Xiaomi EV ដែលជាក្រុមហ៊ុនផលិរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន Xiaomi បានធ្វើការប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន Weibo ផ្ទាល់ខ្លួនថា ក្រុមហ៊ុនបានធ្វើការនាំចេញរថយន្តអគ្គិសនី Xiaomi SU7 Series បានចំនួនជាង 28,000 គ្រឿងកាលពីខែមេសាកន្លងទៅថ្មីៗនេះ។
សម្រាប់ខែនេះ ក៏ជាខែទី 7 ដែល Xiaomi បានធ្វើការនាំចេញរថយន្តអគ្គិសនីប្រចាំខែបានចំនួនលើសពី 20,000 គ្រឿង។ ទោះជាយ៉ាងណាការនាំចេញនៅក្នុងខែមេសា មានការថយចុះបានបន្តិចបើធៀបនឹងខែមីនាដែលមានការនាំចេញបានចំនួនជាង 29,000 គ្រឿង។ មួយរយ់ចុងក្រោយនេះ ដោយសារតែមានតម្រូវការខ្លាំង ហើយការនាំចេញក៏មានតួរលេខជាក់លាក់ដូចនេះ បានធ្វើឲ្យក្រុមហ៊ុន Xiaomi ប្រឈមនឹងបញ្ហាក្នុងសង្វាក់ផលិតកម្មផងដែរ។
បើយោងតាមរបាយការណ៍ពី CnEVPost ថ្មីៗនេះ បានបញ្ជាក់់ថា សម្រាប់ អតិថិជនដែលបញ្ជាទិញ SU7 ថ្មីឥឡូវនេះ ប្រឈមនឹងការរង់ចាំការដឹកជញ្ជូនប្រហែល 40 សប្តាហ៍។ ដែលនេះ គឺជាការបង្កើនរយៈពេលរង់ចាំបន្ថែមពីការពន្យាពេលនាំចេញដំបូងដែលត្រូវបានធ្វើឡើងប្រហែល 30 សប្តាហ៍ នៅពេលដែលម៉ូដែលនេះត្រូវបានដាក់លក់ជាលើកដំបូងកាលពីឆ្នាំមុន ហើយវាបង្ហាញពីការកើនឡើងនៃការបញ្ជាទិញ។
សូមជំរាបថា Xiaomi SU7 គឺជារថយន្តអគ្គិសនី Sedan ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 28 ខែមីនា ឆ្នាំ 2024។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺជាដៃគូប្រជែងទីផ្សារជាមួយនឹងរថយន្តអគ្គិសនី Tesla Model 3 ក៏ដូចជា Tesla Model S ផងដែរ។ Xiaomi SU7 មានជម្រើសបីម៉ូដែលដូចជា Standard, Pro និង Max។
សម្រាប់ម៉ូដែល Standard ឬ SU7 មានតម្លៃខ្ទង់ប្រហែល $29,686 ខណៈម៉ូដែល Pro និង Max មានតម្លៃខ្ទង់ $33,811 និង $41,236។ ដោយម៉ូដែល Pro និង Max ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញដំបូងជាផ្លូវការណ៍នៅក្នុងខែមេសា ឆ្នាំ 2024។ ជាមួយគ្នានេះ Xiaomi ក៏បានពង្រីកស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀតដោយបានបញ្ចេញម៉ូដែលពិសេសកំពូលថ្មីមួយទៀត គឺ Xiaomi SU7 Ultra ដែលជា Supercar sport កាលពីថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2025។
Xiaomi SU7 Ultra បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីខ្លាំងដែលអាចផលិតកំលាំងសរុបបានដល់ 1,548 សេះ ប៉ុន្តែ ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង និងការឌីស្សាញប្រហាក់ប្រហែលនឹងសមាជិកគ្រួសាររបស់វាដែរ គ្រាន់តែមានភាពស្ព័រជាង។ SU7 Ultra ត្រូវបានក្រុមហ៊ុនដាក់តម្លៃលក់ប្រមាណជា $72,861 ហើយការនាំចេញក៏កំពុងដំណើរការផងដែរ។ បន្ថែមពីនេះ Xiaomi ក៏បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីម៉ូដែលទីពីរជាប្រភេទ SUV ដែលត្រូវបានគេស្គាល់ឈ្មោះថា Xiaomi YU7 ដែលម៉ូដែលថ្មីទីពីរនេះរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែមិថុនា ឬខែកក្តដា ឆ្នាំ 2025 នេះ៕