ថ្មីៗនេះ យោងតាមការបែកធ្លាយថ្មីមួយចេញពី Car bloggers ល្បីៗដូចជា MetaAuto និង Hanlu ដែលបានបង្ហោះនៅលើ Weibo បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Zeekr បាននឹងកំពុងតែមានការរៀបចំនូវការប្រកាសចេញនូវឡានម៉ូដែលថ្មី 001 FR hypercar របស់ខ្លួន ដែលមានកម្លាំងម៉ាស៊ីនដល់ 2,000 សេះ។ ដូច្នេះបើសិនជាព័ត៌មាននេះ ក្លាយជាការពិតនោះ ក្រុមហ៊ុននេះ នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដំបូងគេដែលបានផលិតរថយន្តដែលមានកម្លាំងខ្ពស់បែបនេះ។
សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានគេរាយការណ៌ថា អាចនឹងមានការផ្លាស់ប្តូរនូវការឌីស្សាញរូបរាងក៏ដូចជាការកាត់បន្ថយនូវទម្ងន់ផងដែរ នៅក្នុងនោះ ក្រុមហ៊ុននេះក៏មានការពង្រឹងទៅលើប្រព័ន្ធហ្វ្រាំង និងសម្បកកង់ ក៏ដូចជាថាមពលប្រើប្រាស់ផងដែរ។
សូមជំរាបថា Zeekr 001 FR គឺឡានអគ្គិសនីសុទ្ធប្រភេទ hypercar ដែលបង្ហាញវត្តមានកាលពីខែតុលាឆ្នាំ 2023 ជាមួយនិងតម្លៃ 769,000 យ៉ន់ដែលប្រហាក់ប្រហែល 107,000 ដុល្លារ។ ឡានអគ្គិសនីម៉ូដែលនេះមានកម្លាំង 1,300 សេះ ហើយនឹង មានសមត្ថភាពអាចបង្កើតល្បើនពី 0 ទៅ 100 kph ដែលប្រើប្រាស់ពេលត្រឹមតែ 2.02 វិនាទីប៉ុណ្ណោះ។
Zeekr 001 FR គឺឡានអគ្គិសនីមួយដែលមានការប្រើប្រាស់នូវម៉ូទ័រចំនួន 4 គ្រាប់ ហើយនិងមានការបំពាក់នូវអាគុយទំហំ 100kWh ដែលសាកពី 10% ទៅ 80% ដោយចំណាយពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ ទាក់ទងនឹងមុខងារប្រើប្រាស់នៅលើ 001 FR នេះ គឺមានការមុខងារ “Raikkonen Mode” ដែលត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញតាមលំនាំបទពិសោធន៌បើកបរពីកីឡាករប្រណាំងឡាន F1 ដ៏ល្បីទៀតផង។ បន្ថែមពីនេះនៅលើរថយន្តនេះ ក៏មានមុខងារ “Overclocking Mode” សម្រាប់ជួយបង្កើននូវថាមពលផងដែរ។