គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ទូរស័ព្ទជំនាន់បន្ទាប់របស់ Xiaomi គឺ Mi Mix2 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅពេលណានោះទេ ព្រោះថា កាលពីពាក់កណ្តាលខែនេះ ក្រុមហ៊ុនចិនមួយនេះ ទើបតែបានប្រកាសចេញទូរស័ព្ទស្មាតហ្វូនថ្នាក់ខ្ពស់មួយស៊េរីគឺ Xiaomi Mi6។ ប៉ុន្តែពេលនេះ ទូរស័ព្ទជំនាន់បន្ទាប់មួយនេះ ត្រូវបានបណ្តាញលក់រាយតាមអនឡាញ GearBest បានចុះក្នុងបញ្ជីលក់របស់ខ្លួនដោយមានទាំងបង្ហាញពីរូបរាងគំរូ និងគុណសម្បត្តិរបស់វាថែមទៀតផង។
យោងតាមតារាងក្នុងបញ្ជីរបស់ GearBest បានបង្ហាញឲ្យយើងឃើញថា Xiaomi Mi Mix 2 គឺមានផ្ទៃកញ្ចក់អេក្រង់ពេញជាងជំនាន់មុនដែលមើលទៅគឺគ្មានគែមអេក្រង់តែម្តង។ ហើយកញ្ចក់អេក្រង់ដែលនឹងប្រើនៅលើ Mix 2 ជាប្រភេទ AMOLED ដែលមានទំហំ 6.4 អ៊ីងជាមួយសមត្ថភាពបង្ហាញ 2540x1440 ភិចសែល នេះបើតាមការឲ្យដឹងពី GearBest។ ទូរស័ព្ទជំនាន់ថ្មីនេះ នឹងប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយគឺ Qualcomm Snapdragon 835 ដែលបន្ទះ ឈីបជំនាន់ចុងក្រោយនេះ Xiaomi ទើបតែបានប្រើនៅលើជំនាន់ Mi6 ដែលទើបប្រកាសចេញថ្មីៗនេះ ដូច្នេះ វាច្បាស់ណាស់ហើយដែល Mi Mix 2 នឹងប្រើបន្ទះឈីបដ៏ខ្លាំងមួយនេះដែរ។
Xiaomi Mi Mix 2 នឹងមានជម្រើសបីម៉ូដែលគឺម៉ូដែលបំពាក់រ៉េមទំហំ 4GB/ ម៉េមូរីទំហំ 64GB, រ៉េមទំហំ 6GB/ម៉េមូរី 128GB និងរ៉េមទំហំ 8GB/ម៉េមូរី 256GB។ ចំពោះកាមេរ៉ាវិញគឺខាងក្រោយទំហំ 19MP និងខាងមុខទំហំ 13MP។ ហើយសម្រាប់សមត្ថភាពថ្មវិញ Mi Mix 2 នឹងបំពាក់នូវថ្មកំលាំង 4,500mAh ធំជាងជំនាន់ទីមួយ 100mAh។ ប៉ុន្តែទោះជាយ៉ាងណាទាំងអស់នេះគ្រាន់តែជាការបង្ហាញក្នុងបញ្ជីរបស់ GearBest តែប៉ុណ្ណោះ ហើយចំពោះគុណសម្បត្តិ និងលក្ខណះសម្បត្តិពិតប្រាកដយ៉ាងណារបស់វាយើងមិនទាន់ដឹងនៅឡើយទេគឺរងចាំទាល់តែវាបង្ហាញខ្លួនជាផ្លូវការណ៍សិនទើបអ្វីត្រូវបានបកស្រាយអស់៕