Asus ZenBook 14X OLED Space Edition ត្រូវបានក្រុមហ៊ុន ASUSTEK បានធ្វើការនាំយកទៅដាក់តាំងបង្ហាញនៅក្នុង ព្រឹត្តិការណ៍ CES2022 កាលពីដើមឆ្នាំ។ ហើយនៅពេលនេះកុំព្យូទ័រយួរដៃស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ ជាផ្លូវការណ៍ហើយ។ Asus ZenBook 14X OLED Space Edition បំពាក់នូវអង្គ CPU ជំនាន់ទី 12 របស់ Intel ស៊េរី Core i9-12900H ដែលមានភ្ជាប់មកជាមួយអង្គ GPU Intel Iris Xe ជាមួយរ៉េមទំហំ 32GB។ កុំព្យូទ័រឡេបថប់ស៊េរីថ្មីនេះបំពាក់ដោយ អេក្រង់ OLED Display ទំហំ 14 អ៊ីញ មានខ្នាតបង្ហាញចេញ 16:10 aspect ratio ជាមួយល្បឿន refresh rate 90Hz។
ហើយអ្វីដែលជាចំនុចទាក់ទាញប្លែកពីកុំព្យូទ័រឡេបថប់ដទៃនោះ គឺត្រង់ផ្ទៃខ្នាតខាងក្រោយរបស់ Asus ZenBook 14X OLED Space Edition មានបំពាក់នូវអេក្រង់ OLED ទំហំ 3.5 អ៊ីញមួយទៀត។ ជាមួយអេក្រង់ OLED ទំហំ 3.5 អ៊ីញនេះ គឺគាំទ្រទៅលើ ការបង្ហាញចេញផ្សេងៗដូចជា សារជូនដំណឹង, កម្រិតថាមពលថ្ម, ថ្ងៃខែ, ម៉ោង និងផ្សេងៗជាច្រើនទៀត។ បន្ថែមពីនេះ Asus ZenBook 14X OLED Space Edition ក៏ទទួលបានការទទួលស្គាល់គុណភាពផលិតកម្រិតភាពធន់ក្នុងការប្រើប្រាស់ពីស្ថាប័ន US Space System Command Standards (SMC-S-016A) ថែមទៀតផង។
នៅលើផ្ទាំងក្តារ Keyboard របស់ Asus ZenBook 14X OLED Space Edition មិនមាន Numeric Key នោះទេ ប៉ុន្តែ Asus បានជំនួសមកវិញនូវបន្ទះ Toupad ដែលជាប្រភេទ LED-illuminated touchpad ដែលអាចធ្វើការផ្លាស់ប្តូរទៅជា NumPad បាន ពេលត្រូវការវាយបញ្ចូលទិន្នន័យ។ សម្រាប់ប្រព័ន្ធសោរសុវត្ថិភាពវិញ Asus ZenBook 14X OLED មានមកនូវប្រព័ន្ធស្កែន្រយ៉ៅ ម្រាមដៃស្ថិតនៅជាប់ជាមួយប៊ូតុង Power តែម្តង។ នៅលើជុំវិញ Asus Zenbook 14X OLED មានភ្ជាប់មកជាមួយរន្ធដោត ប្រភេទ USB-C ចំនួន 4, រន្ធដោត USB-A Gen 2 និងរន្ធ HDMI2.0។
ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុន Asus ប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃខ្ទង់ $1,999 ឡើងទៅ៕