ក្រោយពីបានធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Oppo Find X2 Series ជាផ្លូវការណ៍រួចមកពេលនេះក្រុមហ៊ុន OPPO បានផ្តោតយកចិត្តទុកដាក់ទៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយទៀតដែលត្រៀមប្រកាសចេញក្នុងពេលឆាប់ៗនេះនោះគឺ Oppo Reno Ace 2។ ដោយស្មាតហ្វូនជំនាន់ថ្មី ក្នុងត្រកូល Reno Ace នេះនឹងមកដល់នាថ្ងៃទី 13 ក្នុងខែមេសានេះ។
នៅថ្ងៃប្រារព្ធព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះ ក្រុមហ៊ុន OPPO មិនមែនបង្ហាញតែស្មាតហ្វូន Reno Ace 2 ប៉ុណ្ណោះទេ ក្រុមហ៊ុន ក៏នឹងបង្ហាញចេញនូវសមត្ថិផលបច្ចេកវិទ្យាថ្មីផ្សេងទៀតរបស់ខ្លួនផងដែរ។
បើតាមប្រភពព័ត៌មានដែលយើងទទួលបានក្នុងថ្ងៃនេះបានអោយដឹងថា OPPO នឹងធ្វើការបង្ហាញចេញនូវឆ្នាំងសាកថ្មឥតខ្សែជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះផ្លូវការណ៍ថា “Oppo 40W AirVOOC Charger” ផងដែរព្រោះថាឆ្នាំងសាកថ្មឥតខ្សែជំនាន់ថ្មីនេះបានទទួលបានវិញ្ញាបនបត្រទទួលស្គាល់ផ្លូវការណ៍ដោយ Wireless Power Consortium ដែលហៅកាត់ថា “WPC” រួចហើយ។ ដំណឹងនេះគឺពិតជាធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងមែនទែនព្រោះថាថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនបាននិយាយថាទូរស័ព្ទជំនាន់ថ្មី Oppo Reno Ace 2 នឹងទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថ្មដោយប្រើខែ្សចម្លងតាមរយះឆ្នាំងសាកកំលាំង 65W និងការសាកថ្មដោយឥតប្រើខ្សែកំលាំង 40W។
ឆ្នាំងសាកថ្មឥតខ្សែជំនាន់ថ្មីរបស់ OPPO គឺប្រើប្រាស់បច្ចេកវិទ្យា Qi Standard ហើយមានការរចនាឡើងជាមួយពណ៌សលាយប្រផេះ និងមានថតនៅខាងស្តាំសម្រាប់ដាក់ទូរស័ព្ទសាកថ្ម (បើតាមរូបភាព)។ ចំនែកនៅផ្នែកខាងឆ្វេងគឺមានកង្ហាលមួយសម្រាប់ជួយកាត់បន្ថយការឡើងកំដៅ។ រីនៅផ្នែកខាងក្រោមគឺមានការរចនាឡើងជាមួយចន្លោះរន្ធជុំវិញសម្រាប់បំភាយកំដៅដើម្បីជួយរក្សានូវភាពត្រជាក់។ ឆ្នាំងសាក Wireless Charger ជំនាន់ថ្មីរបស់ OPPO ត្រូវបានប្រភពបញ្ជាក់ថាវាមានសមត្ថភាពអាចផ្ទេរចរន្តចេញបានដល់ 65W។
ទោះជាយ៉ាងណាសម្រាប់ដុំឆ្នាំងសាកថ្មឥតខ្សែដែលមានកំលាំង 40W របស់ OPPO គឺពិតជាមានលទ្ធភាពគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ព្រោះថាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅមិនទាន់មានលទ្ធភាពក្នុងការផ្តល់ជូនអ្នកប្រើប្រាស់បានជាមួយឆ្នាំងសាកដែលមានកំលាំងសាកថ្មដល់ 40W នៅឡើយសូម្បីតែការសាកតាមរយះខ្សែចម្លង។ យ៉ាងណាមិញយើងនៅតែមិនទទួលបានព័ត៌មានជាក់លាក់ពីតម្លៃរបស់ឆ្នាំងសាក Oppo 40W AirVOOC Charger និងថ្ងៃចេញលក់របស់វានៅឡើយទេ ប៉ុន្តែយើងនឹងបានដឹងច្បាស់ក្នុងពេលឆាប់ៗនេះគឺថ្ងៃទី 13 ខែមេសាសប្តាហ៍ក្រោយនេះ៕