ទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន realme ម៉ូដែល GT 5G នឹងមកដល់ផ្លូវការណ៍នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ហើយសម្រាប់ព័ត៌មានច្បាស់ការណ៍ចុងក្រោយនេះបាននិយាយថា realme GT 5G នឹងបង្ហាញវត្តមានផ្លូវការណ៍ដោយដំឡើងមកជាមួយប្រតិបត្តិការ Android 11 និងស្រោបដោយផ្ទៃមុខកម្មវិធី realme UI2.0 ចេញពីប្រអប់ស្រាប់តែម្តង។ realme UI2.0 គឺជាស្បែកមុខកម្មវិធីដែលជាកំនែប្រែថ្មីរបស់ក្រុមហ៊ុន realme ផ្ទាល់ ដោយវាត្រូវបានក្រុមហ៊ុនដាក់ចេញកាលពីកំឡុងខែកញ្ញា ឆ្នាំ 2020 កន្លងទៅ។ ជាមួយ UI ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបន្ថែមនូវមុខងារប្រើប្រាស់ថ្មីៗកាន់តែសម្បូរបែបដោយក្នុងរួមមានមុខងារ Dark Mode, Always On Display, បង្កើតនូវមុខងារឯកជនភាព (Privacy), Productivity Enhancement និងមុខងារថ្មីៗជាច្រើនទៀត។
ក្រុមហ៊ុន realme បានប្រកាសដាក់អោយអ្នកប្រើប្រាស់ផលិតផលទូរស័ព្ទឆ្លាតវៃស៊េរីមុនៗរបស់ខ្លួនអាចធ្វើបច្ចុប្បន្នភាពឡើងមកកាន់ UI2.0 ថ្មីនេះបានថែមទៀតផង។ បើតាមការអះអាងពីក្រុមហ៊ុនបាននិយាយថាជាមួយ UI ជំនាន់ថ្មីនេះវាជួយបង្កើនសមត្ថភាពក្នុងការប្រើប្រាស់លឿនជាងមុន 32% និងមានស្ថេរភាពល្អជាងមុន 17% ទាំងនៅលើទូរស័ព្ទស៊េរីចាស់ និងស៊េរីថ្មី។
សម្រាប់ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មី realme GT 5G វិញត្រូវបានគេដឹងច្បាស់ថា គឺប្រើនូវបន្ទះឈីបកំពូល Snapdragon 888 ភ្ជាប់ដោយរ៉េមប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ UFS3.1។ ទូរស័ព្ទឆ្លាតវៃកំពូលមួយនេះក៏នឹងបំពាក់នូវអេក្រង់ប្រភេទ Super AMOLED កម្រិត 120Hz ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ផងដែរ។ បើនិយាយពីតម្លៃរបស់ realme GT 5G វិញត្រូវបានគេសន្និដ្ឋានថាអាចនឹងមានតម្លៃខ្ទង់ប្រហែល $465 ឡើងទៅ៕