កាលពីប៉ុន្មានថ្ងៃមុននេះ ពាក្យចចាមអារ៉ាមជាច្រើនក៏បានទម្លាយថា Galaxy S26 Ultra ដែលជាស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងមានការប្រកាសចេញនៅដើមឆ្នាំក្រោយនេះ គឺនឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដល់ទៅ 65W ខ្ពស់ជាងរបស់ស្មាតហ្វូនជំនាន់មុនៗកន្លងមក ដែលបំពាក់មកជាមួយត្រឹមតែ 45W ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra គឺនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតាមខ្សែរកម្លាំងត្រឹមតែ 60W ប៉ុណ្ណោះ។ តាមរយៈនៃការបង្កើនល្បឿនលឿនជាងមុននៅពេលនេះ ត្រូវបានគេវាយតម្លៃថា គឺប្រហែលជាមិនសូវជាខុសប្លែកគ្នាខ្លាំងនោះទេ ប្រៀបធៀបជាមួយនិងកម្លាំង 45W កន្លងមកនោះ។
ហើយរបាយការណ៍ខាងលើនេះ ក៏ធ្លាប់បានទម្លាយថា ស្មាតហ្វូន Galaxy S26 Ultra នេះ នឹងមានថាមពលថ្មទំហំ 5,500mAh ដែលមានការបង្កើនច្រើនជាងមុន 10% ប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S25 Ultra ដែលមានទំហំ 5,000 mAh ដែលនេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿនជាងមុន។
ទោះបីជាមានការលើកឡើងជាច្រើនបែបនេះក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ព័ត៌មានច្បាស់នៅឡើយទេ ប៉ុន្តែយើងអាចដឹងថា ស្មាតហ្វូន Galaxy S26 Ultra នេះនឹងមានការបង្កើនទៅលើថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន។ មានការលើកជាសំណួរថា តើការបង្កើនទៅលើ 2 ចំណុចខាងលើនេះ នឹងអាចជួយអោយក្រុមហ៊ុន Samsung អាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតរបស់ចិនបានទេ? តើមុខងារថ្មីអ្វីទៀតដែលគួរតែមាននៅលើស្មាតហ្វូននេះ? កុំភ្លេចតាមដានជាមួយគ្នា!