Huawei P20 Pro គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានប្រព័ន្ធកាមេរ៉ាអស្ចារ្យបំផុត ហើយស្មាតហ្វូននេះ ក៏ជាស្មាតហ្វូនដែលមានប្រព័ន្ធកាមេរ៉ាដល់ទៅ 3 គ្រាប់ និងមានកម្រិតភាពច្បាស់ដល់ទៅ 40 MP resolution ដែលអាចធ្វើការថតរូបភាពបានស្អាតគ្រប់កាលៈទេសៈថែមទៀតផង។ ប៉ុន្តែបើទោះបីជាស្មាតហ្វូននេះ មានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមានមុខងារមួយ ដែលនៅខ្សោយផងដែរ នោះគឺការថតវីដេអូ។
តាមការបញ្ជាក់របស់ XDA បានអោយដឹងថា សមត្ថភាពនៃការថតវីដេអូរបស់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយនេះ នឹងធ្វើឡើងឆាប់ៗនេះ តាមរយៈការអាប់ឌែតទៅលើកម្មវិធី Software នោះ។ សម្រាប់ firmware នាពេលខាងមុខនេះ នឹងមានការនាំយកនូវមុខងារនៃការថត super slow-motion video recording ដែលធ្វើឱ្យវីដេអូនេះ នឹងមានកម្រិតដល់ទៅ 960 fps។ មុខងារនេះ មិនមែនជារឿងអ្វីដែលថ្មីនោះទេ បើធៀបទៅនឹងស្មាតហ្វូន Samsung Galaxy S9 និង Sony Xperia នោះ។
តាមការបញ្ជាក់នៅក្នុងព័ត៌មានបែកធ្លាយនេះ មុខងារ slow-motion mode នឹងមានកម្រិតភាពច្បាស់ដល់ទៅ 720p (ស្មាតហ្វូន Sony Xperia អាចធ្វើការថតវីដេអូនៅក្នុងកម្រិត 960 fps កម្រិត Full HD)។ ស្មាតហ្វូននេះ អាចធ្វើការថតវីដេអូនៅក្នុងកម្រិត 0.1 seconds នៅក្នុងការថតវីដេអូ super slow-motion ហើយស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នឹងមានការនាំយកនូវមុខងារ zoom interface ថ្មី។ សម្រាប់ការ Update ទៅលើស្មាតហ្វូន Huawei P20 Pro នៅមិនទាន់ដឹងថានឹងបញ្ចេញនៅពេលណានោះទេ៕