ដូចដែលបានដឹងហើយថា Ford Everest គឺជា SUV 7 កៅអី ដែលទំនើប និងសម្បូរ Option ទំនើបៗច្រើន ហើយខាងក្រោមនេះគឺជា Option ទាំង 5 ដែលល្អបំផុត នៅលើ Ford Everest ស៊េរីថ្មី។ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Warning and Pedestrian Detection)
Ford Everestមានបំពាក់ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត។ ប្រព័ន្ធនេះនឹងផ្តល់ដំណឹងឲ្យអ្នកដឹង ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ខាងមុខឡាន ហើយក្នុងករណី យើងជាន់ហ្វ្រាំងអត់ទាន់ពេលនោះ ប្រព័ន្ធនេះនឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត តែម្តង។
មិនតែប៉ុណ្ណោះ Ford Everestក៏មាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់ (Evasive Steering Assist) ដែលនឹងផ្តល់សញ្ញាឲ្យយើងដឹង នៅពេលខាងមុខឡានមានឧបសគ្គ។ ក្នុងករណី ឡានខាងមុខចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗ នោះប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់របស់ Ford Everest នឹងដំណើរការភ្លាមៗ ដោយជួយកាច់ និងទប់ដៃចង្កូតឡាន ងាកចេញពីគ្រោះថ្នាក់ និងមិនឲ្យអ្នកជ្រុលចង្កូតនោះទេ។
អ្វីដែលរឹតតែពិសេសនោះគឺ វាក៏មាន ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច (Automatic Emergency Braking) ដែលចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច ដើម្បីជួយបង្ការមិនឲ្យយើងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។
បច្ចេកវិទ្យា SYNC 4A ជំនាន់ថ្មី
Ford Everestបានបំពាក់បច្ចេកវិទ្យា SYNC 4A ជំនាន់ថ្មី ដែលអាចឲ្យយើងភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ដើម្បីបើកមើល Google Maps ឬ ចាក់ចម្រៀងលើនេះ បានយ៉ាងងាយស្រួលផងដែរ។ បើគិតទៅ Option មួយនេះ សឹងតែក្លាយជា Option ទូទៅលើឡានស៊េរីថ្មី ប៉ុន្តែអ្វីដែលខ្ញុំពេញចិត្តខ្លាំងលើ Ford Everestក៏ដោយសារតែអេក្រង់របស់វាមានទំហំធំ រហូតដល់ទៅ 12.4 អ៊ីញ ហើយរូបភាពដែលវាបង្ហាញមក គឺច្បាស់ យើងងាយស្រួលមើល ការបញ្ជាទៅវិញទៅមក ក៏មានការឆ្លើយតបលឿន Smooth ល្អ និយាយរួម គឺអេមម៉ាចប់!
អ្វីដែលរឹតតែពិសេសនោះគឺ Ford Everestក៏មាន Wireless Charge ដែរ អីចឹងវាកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើ ព្រោះអីយើងអាចភ្ជាប់ Wireless Apple CarPlay បណ្តើរ អាចបើកមើល Google Maps បណ្តើរ ហើយយើងអាចសាកថ្មបណ្តើរ បានដែរ។ ព្រួញ 1 បាញ់បានចាប 3!
មិនតែប៉ុណ្ណោះ នៅលើអេក្រង់ SYNC 4A នេះ យើងក៏អាចចុចមើល Off-road Screen ដើម្បីមើល និង បញ្ជាមុខងារចាំបាច់ជាច្រើន សម្រាប់ការបើកបរលើផ្លូវពិបាកៗ ដូចជា ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាមួយខ្សែបន្ទាត់រ៉េតាមចង្កូត, ប្រព័ន្ធចាក់សោរប៉ុង (Electronic Rear Diff-lock System) និង ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control System) ជាដើម។ ត្រង់នេះ Ford បានគិតគូរខ្លាំងមែនទែន បើទោះបីជា Everest គឺជា SUV លក្ខណៈគ្រួសារ ប៉ុន្តែក៏មិនចង់ឲ្យអ្នកប្រើដេកផ្លូវដែរ។
ប្រព័ន្ធគ្រប់គ្រងប៉ុងកាប់ពីតាស់
Ford Everestគឺជា SUV ដែលមានសមត្ថភាពខ្លាំងមួយ មិនខុសពី Everest 2023 ឡើយ មិនថាអ្នកទិញយកទៅប្រើក្នុងលក្ខណៈបែបណានោះទេ ព្រោះវាផ្តល់នូវជម្រើសប៉ុងកាពីតាស់ 4 ប្រភេទ គឺ 2H, 4H និង 4L ដែលអនុញ្ញាតឲ្យយើងអាចផ្លាស់ប្តូរបាន ដោយមិនចាំបាច់ឈប់ឡានឡើយ ឬ Ford ហៅថា Shift On The Fly System។ អីចឹងចំពោះការប្រើប្រាស់វិញគឺ៖
- 2H សម្រាប់ការបើកបរធម្មតា នៅលើស្ថានភាពផ្លូវធម្មតា
- 4H សម្រាប់ផ្តល់ឲ្យនូវការទប់លំនឹងយ៉ាងល្អ នៅពេលបើកបរលើស្ថានភាពផ្លូវរអិល ហើយយើងអាចផ្លាស់ប្តូរពីជម្រើស 2H ទៅ 4H បាន ក្នុងអំឡុងពេលបើកបរ ដោយមិនចាំបាច់ឈប់ឡានឡើយ
- 4L សម្រាប់បង្កើនកម្លាំងម៉ាស៊ីន និង កម្លាំងរមួល នៅពេលអ្នកត្រូវបើកល្បឿនយឺត នៅលើផ្លូវខ្សាច់ ឬ ជាប់ផុង ជាដើម
មិនតែប៉ុណ្ណោះ Ford Everestក៏មាន Drive Modes រហូតដល់ទៅ 6 ដូចជា៖
- Normal (ផ្លូវធម្មតា) ៖ សម្រាប់ការបើកបរធម្មតា ដែលផ្តល់នូវកម្រិត Comfort ខ្ពស់
- ECO (សន្សំសំចៃប្រេង) ៖ សម្រាប់ការបើកបរធម្មតា ដែលផ្តល់នូវកម្រិតសន្សំសំចៃខ្ពស់ ល្អបំផុតសម្រាប់ប្រើនៅក្នុងក្រុង និង បើកបរផ្លូវឆ្ងាយ
- Tow/Haul (ការអូសសណ្តោង) ៖ សម្រាប់ការបើកបរ នៅពេលមានការអូសសណ្តោងបន្ថែម ដែលជួយការពារប្រអប់លេខមិនឲ្យខូចឡើយ
- Slippery (ផ្លូវរអិល) ៖ សម្រាប់ការបើកបរនៅលើផ្លូវរអិល ឬសើម ដែលជួយទប់លំនឹងរថយន្ត និងផ្តល់ទំនុកចិត្តនៅពេលបើកបរ
- Mud/Ruts (ផ្លូវភក់) ៖ សម្រាប់បើកបរនៅលើផ្លូវភក់ ដោយប្រព័ន្ធនឹងជួយចាប់ហ្វ្រាំងកង់ដែលជាប់ផុង
- Sand (ផ្លូវខ្សាច់) ៖ សម្រាប់ការបើកបរនៅលើផ្លូវខ្សាច់ មិនថាខ្សាច់ស្ងួត ឬ ខ្សាច់ជ្រៅឡើយ
ប្រព័ន្ធ Adaptive Cruise Control with Stop and Go ជាមួយ Lane Keeping
ចំពោះប្រព័ន្ធទាំង 2 នេះ ខ្ញុំគិតថាសំខាន់មែនទែន ជាពិសេសសម្រាប់ប្រើលើផ្លូវឆ្ងាយៗ ដែលមានគំនូសច្បាស់ៗ ដូចជា នៅលើផ្លូវល្បឿនលឿនជាដើម។ Adaptive Cruise Control with Stop and Go នេះ គឺជាប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមឡានខាងមុខ និងតម្រង់គន្លងផ្លូវ ដែលអនុញ្ញាតឲ្យឡានរបស់អ្នក រត់ល្បឿនថេរណាមួយ ឬ រត់តាមយានយន្តខាងមុខ ក្នុងល្បឿនដែលអ្នកបានកំណត់។ ប្រព័ន្ធនេះក៏អាចឲ្យឡានរបស់អ្នកបន្ថយល្បឿន រហូតដល់ឈប់មួយកន្លែង និង បន្តដំណើរទៅមុខ តាមយានយន្តខាងមុខ ក្នុងរយៈពេល ៣ វិនាទី ផងដែរ។
មិនតែប៉ុណ្ណោះ នៅពេលដែលយើងប្រើជាមួយ Lane Keeping ដែលជាប្រព័ន្ធជំនួយលើដៃចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping) វានឹងផ្តល់សញ្ញាឲ្យយើងដឹង និង ជួយទៅលើដៃចង្កូតឡាន នៅពេលយើងបើកកិនលើគំនូសផ្លូវដោយអចេតនា ហើយប្រព័ន្ធនេះនឹងជួយកាច់ចង្កូតឡាន ឲ្យចូលមកក្នុងគន្លងផ្លូវត្រឹមត្រូវវិញ។ និយាយរួមទៅ ប្រៀបបីដូចជា Auto Pilot អីចឹង។
ប្រព័ន្ធ Rear Cross Traffic Alert ជាមួយ Reverse Brake Assist
ការបើកឡានទៅមុខ គឺជារឿងងាយស្រួល គ្រាន់តែដាក់លេខ ជាន់ហ្គែរ កាន់ចង្កូត គឺបានហើយ ប៉ុន្តែនៅពេលថតក្រោយវិញ អាចជារឿងពិបាកសម្រាប់មនុស្សមួយចំនួន ហើយពេលខ្លះក៏វាអាចបង្កជាបញ្ហា ដោយយថាហេតុណាមួយដែរ។ ប៉ុន្តែសម្រាប់ Ford Everestខ្ញុំជឿជាក់ថា នឹងសុវត្ថិភាព 100% តែម្តង ដោយសារតែវាមានបំពាក់មកជាមួយនឹង ប្រព័ន្ធ Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ ព្រមទាំង ប្រព័ន្ធ Reverse Brake Assist ដែលនឹង ចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ដូច្នេះបើទោះបីជាមានឧបសគ្គ ដែលយើងមើលមិនឃើញ ក៏ប្រព័ន្ធទាំង 2 នេះ អាចធ្វើការងារជំនួសយើង ហើយផ្តល់ដំណឹងឲ្យយើងដឹង ដើម្បីជៀសផុសពីគ្រោះថ្នាក់ដែរ។