ជាមួយនិងការបង្ហាញវត្តមានស្មាតហ្វូនថ្នាក់ប្រណិតនារយៈពេលពីរបីឆ្នាំមកនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា គឺនៅតែបន្តការឌីស្សាញរូបរាងដដែលៗសម្រាប់ម៉ូដែលថ្មីនៃត្រកូល Galaxy S series របស់ខ្លួន។ តាមការវិភាគរបស់អ្នកតាមដាននានា បានបង្ហាញថា សម្រាប់ការឌីស្សាញស្មាតហ្វូនថ្នាក់ប្រណិតមួយ អោយមានទម្ងន់ស្រាល និងមានកម្រ៉ាស់ស្តើងព្រមទាំងរក្សារូបរាងដដែលនេះ ប្រហែលជាមិនអាចធ្វើបានស្រួលៗនោះទេ ហេតុនេះហើយទើបវត្តមានរបស់ Galaxy S series គឺនៅតែបន្តមានរូបរាងស្រដៀងៗគ្នា។
យោងតាមការបង្ហើបព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា Samsung ប្រហែលជាមានគម្រោងធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងរបស់ Galaxy S26 Ultra ដែលចេញនៅឆ្នាំក្រោយនេះ មានកម្រាស់ស្តើងជាងមុន។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបញ្ចេញនូវ Galaxy S25 Edge ដែលជាសមាជិកថ្មីនៃ Galaxy S25 និង Galaxy S25+ មានកម្រ៉ាស់ស្តើងមែនទែន។ សម្រាប់ម៉ូដែកនេះ គឺមានការបំពាក់កាមេរ៉ា ហើយនិងឈីបដូចគ្នាជាមួយ Galaxy S25 Ultra អញ្ចឹង ប៉ុន្តែមានថ្មតូចជាង Galaxy S25។ ជាមួយវត្តមានម៉ូដែលនេះប្រសិនបើទទួលបានជោគជ័យនោះ ក្រុមហ៊ុននេះ គឺពិតជាធ្វើការផ្លាស់ប្តូរការឌីស្សាញរូបរាងរបស់ស្មាតហ្វូនម៉ូដែល Ultra អោយមានកម្រ៉ាស់ស្តើងជាក់ជាមិនខាន។
បើមើលទៅលើការបង្ហោះនៅលើ tweet របស់ Ice Universe បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺមានគម្រោងឌីស្សាញទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra មានកម្រ៉ាស់ប្រហែលជា 7.Xmm ប៉ុណ្ណោះ ដែលពិតជាស្តើងមែនទែន។ នៅលើសារនោះ ក៏មានការកាត់បន្ថយនូវទម្ងន់មួយចំនួនផងដែរ។ មួយវិញទៀតបើទោះបីជាអេក្រង់ទំហំធំខ្ពស់ក៏ដោយ សម្រាប់ការវវត្តិថ្មីនេះ អាចនឹងផ្តល់នូវបទពិសោធន៍ល្អជាងមុនផងដែរ។ មានការរំពឹងថា S26 Ultra ប្រហែលជាមិនមានការតម្លើងថាមពលថ្មទេបើទោះបីជាមានព័ត៌មានថា ស្មាតហ្វូននេះនឹងមានកម្លាំងសាកខ្ពស់ជាងមុនក៏ដោយ។
ស្មាតហ្វូនថ្មីត្រូវគេទម្លាយថា នឹងមានអេក្រង់ថ្មី CoE OLED display ហើយនឹងមានការអាប់ដែតទៅលើកាមរ៉ា 200MP ISOCELL HP2+ សម្រាប់សិនស័រគោល រួមជាមួយនិងបន្ទះឈីប Snapdragon 8 Elite 2 for Galaxy ទៀតផង។