Mazda ដែលជាក្រុមហ៊ុនផលិតរថយន្តដ៍ធំបរបស់ប្រទេសជប៉ុន ថ្មីៗនេះ បានប្រកាសធ្វើការវិនិយោគទឹកប្រាក់បន្ថែមទៅដល់ 10 ពាន់លានយ៉ន់ ដែលប្រហាក់ប្រហែលជា 1.37 ពាន់លានដុល្លា ទៅលើវិស័យរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។ ជាមួយនឹងការបន្ថែមទុននេះ ក្រុមហ៊ុននេះ បានដាក់គោលដៅទៅលើការនាំចេញប្រចាំបាន 10 ពាន់លានយ៉ន់ ហើយនឹងមានការបង្កើនសង្វាក់ផលិតកម្មទ្វេរដង រួមជាមួយនិងការនាំចេញរថយន្តរបស់ខ្លួនអោយបានចំនួន 300,000 គ្រឿងនៅត្រឹមឆ្នាំ 2027 ខាងមុខនេះ ដោយរាប់ទាំងម៉ូដែលអគ្គិសនីសុទ្ធ និងម៉ូដែល hybrid អោយបានចំនួន 90%។
សូមជំរាបថា ថ្មីៗនេះ លោក Masahiro Moro ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញនូវរថយន្តអគ្គិសនី EZ-60 ម៉ូដែល SUV របស់ខ្លួននៅក្នុងព្រឹត្តិការណ៌ 2025 Shanghai Auto Show ដែលនេះ គឺជាលើកទី 2 ហើយសម្រាប់ទស្សនៈកិច្ចមកកាន់ប្រទេសចិននៅក្នុងេយៈពេលត្រឹមតែ 3 សប្តាហ៌។ កាលពីដំណើរមកកាន់ប្រទេសចិនមុននេះ លោកបានធ្វើការបង្ហាញនូវ Changan Mazda 6e ដែលជាឡានអគ្គិសនីសុទ្ធនៅទីក្រុងណានជីង។ ទស្សនៈកិច្ចបរស់លោកនៅពេលនោះ គឺមានការផ្តោតខ្លាំងទៅលើភាពរីកចំរើនរបស់ទីផ្សារនាំចេញរបស់ Mazda ក៏ដូចជាពិនិត្យទៅលើសង្វាក់ផលិតកម្មនៅប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា ជាមួយនិងការគាំទ្រទៅលើម៉ូដែលថ្មីៗរបស់ Mazda នៅពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា គឺដោយសារតែរថយន្តអគ្គិសនីជំនាន់ថ្មីនេះ ត្រូវបានធ្វើការឌីស្សាញថ្មីប្រកបដោយភាពទាក់ទាញ និងមានការប្រើប្រាស់នូបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុននៅប្រទេសចិន ហើយរថយន្តនេះ ក៏ត្រូវបានធ្វើការអភិវឌ្ឍនៅក្នុងស្រុកផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបស់អតិថិជននៅប្រទេសចិនផងដែរ។ សម្រាប់ រថយន្តអគ្គិសនី Mazda 6e គឺមានការបំពាក់នូវបច្ចេកវិទ្យាថ្ម ដែលមានភាពទំនើប ហើយនិងមានការធ្វើតេស្តទៅលើសុវត្ថិភាពយ៉ាងជាក់លាក់ទៀតផង។ រថយន្តនេះក៏ទទួលបាននូវការបញ្ជាក់ពីប្រព័ន្ធសុវត្ថិភាពពីប្រេទេសចិន និងទីផ្សារអឺរ៉ុបផងដែរ។
ក្រុមហ៊ុន Mazda ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់សង្វាក់ផលិតកម្មរបស់ប្រទេសចិន និងការផ្គត់ផ្គង់នៅប្រទេសចិន ខណៈដែលការឌីស្សាញទៅលើរូបរាង គឺនៅតែបន្តរក្សាតាមស្តង់ដាររបស់ខ្លួនដដែល។ ដើម្បីធ្វើការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុន Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀតនៅត្រឹមឆ្នាំ 2027។