀបនឹងម៉ូដែល front-wheel-drive ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ដាក់លក់ក្នុងស្រុក។ BYD Sealion 6 ដំណើរការនៅដោយម៉ូទ័រអគ្គិសនីមុខមួយ រួមជាមួយម៉ាស៊ីន 1.5-liter petrol engine ដែលមានកំលាំងសរុប 160kW និងកំលាំងរមូល 300Nm។ យ៉ាងណាមិញសម្រាប់តម្លៃក្រុមហ៊ុន BYD Australia មិនទាន់បានបញ្ជាក់នៅឡើយទេ។
សម្រាប់ម៉ូដែល BYD Sealion Essential ដែលមានវត្តមាននៅទីផ្សារអូស្ត្រាលីបច្ចុប្បន្ន គឺមានតម្លៃខ្ទង់ចាប់ពី $42,990 សម្រាប់ម៉ូដែលដំណើរការដោយប៉ុងមុខ ឬ Front-wheel-drive និងដល់ $52,990 សម្រាប់ម៉ូដែលដំណើរការដោយប៉ុងពីរ ឬម៉ូទ័រពីរ (All-wheel-drive Premium)។
BYD Sealion 6 2025 Extended Range Dynamic ត្រូវបានគេរំពឹងថា នឹងបន្ថែមលក្ខណៈពិសេសថ្មីមួយចំនួនដែលមិនមាននៅលើម៉ូដែល FWD Dynamic និង Premium ក្នុងនោះមានដូចជា បច្ចេកវិទ្យាអេក្រង់ Touchscreen ទំហំធំដល់ 15.6-inch, ប្រព័ន្ធ Speaker គុណភាពខ្ពស់, កៅអីមានមុខងារក្តៅ និងខ្យល់ត្រជាក់ ប្រព័ន្ធសែនស័រជំនួយការចូលចំណោតផ្នែកខាងមុខ និងកន្លែងសាកភ្លើងស្មាតហ្វូនមិនប្រើខ្សែជាដើម៕