យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនដែលចេញផ្សាយនៅថ្ងៃនេះ គឺបានអោយដឹងថា ទូរទស្សន៍ LG 42-inch OLED TV ដែលមានលេខកូដ “OLED42C24LA” ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ CES 2022 កន្លងមកនេះ គឺចាប់បានដាក់លក់ (pre-sale) នៅក្នុងចក្រភពអង់គ្លេសពីថ្ងៃនេះហើយ។ របាយការណ៍ខាងលើនេះ បានបង្ហាញថា ទូរទស្សន៍ថ្មីនេះ គឺមានតម្លៃដល់ទៅ 1399 ផោន ខណៈដែលកាសស្តាប់ LG TONE Free HBS-FN4 ក៏មានដាក់ល់ជាមួយគ្នាដែរ គឺមានតម្លៃលក់រាយ 99 ផោន។
ក្រុមហ៊ុន LG បាននិយាយថា សម្រាប់ម៉ូដែលថ្មីនេះ គឺជាទូរទស្សន៍ទំហំ OLED TV 42-inch ដំបូងបំផុតរបស់ពិភពលោកដែលអេក្រង់នេះ គឺផ្តោតទៅលើ Console Games និង PC games។ ក្រុមហ៊ុននេះបានបន្តថា កាលនៅក្នុងព្រឹត្តិការណ៍ CES នេះ ទូរទស្សន៍ LG 42-inch C2 OLED TV ថ្មីនេះ គឺបានផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលបានធ្វើតេស្តសាកល្បង។
ក្រុមហ៊ុន LG បញ្ជាក់បន្ថែមថា ទូរទស្សន៍នេះ មានគុណភាពសំឡេងល្អ ការឆ្លើយតបបានលឿន និងមុខងារនៃការលេងហ្គេមបានយ៉ាងសម្បូរបែប។ អេក្រង់ទំហំ 42-inch នេះ គឺមានកម្រិត pixel density ខ្ពស់ រូបភាពច្បាស់ម៉ត់ និងទាក់ទាញបំផុត។ ទូរទស្សន៍នេះប្រើប្រាស់នូវបន្ទះឈីប A9 Gen5 processor ចុងក្រោយបំផុតរបស់ក្រុមហ៊ុន LG, webOS 6.0, 4K / 120 Hz ហើយវាគឺជាដៃគូដ៏សក្តិសមជាមួយនឹងកុំព្យូទ័រលេងហ្គេម និង Xbox Series S|X ឬ PlayStation 5 ៕