ស្មាតហ្វូន Xperia XZ Premium ចាប់ផ្តើមទទួលនូវពណ៌ថ្មីមួយបែបទៀត ហើយដែលពិតជាទាក់ទាញ និងទាន់សម័យបំផុត។ ក្រុមហ៊ុន Sony បានបន្ថែមនូវពណ៌ថ្មីឈ្មោះថា Rosso ដែលមានន័យថាពណ៌ក្រហម។ សម្រាប់ស្មាតហ្វូន Xperia XZ Premium ពណ៌ក្រហមនេះធ្លាប់ប្រទះឃើញជាលើកដំបូងបំផុតនៅក្នុងខែឧសភានៅគេបណ្តាញសង្គមរបស់ចិន Weibo ។ ក្រុមហ៊ុន Sony នៅមិនទាន់បញ្ជាក់អំពីពេលវេលានៃការដាក់លក់នៅឡើយទេ ប៉ុន្តែព័ត៌មានផ្លូវការនឹងប្រកាសនៅក្នុងពេលឆាប់ៗនេះ។
កាលពីសប្តាហ៍មុននេះ Docomo ដែលជាក្រុមហ៊ុនចែកចាយរបស់ប្រទេសជប៉ុន បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូន Rosso XZ Premium នៅថ្ងៃទី 27 ខែវិច្ឆិកានេះ ហើយមនុស្សមួយចំនួនជឿជាក់ថា ពណ៌ថ្មីនេះ នឹងដាក់លក់ផ្តាច់មុខនៅក្នុងអាស៊ីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមើលទៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Sony បានទម្លាយថា ក្រុមហ៊ុនបានបន្ថែមនូវពណ៌ថ្មីជាច្រើនសម្រាប់ដាក់លក់ដូជជា Luminous Chrome, Deepsea Black និង Bronze Pink។ វានៅមិនទាន់មានការបញ្ជាក់ 100% នោះទេ ប៉ុន្តែស្មាតហ្វូនពណ៌ថ្មីនេះក៏ប្រហែលជាដាក់លក់នៅទីផ្សារបស្ចឹមប្រទេសផងដែរ។
បើទោះបីជាការរចនាស៊ុមព័ទ្ធអេក្រង់ធំនៅលើទូរស័ព្ទមើលទៅហាក់ដូចជាហួសសម័យបន្តិចមែនបើធៀបជាមួយនឹងក្រុមហ៊ុនប្រកួតប្រជែងជាមួយស្មាតហ្វូនភ្ជាប់ជាមួយស៊ុមព័ទ្ធអេក្រង់ស្តើងនោះ ស្មាតហ្វូននេះមានលក្ខណៈពិសេសខ្លាំងក្លាទៅលើ Hardware ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 835 chipset បន្ទះអេក្រង់ 5.5 អ៊ីញកម្រិតភាពច្បាស់ 4K HDR និងកាមេរ៉ាខាងក្រោយទំហំ 19MP សម្រាប់ថតវីដេអូ Slow-Motion នៅក្នុងល្បឿន 960fps ។
ស្មាតហ្វូន XZ Premium ក៏កំពុងតែចាប់ផ្តើម Upgrade ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើននៅហុងកុង តៃវ៉ាន់ មជ្ឈឹមបូពា និងអាហ្វ្រិកអាចធ្វើការកម្មង់ទិញស្មាតហ្វូនពណ៌ក្រហមនេះភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 8.0 ។ ក្រុមហ៊ុន Sony និយាយថា អ្នកប្រើប្រាស់ជាច្រើននៅបណ្តាទីផ្សារជាច្រើនទៀតក៏អាចធ្វើការកម្មង់ទិញស្មាតហ្វូននេះក្នុងពេលឆាប់ៗនេះផងដែរ៕