រថយន្តអគ្គិសនីស៊េរីថ្មីម៉ាក Nissan N7 ដែលជាប្រភេទរថយន្ត sedan ដែលផលិតឡើងដោយប្រើប្រាស់នូវទម្រង់គ្រោងឆ្អឹងរបស់ម៉ូដែល Dongfeng eπ 007 ត្រូវបានគេប្រទះឃើញដាក់តាំងបង្ហាញនៅក្នុង Showroom របស់ក្រុមហ៊ុនចែកចាយនៅក្នុងប្រទេសចិន នៅមុនថ្ងៃនៃការបង្ហាញវត្តមានមកដល់ដែលត្រូវធ្វើឡើងក្នុងខែឧសភា ឆ្នាំ 2025 ខាងមុខ។ រថយន្តអគ្គិសនី Sedan ដែលមានការរចនារូបរាងប្រណិតបែបស្លីមមួយនេះ ត្រូវបានគេជឿជាក់ថា នឹងជម្រុញបរិមាណការលក់ និងជាដៃគូប្រគូតប្រជែងយើងល្អជាមួយរថយន្ត sedan របស់ក្រុមហ៊ុនផ្សេងទៀតក្នុងទីផ្សារប្រទេសចិន។ Nissan N7 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្តប្រចាំឆ្នាំ Guangzhou Auto Show 2024។
Nissan N7 ត្រូវបានផលិតឡើងដោយរួមសហការគ្នារវាងក្រុមហ៊ុន Nissan និង Dongfeng ហើយវាប្រើប្រាស់ទម្រង់នៃការរចនាពីម៉ូដែល Dongfeng eπ 007 ដែលលក់បានចំនួន 29,915 គ្រឿង គិតចាប់ពីខែមីនាឆ្នាំ 2024 ដល់ខែកុម្ភៈឆ្នាំ 2025។ ការរចនារបស់ Nissan N7 គឺបែបប្រណិតនិយមជាមួយទម្រង់ sleek design ដោយផ្នែកខាងមុខរចនារាងបូលរំលេចជាមួយចង្កៀងសងខាងរចនាជារាងអក្សរ V ចុះក្រោម និងបន្ទាត់អំពូលរាងស្លីមអូសកាត់ក្បាលរថយន្តពីម្ខាងទៅម្ខាង។
ផ្នែកចំហៀងប្រើប្រាស់ទ្វារដែលមានដៃលាក់ចូលក្នុង ឬ Hidden-door-handle ជាមួយយ៉ានកង់អាលុយមីញ៉ូមពណ៌ខ្មៅរំលេចជាមួយពណ៌ប្រាក់រចនាជាកាំរាយ Multi-spoke wheel។ ផ្នែកគូទក្រោយរចនារំលេចជាមួយនឹងបន្ទាត់ភ្លើង LED ស្លីមអូសកាត់ពីម្ខាងទៅម្ខាងយ៉ាងប្រណិត និងមាននិមិត្តសញ្ញាអក្សរ NISSAN នៅកណ្តាល។
នៅផ្នែកខាងក្នុងមានការរចនាបែបទំនើបនិយមជាមួយកៅអីស្បែករចនាបែបកៅអីរថយន្តប្រណាំងសម្រាប់កៅអីខាងមុខ ឬ Sporty chair ជាមួយក្បាលកៅអីឪោបក្បាល ដៃចង្កូតស្បែករចនាប្រណិតបែប oval-shaped two-spoke steering ដែលមានចង្កឹះលេខនៅខាងក្រោយ, អេក្រង់បង្ហាញព័ត៌មានផ្សេងៗរបស់រថយន្តនៅខាងក្រោយដៃចង្កូតជាប្រភេទ LCD និងអេក្រង់កម្សាន្តទំហំធំនៅកណ្តាលជាប្រភេទ Touchscreen, មាន Speaker ពីរគ្រាប់នៅលើ Dashboard ហើយនៅផ្នែកស្នូកកណ្តាលមានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែចំនួនពីរ និងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។ ចំពោះការគ្រប់គ្រងការបញ្ជាទូទៅនៅក្នុងកាប៊ីន Nissan N7 គឺពឹងផ្អែកទៅលើបន្ទះឈីប Qualcomm Snapdragon 8295P chip ដែលគាំទ្រជាមួយប្រព័ន្ធបញ្ញាសប្បនិម្មិតឆ្លាតវៃ Deepseek-R1 model ថែមទៀតផង។
សម្រាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃដែលបំពាក់នៅលើ N7 គឺអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Momenta ដែលប្រព័ន្ធក្រុមហ៊ុននេះមានរួមបញ្ចូលនូវមុខងារ Navigate On Autopilot (NOA) ដែលគាំទ្រដំណើរការបានទាំងការបើកបរនៅលើផ្លូវល្បឿនលឿន (Highway) និងផ្លូវក្នុងក្រុង (Urban road)។
Nissan N7 មានប្រវែងបណ្តោយ 4,930mm/ ទទឹង 1,895mm/ កំពស់ 1,487mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,915mm។ រថយន្តនេះមានជម្រើសប្រើយ៉ាន់កង់ទំហំ R17 និង R19។ N7 មានជម្រើសប្រើតែម៉ូទ័រអគ្គិសនីមួយដែលមានពីរជម្រើសកំលាំង គឺកំលាំង 160kW ឬ 215 សេះ និងកំលាំង 200kW ឬ 268 សេះ ហើយនិងប្រើថ្មប្រភេទ LFP ដែលផលិតដោយសម្ព័ន្ធមិត្តក្រុមហ៊ុន Dongfeng-Sunwoda JV។ Nissan N7 អាចនឹងមានតម្លៃខ្ទង់ចន្លោះពី $22,100 ដល់ $24,870 នៅទីផ្សារប្រទេសចិន៕