នៅថ្ងៃទី 16 ខែកញ្ញាខាងមុខនេះ vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី vivo NEX 3 5G flagship របស់ខ្លួននៅក្នុងទីក្រុងស៊ាងហៃ។ ប្រធានបទនៅក្នុងសន្និសិទនេះ គឺ “Unbounded in the Future” ដែលមានន័យថា “អនាគតដែលគ្មានព្រំដែនកំណត់” រួមជាមួយនឹង “Unbounded Waterfall Screen” របស់ស្មាតហ្វូន NEX 3 ថែមទៀតផង។ នៅក្នុងខណៈពេលនេះ កាសស្តាប់ Wireless ដំបូងបំផុតរបស់ក្រុមហ៊ុន vivo ដែលមានឈ្មោះថា vivo TWS Earphone នឹងបង្ហាញខ្លួនឆាប់ៗនេះ។
នៅថ្ងៃនេះ រូបភាព Poster ផ្លូវការរបស់កាសស្តាប់ថ្មីនេះ គឺបង្ហាញខ្លួននៅលើគេហទំព័រមួយ ដែលមានការទម្លាយអំពីការឌីស្សាញរូបរាងរបស់កាសស្តាប់នេះយ៉ាងល្អឥតខ្ចោះ។ សម្រាប់ផ្ទាំងរូបភាព Poster នេះ កាសស្តាប់ vivo TWS Earphone នេះមានការឌីស្សាញរូបរាងដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកាសស្តាប់ Apple AirPods។ កាសនេះ មានការបញ្ចូលគ្នានៃពណ៌ខៀវ និងពណ៌ខ្មៅជាមួយនឹងការប្រើប្រាស់នូវ Texture យ៉ាងស្រស់ស្អាត។ កាលពីពេលមុននេះ ក្រុមហ៊ុន Qualcomm ក៏ធ្វើការបង្ហោះនៅលើ Weibo ជាមួយនឹងការទម្លាយនូវកាសស្តាប់ vivo TWS Earphone ដែលប្រើប្រាស់នូវ flagship wireless chip ថ្មីរបស់ក្រុមហ៊ុន Qualcomm នេះ។
ក្រុមហ៊ុន vivo បាននិយាយថា វត្តមានកាសស្តាប់ចុងក្រោយបំផុតនេះ មានគោលដៅក្នុងការពង្រឹងទៅលើបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងសករាជ 5G។ វាក៏មានការពន្លឿនទៅលើការផ្សព្វផ្សាយយុទ្ធសាស្រ្តនៃម៉ាកយីហោ និងជួយក្រុមហ៊ុន vivo ក្នុងការបង្កើតនូវប្រព័ន្ធ Ecosystem ដែលមានការភ្ជាប់ទំនាក់ទំនងគ្នាផងដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មី vivo NEX 3 5G នៅតែប្រើប្រាស់នូវរន្ធដោតកាសស្តាប់ 3.5mm headphone jack ដដែល៕