នេះគឺជាឡាន Chevrolet Spark EUV ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសប្រេស៊ីល ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $28,000។ គួរឲ្យដឹងដែរថា Chevrolet Spark EUV ថ្មីនេះ ជាក់ស្តែងគឺគេបានយកឡាន Baojun Yep Plus មកប្តូរតែមប៉ុណ្ណោះ ព្រោះថាឡានទាំង 2 ម៉ូដែល ស្ថិតនៅក្រោមដំបូលក្រុមហ៊ុនមេតែមួយ គឺ SAIC-GM-Wuling ខណៈ Spark EUV នេះ គឺជាម៉ូដែលពិសេសមួយ ដើម្បីអបអរសាទរខួប 100 ឆ្នាំ នៃប្រេន Chevrolet នៅលើទីផ្សារប្រទេសប្រេស៊ីល។
ជាមួយគ្នានេះដែរ Chevrolet Spark EUV បានយក Spec ពីឡាន Baojun Yep Plus ទាំងដុលតែម្តង ពោលគឺប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) មានកម្លាំង 101 HP និង កម្លាំងរមួល 180 NM ហើយបំពាក់កញ្ចប់អាគុយអគ្គិសនី ទំហំ 42 kWh ដែលអាចបើកបរបានចម្ងាយ 401 KM (CLTC) នៅពេលសាកភ្លើងពេញម្តង។
ឡាន SUV អគ្គិសនីខ្នាតតូចមួយនេះ មានប្រវែងតួខ្លួន 3.99m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.56m ហើយមានបំពាក់ Option ទំនើបៗជាច្រើន រួមទាំង កុងទ័រឌីជីថល ទំហំ 8.8 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ 12.8 អ៊ីញ អមដោយប្រព័ន្ធជំនួយការបើកបរ និងសុវត្ថិភាព ADAS ជាច្រើនផ្សេងទៀ់តផង។
សូមបញ្ជាក់ឲ្យដឹងដែរថា ឡាន Baojun Yep Plus ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃចាប់ពីខ្ទង់ $13,000 ប៉ុណ្ណោះ ហើយមានផ្តល់ទាំងជម្រើសតួខ្លួន ទ្វារ 3 និង ទ្វារ 5 ខណៈម៉ូដែល Chevrolet Spark EUV មានតែជម្រើសតួខ្លួនទ្វារ 5 ប៉ុណ្ណោះ៕