Fang Cheng Bao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD បានប្រកាសត្រៀមបញ្ចេញនូវឡាន SUV ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Tai 7 នៅខែកញ្ញាខាងមុខនេះហើយ ដោយឡាននេះ គឺជាម៉ូដែលទីពីរនៃត្រកូល Tai Series។ យោងតាមការបញ្ជាក់ចេញពីលោក Xiong Tianbo ដែលជាប្រធានក្រុមហ៊ុននេះ នៅក្នុងព្រឹត្តិការណ៌សំនួរចម្លើយ បានបង្ហើបថា ការបង្ហាញវត្តមានរបស់ឡាន hybrid SUV ថ្មីនេះ អាចនឹងមកដល់នៅចុងខែសីហានេះហើយ។
តាមការបញ្ជាក់ពីក្រុមហ៊ុន Fang Cheng Bao កាលពីពេលថ្មីៗនេះ បាននិយាយថា សង្វាក់ផលិតកម្មទៅលើឡាន SUV ម៉ូដែលថ្មី Tai 7 នេះ គឺបានចាប់ផ្តើមកាលពីខែសីហាកន្លងទៅ ហើយនឹងត្រៀមបង្ហាញវត្តមានជាផ្លូវការណ៌នៅត្រីមាសទី 4 ខាងមុខ។ ឡាននេះមានប្រវែង 4,999mm ទទឹង 1,995mm និងកំពស់ 1,865mm ហើយនិងមានគម្លាតកង់មុខក្រោយប្រវែង 2,920mm។ ជាមួយនិងវត្តមាននាពេលខាងមុខនេះ ឡាន Tai 7 ថ្មីនេះ គឺមានការឌីស្សាញខាងក្នុងមានទំហំធំជាងមុន ប្រៀបធៀបជាមួយម៉ូដែលថ្មីៗរបស់ Fang Cheng Bao ដែលមានលក់នៅលើទីផ្សារ ហើយម៉ូដែលថ្មីនេះ ក៏មានការផ្តោតខ្លាំងទៅលើជំនួយការបើកបរផងដែរ។
Tai 7 ត្រូវបានក្រុមហ៊ុន BYD ដាក់អោយដំណើរការនៅលើប្រព័ន្ធបើកបរឆ្លាតវៃ God Eye smart driving system ហើយនិងមានការផ្តល់នូវម៉ូដែលថ្មី ដែលគ្មាន LiDAR ទៀតផង។ សម្រាប់ម៉ូដែល AWD គឺមានការបំពាក់នូវអាគុយទំហំ 35.6-kWh អាចបើករជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 180km តាមស្តង់ដារ CLTC។
ហើយបើមើលទៅលើ Two-Wheel-Drive គឺមានអាគុយទំហំ 26.6-kWh រត់បានជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 135km តាមស្តង់ដារ CLTC។ សម្រាប់ការសាកថាមពលថ្មពេញ និងចាក់សាំងពេញម្តង Tai 7 អាចរត់បានចម្ងាយដល់ទៅ 1,300km។ គួរបញ្ជាក់ថា កាលពីថ្ងៃទី 12 ខែសីហា កន្លងមក ក្រុមហ៊ុន BYD ក៏បានប្រកាសចេញនូវថេប្លេតដែលអភិវឌ្ឍដោយខ្លួនឯង ដែលគ្រោងនឹងបំពាក់នៅលើ Tai 7 ផងដែរ។