
រថយន្តប្រណិត Luxury Sedan ម៉ូដែល Maextro S800 ដែលសហការផលិតដោយ Huawei និង JAC បានធ្វើការនាំចេញទៅកាន់ដៃអតិថិជនក្នុងប្រទេសចិនដល់គ្រឿងទី 10,000 ហើយ។ ហើយអ្វីដែលពិសេសអស្ចារ្យបំផុតនោះ ម្ចាស់របស់ Maextrol S800 ទី 10,000 គ្រឿង គឺជាតារាសិល្បៈ និងជាតារាសម្តែងក្បាច់គុណចិនដ៏ល្បីឈ្មោះ គឺលោក Jet Li ដែលប្រជាជនខ្មែរដែលស្នេហាការទស្សនាភាពយន្តក្បាច់គុណចិនស្គាល់ថា លី លៀនជា។ Maextro S800 គឺជារថយន្តប្រណិតកម្រិតថ្នាក់អភិជន មិនចាញ់ឡានអាល្លឺម៉ង Mercedes-Benz Maybach និងឡានចក្រភពអង់គ្លេស Rolls-Royce ឡើយ។ ឡានប្រណិតរបស់ចិនមួយនេះមានតម្លៃលក់ចាប់ពីខ្ទង់ $ 100,465 ដល់ $144,450។
សូមបញ្ជាក់ថា Maextro គឺជាស្លាកយីហោរថយន្តប្រណិតដែលបង្កើតឡើងដោយការរួមសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត Nio ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន JAC។ ហើយ S800 គឺជាសមិត្ថផលដំបូងរបស់ក្រុមហ៊ុនទាំងពីរ ដោយ JAC ទទួលខុសត្រូវចំពោះដំណើរការផលិត ហើយក្រុមហ៊ុន Huawei ទទួលខុសត្រូវលើការអភិវឌ្ឍន៍បច្ចេកវិទ្យា ប្រតិបត្តិការ និងលក់ដោយប្រើប្រាស់បណ្តាញលក់ HIMA (Harmony Intelligent Mobility Alliance)។ Maextro S800 បានប្រកាសចេញលក់ដំបូងក្នុងទីផ្សារប្រទេសចិនកាលពីថ្ងៃទី 30 ខែឧសភា ឆ្នាំ 2025 ហើយការនាំចេញបានធ្វើឡើងក្នុងខែសីហា។

បើយោងតាមទិន្នន័យលក់ពី China EV DataTracker បានឲ្យដឹងថា Maextro S800 មានការនាំចេញបានចំនួន 7,077 គ្រឿងចាប់ពីខែសីហា ដល់ ខែវិច្ឆិកា កន្លងទៅ។ ហើយនៅថ្ងៃទី 16 ខែ ធ្នូ នេះ ការនាំចេញ Maextro S800 ទៅកាន់ដៃអតិថិជន គឺដល់ចំនួនទី 10,000 គ្រឿងហើយ។ តាមទិន្នន័យបានបង្ហាញថា ការលក់ប្រចាំខែសម្រាប់ឡាន Luxury Sedan ថ្មីនេះ គឺមានចំនួនខ្ពស់ ដោយមានចំនួន 2,923 គ្រឿងត្រូវបានលក់ចេញ។
នៅក្នុងកម្មវិធីប្រគល់រថយន្ត Maextro S8000 ទី 10,000 គ្រឿងទៅកាន់លោក Jet Li មានការចូលរួមពីលោក Xiang Xingchu អគ្គនាយកក្រុមហ៊ុន JAC និងលោក Richard Yu នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុននៃ Huawei Automotive Business Unit។ លោក Jet Li ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដែលពេញនិយមប្រើរថយន្តរបស់ក្រុមហ៊ុន Huawei ដោយពេលកន្លងមកលោកបានទិញរថយន្តម៉ូដែល Luxeed R7 Crossover ពីក្រុមហ៊ុន Huawei និងរថយន្តម៉ាក Chery សម្រាប់ជាកាដូរដល់កូនស្រីរបស់គាត់ថែមទៀតផង។

Maextro S800 ជារថយន្ត Luxury sedan មានបណ្តោយតួរខ្លួនប្រវែង 5,480mm/ ទទឹង 2,000/ កំពស់ 1,536mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,370mm។ ផ្នែកខាងក្នុងរបស់ S800 មានបំពាក់អេក្រង់ថាច់ស្រ្គីននៅកណ្តាលទំហំ 15.6-inch រួមនឹងអេក្រង់សម្រាប់ខាងមុខអ្នករួមដំណើរមុខទំហំ 16-inch។ ប្រព័ន្ធទ្វារខាងក្រោយរបស់ Maextro S800 មានសែនស័រឆ្លាតវៃដែលអាចបិទដោយទ្វារដោយគ្រាន់តែបក់ដៃ (swiped-hand) ។ បន្ថែមពីនេះ ក៏មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 43 គ្រាប់ មានកម្លាំងសរុបដល់ 2,930W រួមនឹងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយដ៏សម្បូរបែបជាច្រើនទៀតពីក្រុមហ៊ុន Huawei។

Maextro S800 មានជម្រើសប្រើអគ្គិសនី (BEV) និងអគ្គិសនីជាមួយម៉ាស៊ីន (EREV)។ ដោយម៉ូដែល BEV ដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 390kW (523hp) និងកញ្ចប់ថ្មទំហំ 95kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 702km (CLTC)។ ចំនែកម៉ូដែល EREV មានពីរជម្រើសផ្សេងគ្នា គឺជម្រើសម៉ូដែលប្រើប្រាស់ម៉ូទ័រពីរកម្លាំងសរុប 390kW និងម៉ូដែលប្រើម៉ូទ័រអគ្គិសនីបីមានកម្លាំងសរុប 635kW (852hp)។ ទាំងពីរជម្រើសម៉ូដែល បានភ្ជាប់ដោយម៉ាស៊ីនសាំង 1.5-litre កម្លាំង 115kW (152hp) មានតួរនាទីធ្វើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងទៅឲ្យកញ្ចប់ថ្មទំហំ 65kWh។ ហើយការសាកថ្មពេញម្តងអាចជិះបានចម្ងាយពី 365km ទៅ 400km ដោយប្រើថាមពលអគ្គិសនីសុទ្ធ៕





