បើតាមព័ត៌មានច្បាស់ការណ៍ចុងក្រោយបាននិយាយថា ក្រុមហ៊ុន Nubia ដែលផលិតស្មាតហ្វូនហ្គេមម៉ាក Red Magic Series ត្រៀមដាក់បង្ហាញចេញកំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី Red Magic 7S Series នៅថ្ងៃទី 11 ខែកក្តដា ឆ្នាំ 2022 ខាងមុននេះ។ ហើយនៅមុនថ្ងៃប្រកាសចេញមកដល់ក្រុមហ៊ុនក៏បានធ្វើការចែករំលែកពិន្ទុរបស់ស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួនតាមរយះកម្មវិធីតេស្ត AnTuTu។ បើតាមលទ្ធផលតេស្តនៅលើកម្មវិធី AnTuTu កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Nubia គឺទទួលបានពិន្ទុខ្ពស់រហូតដល់ទៅជាង 1.15 លានពិន្ទុឯណោះ ដែលជាពិន្ទុខ្ពស់បំផុតសម្រាប់ទីផ្សារស្មាតហ្វូនកំពូលដែលប្រើបន្ទះឈីប Snapdragon 8+ Gen 1។
Red Magic 7S Series នឹងមានមកនូវជម្រើស Red Magic 7S និង 7S Pro។ ហើយជាមួយពិន្ទុកំលាំងម៉ាស៊ីនដែលចែកចាយដោយក្រុមហ៊ុនផ្ទាល់តាមរយះកម្មវិធី AnTuTu គឺមានចំនួន 1,156,044 ពិន្ទុ ដែលខ្ពស់ជាងពិន្ទុរបស់កំពូលស្មាតហ្វូន Motorola Moto X30 Pro និង Xiaomi 12S Pro ដែលទទួលបានពិន្ទុ 1,114,761 និង 1,113,135 ដែលកំពូលស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺប្រើបន្ទះឈីប Snapdragon 8+ Gen 1 ដូចគ្នា។ Red Magic 7S Series ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយរ៉េម និងអង្គផ្ទុកជំនាន់ចុងក្រោយ គឺ LPDDR5 និង UFS3.1 ព្រមទាំងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបន្សាបកំដៅ ICE 10.0 magic cold heat dissipation រួមទាំងមានរ៉េមទំហំធំបំផុតដល់ 18GB។ Red Magic 7S Series គឺនឹងបំពាក់នៅកំពូលឈីប Snapdragon 8+ Gen 1 របស់ Qualcomm និងប្រើអង្គក្រាហ្វិច MAGIC CPU។
សម្រាប់ម៉ូដែល Red Magic 7S Pro អាចនឹងមានមានថ្មទំហំ 5,000mAh ជាមួយការគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 135W ឬ 165W ហើយស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះក៏នឹងមានអេក្រង់ដែលមានល្បឿន refresh rate 165Hz ទៀតផង។ ដោយឡែកសម្រាប់ម៉ូដែល Red Magic 7S អាចនឹងមានថ្មទំហំ 4,500mAh ជាមួយកំលាំងសាកភ្លើងល្បឿនលឿន 120W និងមានអេក្រង់ដែលមានល្បឿន refresh rate 120Hz៕