no-alternative title
no-alternative title
no-alternative title
no-alternative title

គ្រាន់តែប៉ុន្មានចំនុចរបស់ Galaxy Note 8 គឺធ្វើអោយយើងលង់ស្នេហ៍ដកចិត្តពុំរួចពីកំពូលស្មាតហ្វូនដ៏អស្ចារ្យមួយនេះបាត់ទៅហើយ

កំពូលស្មាតហ្វូនប្រភេទហ្វាប់ប្លែតជំនាន់ទី 8, Galaxy Note 8 របស់ Samsung គឺជាការកាត់ផ្តាច់ពីត្រកូល Note ជំនាន់មុនដោយសារតែរូបរាង និងទម្រង់នៃរចនាបថរបស់វាត្រូវបានយកលំនាំរចនាបថស្ទើរតែទាំងស្រុងពីបងប្អូន Galaxy S8 និង S8 Plus ដោយវាខុសតែទំហំ និងកំពស់តែប៉ុណ្ណោះ។ ហើយអ្វីដែលជាការចាប់ផ្តើមដ៏ធំបំផុតពីលើការរចនារូបរាងនៅលើកំពូលស្មាតហ្វូនមួយនេះគឺការបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ ហើយវាក៏ជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះដំបូងគេរបស់ Samsung ផងដែរ។ ក្រៅតែពីមានរូបរាង និងរចនាបថដ៏ល្អវិចិត្រឥតខ្ជោះ គ្មានទាស់ត្រង់ណា និងកាមេរ៉ាភ្លោះដែលអាចថតរូបបានស្អាតបំផុតទៅ Note 8 មានចំនុចខ្លាំងៗជាច្រើនទៀតដែលអាចនិយាយបានថាគ្មានត្រង់ណាដែលទាស់ចិត្តរបស់យើងឡើង ហើយក៏ពិបាករក់កំពូលស្មាតហ្វូនណាមកប្រគូតប្រជែងជាមួយបានដែរក្នុងពេលនេះ។ ដូច្នេះខាងក្រោមនេះខ្ញុំនឹងលើកយកចំនុចខ្លាំងៗប៉ុន្មានចំនុចរបស់វាមកបង្ហាញជូនប្រិយមិត្តឲ្យបានដឹង និងជួយវិនិច្ឆ័យពីកំពូលស្មាតហ្វូនមួយនេះទាំងអស់គ្នាថាវាពិតជាអស្ចារ្យមែនដែលអត់។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាង និងរចនាបថ ៖ និយាយតាមត្រង់ទៅចុះរូបរាង និងរចនាបថរបស់ Galaxy Note 8 នេះមើលទៅពិតជាស្រស់ស្អាត និងរឹងមាំជាង Galaxy S8  និង S8 Plus ទៅទៀត បើទោះបីជារូបរាងរបស់វាមានទម្រង់ប្រហាក់ប្រហែលគ្នាទៅនឹងកំពូលស្មាតហ្វូនត្រកូល “S” ទាំងពីរនេះក្តី។ ផ្ទៃកញ្ចក់ខាងមុខ និងផ្ទៃខាងក្រោយនូវតែពាសដោយកញ្ចក់ការពារគុណភាពខ្ពស់ដដែលប្រភេទ Corning Gorilla Glass 5 ដូចជំនាន់ Note 7 រីឯស៊ុមព័ទ្ធជុំវិញតួរខ្លួនរបស់វាត្រូវបានផលិតពីលោហៈប្រភេទ Polished aluminum ដែលមានការដុសខាតបានកាន់តែតូចស្តើងល្អស្អាតឥតខ្ជោះ។ Note 8 មានទំហំវិមាត្រ 162.5 x 74.8 x 8.6ម.ម  និងទំងន់ 195 ក្រាម។ ប្រវែងទទឹងតួររបសវាធំជាង កម្ពស់ខ្ពស់ជាង និងទំងន់ធ្ងន់ជាង Note 7 និង Galaxy S8 Plus បន្តិច។ ចំនែកការរៀបចំប៊ូតុង និងរន្ធដោតសំខាន់ៗមួយចំនួនគឺដូចគ្នាទៅនឹង Note7 និង  S8 Series  ដែរ។

កញ្ចក់អេក្រង់ធំជាងជំនាន់មុន ៖ នៅក្នុងឆ្នាំ 2011 ស្មាតហ្វូនត្រកូល Note ដំបូងត្រូវបានបំពាក់កញ្ចក់អេក្រង់ទំហំ 5.3 អ៊ីង ដល់ឆ្នាំ 2012 ជំនាន់ Note II បានបង្ហាញខ្លួនជាមួយកញ្ចក់អេក្រង់ធំទំហំ 5.5 អ៊ីង ហើយអេក្រង់របស់ Note II នេះបានបន្តបំពាក់នៅលើ Note III ទៀត។ ជាបន្តបន្ទាប់មកទៀតជំនាន់ Note 4/ 5/ 7 បានបង្កើនទំហំដល់ 5.7 អ៊ីង។ Samsung បានរំលងជំនាន់ Note 6 ចោលដោយចង់អោយត្រកូល Note ដេញស៊េរីទាន់ត្រកូល “S” របស់ខ្លួន។ ដោយឡែកដល់ជំនាន់ Note 8 ថ្មីនេះវិញត្រូវបានបង្កើនទំហំអេក្រង់ឡើងដល់ 6.3 អ៊ីងដែលវាមានទំហំធំជាងគេបង្អស់ក្នុងពិភពស្មាតហ្វូនម៉ាក Samsung។ 

ទោះបីជាអេក្រង់របស់វាមានទំហំដល់ 6.3 អ៊ីងក្តីតែបើមើលទៅវាមិនធំពេកទេបើប្រៀបធៀបនឹងអេក្រង់របស់ហ្វាប់ប្លែតរបស់ក្រុមហ៊ុនដទៃ ហើយក៏មិនពិបាកកាន់ប្រើក្នុងដៃប៉ុន្មាននោះដែរ ដោយសារតែអេក្រង់របស់វាជាអេក្រង់ថ្មីប្រភេទ AMOLED Infinity Display ដែលមានគែមស្តើងស្លីមបំផុត និងគែមសងខាងមានលក្ខណៈកោង (dual curved screen)។ អេក្រង់ Note 8 អាចបង្ហាញរូបភាពចេញក្នុងទំហំ 1440 x 2960 ភិចសែលជាមួយកម្រិតភាពច្បាស់ 521ppi នៅលើខ្នាតអេក្រង់ 18:5.9 aspect ratio។ អេក្រង់របស់ Note 8 ស្រោបការពារដោយកញ្ចក់អេក្រង់ Corning Gorilla Glass 5 ដែលជាកញ្ចក់ធន់បំផុតនឹងការឆ្កូត ហើយជាពិសេសអេក្រង់របស់ Note 8 ក៏ទ្រទ្រង់បាននូវមុខងារ HDR10 compliant ដែលវាជួយធ្វើឲ្យផ្ទៃអេក្រង់របស់វាបង្ហាញចេញរូបភាពច្បាស់ដិតល្អ និងមានភាពរស់រវើកបំផុត។

កំលាំងម៉ាស៊ីនខ្លាំងដំណើរការរលូន ៖ Galaxy Note 8 បំពាក់នូវបន្ទះឈីប Exynos 8895 ដែលមានស៊ីភីយួប្រភេទ Octa-core-64bit ចែកជាពីរគឺ Quad-core ប្រភេទ Mongoose ជំនាន់ទីពីរមានល្បឿនប្រតិបត្តិការ 2.3GHz និង Quad-core ទៀតប្រភេទ Cortex-A53 ល្បឿន 1.7GHz និងប្រើប្រាស់ក្រាហ្វិកស៊េរី Mali-G71។ ហើយម៉ូដែលសម្រាប់ទីផ្សារអាមេរិកវិញគឺបំពាក់បន្ទះឈីប Snapdragon 835 របស់ Qualcomm ដែលមានល្បឿនប្រិតបត្តិការ 2.35GHz ប្រភេទ Kryo 280។ Note 8 ត្រូវបាន Samsung បង្កើនទំហំរ៉េមឡើងដល់ទៅ 6GB ដូចនេះរាល់ប្រតិបត្តិការណ៍ទូទៅនៅលើកំពូលស្មាតហ្វូនមួយនេះពិតជាបានរលូនបំផុតគ្មានអ្វីចោទជាបញ្ហាឡើយសម្រាប់កំលាំងម៉ាស៊ីនរបស់វា។ Note 8 មានទំហំផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនបីជម្រើសគឺ 64GB/128GB/256GB។

កំលាំងថ្ម 3,300mAh ៖ ត្រង់នេះអាចធ្វើឲ្យហ្វែនត្រកូល Note រាងស្ទើរចិត្តបន្តិច ព្រោះថាមិនគួរសោះឡើយស្មាតហ្វូនដែលមានទំហំអេក្រង់យក្សមួយនេះ Samsung បែបជាប្រើប្រាស់ថ្មទំហំត្រឹមតែ 3,300mAh ទៅវិញដោយយ៉ាងហោចណាស់ក៏បានត្រឹម 3,500mAh ដូចជំនាន់ Note 7 ក៏បានដែរ។ តែកុំទាន់អន់ចិត្តអីបើតាមការអះអាងពីក្រុមហ៊ុន Samsung ផ្ទាល់បានឲ្យដឹងថាទំហំថ្មកំលាំងប៉ុណ្ណេះអាចទ្រទ្រង់ជីវិត Note 8 ក្នុងការកំដរការកម្សាន្តទូទៅរបស់យើងបានពេញមួយថ្ងៃដោយគ្មានបញ្ហាសោះឡើយនោះក៏ដោយសារ Note 8 បានប្រើប្រាស់បន្ទះឈីប Exynos ជំនាន់ថ្មីជាមួយអក្រង់ Infinity Display ដោយពួកវាស៊ីថាមពលថ្មតិចតូចបំផុត ហើយ Samsung ក៏បានធ្វើការដុសខាត កម្មវិធី “Software” ជំនាន់ថ្មីរបស់ខ្លួនឲ្យប្រើប្រាស់ថាមពលថ្មកាន់តែតិចជាមួយមុខងារសន្សំសំចៃថាមពលថ្មបានកាន់តែល្អប្រសើរបំផុត។ ជាមួយគ្នា នេះដែរវាក៏ប្រើប្រាប់បច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Qualcomm Quick Charge 2.0 ទាំងការសាកតាមខ្សែ USB-C និង Wireless Charging។

កាមេរ៉ាថតពីរគ្រាប់រូបបានស្អាតបំផុត ៖ Samsung ហាក់រាងយឺតយ៉ាវបន្តិចក្នុងការហក់ចូលក្នុងទីផ្សារស្មាតហ្វូនកាមេរ៉ាភ្លោះ ប៉ុន្តែសម្រាប់ពេលនេះ Samsung បានបំពេញក្តីស្រមៃនៃអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនឲ្យក្លាយជាការពិតហើយជាមួយកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ Galaxy  Note 8 នេះឯងដែលវាចេញមកជាមួយកាមេរ៉ាភ្លោះដែលមានសមត្ថភាពថតរូបបានច្បាស់ស្អាតអស្ចារ្យបំផុត។ Note 8 បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ដូចគ្នាដោយមួយគ្រាប់មានកែវលែនទំហំ 26 មមជាប្រភេទកាមេរ៉ាថតរូបបានទូលាយ wide angle lens ភ្ជាប់នូវសែនស័រ dual Pixel ខ្នាត 1/2.55" មានកម្រិត aperture ធំបំផុតកម្រិត f/1.7 និងអាចធ្វើការហ្ស៊ូមបានដល់ 10x មិនធ្វើអោយខូចទ្រង់ទ្រាយរូបភាពដើម និងមួយគ្រាប់ទៀតមានកម្រិត aperture f/2.4 ជាប្រភេទ telephoto ដូចកាមេរ៉ារបស់ iPhone 7 Plus ដែរ និងអាចធ្វើការហ្ស៊ូមបានកម្រិត 2x ព្រមទាំំងអមដោយអំពូលភ្លើងជំនួយប្រភេទ Dual LED flash។ 

កាមេរ៉ាទាំងពីរគ្រាប់របស់វាធ្វើការរួមគ្នាបានយ៉ាងល្អក្នុងការផលិតរូបភាពដែលមានផ្ទៃសាច់រូបភាពច្បាស់ម៉ដ្ឋបំផុត និងស្អាតបំផុតទាំងកម្រិតពណ៌ និងកម្រិតពន្លឺគឺមិនចាញ់ពពួកកាមេរ៉ាអាជីពប៉ុន្មានឡើយ។ បន្ថែមពីនេះកែវលែនទាំងពីររបស់វាក៏ភ្ជាប់នូវមុខងាររក្សាលំនឹងកាមេរ៉ា (OIS) ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងការរក្សាលំនឹងកាមេរ៉ាទាំងការថតរូបសន្លឹក និងថតវីដេអូ ហើយវាក៏មានមុខងារថតព្រាលផ្ទៃខាងក្រោយ (Blur) ហៅថា “Portrait” ដែលអាចធ្វើការកំនត់កម្រិតព្រាលតាមដែលយើងត្រូវការទំាងពេលកំពុងថត និងក្រោយពេលថតរួចបែប Bokeh បានស្អាតបំផុត ហើយសម្រាប់ការថតវីដេអូគឺកាមេរ៉ាទាំងពីរគ្រាប់នេះមានសមត្ថភាពថតបានដល់កម្រិត 4K ជាមួយមុខងារទប់រំញ័រល្អបំផុតផងដែរ។ 

គ្រាន់តែប៉ុន្មានចំនុចនេះគឺអាចធ្វើអោយយើងលង់ស្នេហ៍ជាមួយកំពូលស្មាតហ្វូន Galaxy Note 8 នេះដោយមិនដឹងខ្លួនបាត់ទៅហើយ។ ហើយវានៅមានចំនុចពិសេសៗទំនើបៗជាច្រើនទៀតសម្រាប់ការប្រើប្រាស់កម្សាន្តមានដូចជាប៊ិច S Pen ដ៏ឆ្លាតវៃមានភ្ជាប់នូវមុខងារប្រើប្រាស់មានអត្ថប្រយោជន៍ច្រើនសម្រាប់ការគូសវាសលេងកម្សាន្ត និងអាចសរសេរគូសវាសនៅក្រោមដំណក់ភ្លៀងបាន ដំណើរការដោយប្រតិបត្តិការ Android 7.1.1 Nougat ចេញពីប្រអប់ និងស្រោបដោយផ្ទៃ  Grace UX UI ថ្មីដែលសម្បូរនៅមុខងារប្រើប្រាស់ល្អៗយ៉ាងសម្បូរបែបបំផុតដែលមិនអាចកាត់ថ្លៃបានដូចជា Always On Display និង 3D Touch ជាដើម។ Samsung Galaxy Note 8 នឹងមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍