Samsung Semiconductor ទើបតែបានប្រកាសចេញនូវបន្ទះឈីបម៉ូឌឹម 5G ស៊េរីថ្មីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Samsung Exynos Modem 5300។ វត្តមានរបស់ម៉ូឌឹម 5G ជំនាន់ថ្មីនេះត្រូវបានគាំទ្រដោយប្រព័ន្ធបណ្តាញកម្រិត Sub-6GHz និង mmWave 5G ដែលផ្តល់នូវល្បឿនទាញទិន្នន័យពីប្រព័ន្ធ (Download) បានដល់ 10Gbps និងល្បឿនបញ្ចូលទិន្នន័យចូលទៅកាន់ប្រព័ន្ធបណ្តាញវិញ (Upload) បាន 3.87Gbps ជាមួយការគាំទ្រទាំងប្រព័ន្ធ SA (Standalone) និង NSA (non-standalone) 5G Network។
ឈីបម៉ូឌឹម Samsung Exynos Modem 5300 ថ្មីនេះត្រូវបានផលិតឡើងតាមទម្រង់ខ្នាតស្តង់ដារ 4nm EUV process របស់ក្រុមហ៊ុន Samsung ផ្ទាល់តែម្តង ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ និងសន្សំសំចៃថាមពលបានយ៉ាងល្អប្រសើរថែមទៀតផង។ ជាងនេះទៅទៀត Exynos Modem 5300 គឺអាធ្វើការភ្ជាប់ដំណើរការជាមួយគ្រប់បន្ទះឈីបទាំងអស់ដោយមិនប្រកាន់ឡើយ ហើយការធ្វើទៅនេះបានក៏ដោយសារតែ Samsung បានប្រើប្រាស់នូវស្តង់ដារភ្ជាប់ built-in PCIe Interface ដែលគាំទ្រដោយប្រព័ន្ធថ្មីចុងក្រោយបំផុត គឺ 3GPP 5G NR Release 16 standard។
ទោះជាយ៉ាងណាក្រុមហ៊ុនមិនទាន់ប្រកាសផ្លូវការណ៍ថា បន្ទះឈីបមួយណាដែលត្រូវប្រើភ្ជាប់ជាមួយ Exynos Modem 5300 ថ្មីនេះដំបូងគេនៅឡើយទេ ប៉ុន្តែ គេបានព្យាករណ៍ទុកថា អាចជាបន្ទះឈីបជំនាន់ថ្មី Tensor 3 របស់ Google ដែលត្រៀមបង្ហាញវត្តមានបំពាក់នៅលើជំនាន់ស្មាតហ្វូន Google Pixel 7 Series ដែលនិងមកដល់នៅមុនដំណាច់ឆ្នាំនេះ៕