អ្វីដែលមនុស្សភាគច្រើនបានដឹងពីស្មាតហ្វូននោះគឺថា ស្មាតហ្វូនស៊េរីទំនើបៗជាច្រើន គឺមិនសូវជាមានការពង្រឹងទៅលើថាមពលថ្មប្រើប្រាស់បានយូរនោះទេ ប៉ុន្តែមានការខិតខំបង្កើនទៅលើប្រសិទ្ធិភាពនៃកម្លាំងម៉ាស៊ីននៃបន្ទះឈីប ដើម្បីអោយដំណើរការកាន់តែលឿនទាន់ចិត្តអ្នកប្រើប្រាស់។ សំរាប់អ្នកដែលមិនចង់ទិញស្មាតហ្វូនថ្នាក់ប្រណិតនោះ អ្នកអាចធ្វើការជ្រើសរើសនូវស្មាតហ្វូនថ្នាក់កណ្តាលនៃគ្រួសាររបស់ Asus ZenFone Max ដោយសារតែស្មាតហ្វូននេះ មានតម្លៃសមរម្យបំផុត ជាពិសេសគឺទៅលើថាមពលថ្មសម្រាប់ប្រើប្រាស់បានយូរថែមទៀត។
នៅថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro M2 និង ZenFone Max M2 បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការដាក់លក់ស្មាតហ្វូននេះ នៅសប្តាហ៍ក្រោយនេះ មុនការពង្រីកវត្តមានរបស់វាទៅកាន់សហរដ្ឋអាមេរិក ហើយវាក៏ត្រៀមក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES 2019 នៅក្នុងខែមករាខាងមុខនេះផងដែរ។ យ៉ាងហោចណាស់ វាមានការរំពឹងថា ស្មាតហ្វូនស៊េរីថ្មី ZenFone Max Plus M1 និង ZenFone Max M1 គឺអាចប្រើប្រាស់បានជាមួយនឹងភាពជឿជាក់ខ្ពស់បំផុត។
នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូនស៊េរីថ្មី Asus ZenFone Max Pro M2 នេះ លក់នៅក្នុងតម្លៃប្រហែលជា $180 ហើយវាមានការរចនាកញ្ចក់យ៉ាងស្រស់ស្អាតនៅផ្នែកខាងក្រោយរបស់វា ជាពិសេសវាក៏មានភ្ជាប់ជាមួយនឹង Notch ដែលមានមុខងារពេញលេញជាច្រើនថែមទៀត។ សម្រាប់កម្លាំងថាមពលថ្មរបស់វា គឺដល់ទៅ 5000mAh។ អ្វីដែលអស្ចារ្យជាងនេះ ទៀតនោះ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានទម្ងន់ត្រឹមតែ 175 ក្រាម ហើយនឹងមានអេក្រង់ទំហំ 6.26 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ FHD+ ថែមទៀត។
ស្មាតហ្វូន ZenFone Max Pro M2 ប្រើប្រាស់នៅលើបន្ទះឈីប Snapdragon 660 SoC ដែលមានកម្លាំងខ្លាំងនៅក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ផងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI។ កាមេរ៉ាភ្លោះនេះមានទំហំ 12MP f/1.8 aperture និងកាមេរ៉ាខាងមុខទំហំ 13MP selfie ភ្ជាប់ជាមួយនឹង f/2.0 aperture ថែមទៀតផង។
សម្រាប់ស្មាតហ្វូនស៊េរីថ្មី Asus ZenFone Max M2 មានតម្លៃត្រឹមតែ $140 ហើយនិងមានថាមពលថ្មដល់ទៅ 4,000 mAh រួមនិងបន្ទះឈីប Snapdragon 632។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹង Notch ហើយវាក៏មានអេក្រង់ទំហំ 6.26 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ HD+ ហើយប្រព័ន្ធកាមេរ៉ាគឺភ្លោះ។ ស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint ដែលមានល្បឿនលឿន រួមជាមួយនឹងនិងបច្ចេកវិទ្យា Face Unlock ផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។ សម្រាប់ស្មាតហ្វូន ZenFone Max Pro M2 អាចធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie នៅខែក្រោយនេះ។ ស្មាតហ្វូនទាំងពីរនេះ អាចប្រើប្រាស់បានដល់ទៅ 2 ថ្ងៃសម្រាប់ការបញ្ចូលថាមពឡថ្មម្តង៕