នៅក្នុងសន្និសីទអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំ (WWDC) របស់ក្រុមហ៊ុន Apple ដែលបានធ្វើឡើងនៅសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយនេះ បានបញ្ចេញនូវសេចក្តីប្រកាសជាច្រើនផងដែរ។ យោងតាមសេចក្តីប្រកាសថ្មីមួយ គឺមានការជជែកច្រើនអំពី mixed reality headset ដែលមានឈ្មោះហៅថា Apple Vision Pro ដែលក្រុមហ៊ុននេះ បានប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
Apple Vision Pro នេះ មានបំពាក់នូវលក្ខណៈសម្បត្តិ និងមុខងារជាច្រើនដែលមានតម្លៃខ្ពស់ដល់ទៅ $3,499។ នៅពេលនេះ នៅក្នុងការអភិវឌ្ឍថ្មីនេះ លោក Mark Gurman របស់ Bloomberg បានរាយការណ៍ថា នៅពេលនេះ ក្រុមហ៊ុន Apple បានធ្វើការនៅលើម៉ូដែលថ្មី មានតម្លៃថោកជាង Vision Pro headset ថែមទៀតហើយ។ សម្រាប់ headset នាពេលខាងមុខនេះ គឺមានឈ្មោះហៅថា Vision ឬ Vision One។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អាចនឹងធ្វើការកែសម្រួល ដើម្បីបានតម្លៃធូរថ្លៃទៅលើឧបករណ៍នេះ។
ឧបករណ៌នេះ មានការប្រើប្រាស់នូវអេក្រង់ ដែលមានកម្រិតទាបជាងមុន បន្ទះឈីប processors ដែលមានថាមពលតិចជាងមុន និងមានចំនួនកាមេរ៉ាតិជាងមុនផងដែរ។ ឧបករណ៍ headset នេះ អាចទាមទារនូវ AirPods សម្រាប់សំឡេង spatial audio ជាជាងការប្រើប្រាស់នូវ built-in speaker។ លោក Gurnam បន្ថែមថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការបង្ហាញនូវម៉ូដែលថោកជាងមុនទៅលើ Vision Pro នៅចុងឆ្នាំ 2025 ខាងមុខ ដែលវេលានេះ គឺមានរយៈពេល 2 ឆ្នាំ រាប់ចាប់ពីពេលនេះ។ សម្រាប់ Vision Pro ជំនាន់ទី 2 នេះ ក៏ស្ថិតនៅក្នុងការអភិវឌ្ឍនៅពេលនេះផងដែរ៕