Caviar ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនល្បីល្បាញខាងផ្នែករចនាបន្ថែមសោភ័ណ្ឌភាពផលិតផលប្រើប្រាស់ជាមួយសមាសធាតុលោហៈដែលមានតម្លៃថ្លៃ និងកំរបំផុតក្នុងលោក។ កន្លងមកយើងឃើញមានរួចហើយនៅផលិតផលដែលជាស្នាដៃបែបសិល្បៈរបស់ Caviar រួមមានស្មាតហ្វូន នាឡិកដៃ ថែបប្លែត រហូតដល់មានទាំងកង និងរថយន្តទៀតផង។
ហើយនៅពេលថ្មីៗនេះ Caviar បានចាប់ផ្តើមធ្វើការកែច្នៃម៉ូដឌីស្សាញថ្មីដែលឲ្យឈ្មោះថា Barbiecore Design សម្រាប់ផលិតផលថ្មីៗមួយចំនួន ក្នុងនោះរួមមាន iPhone 15 Pro, Apple Watch Series 9 ដែលនឹងមកដល់នៅខែកញ្ញាខាងមុខនេះ រួមនិងស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip 5 ផងដែរ។
សម្រាប់ Galaxy Z Flip 5 ត្រូវបាន Caviar ប្តូរផ្នែកកញ្ចក់ Gorilla Glass Victus ខាងក្រោយចេញ ដោយជំនួសមកវិញនូវផ្ទៃស្រោបដោយមាស ដែលមានរចនាក្បាច់ផុសរាងជាស្បែកជើងកែងមនុស្សស្រី ព្រមជាមួយនឹងការរំលេចលម្អដោយត្បូងទទឹមពណ៌ស្វាយចំនួន 49 គ្រាប់ថែមទៀតផង។ ដែលនេះបង្ហាញថា Galaxy Z Flip 5 Barbiecore Edition នេះ គឺផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ដែលជានារីជាងបុរស។
ចំនែក iPhone 15 Pro និង iPhone 15 Pro Max វិញ នឹងត្រូវបានប្តូររចនាបថដោយពាសផ្ទៃខាងក្រោយដោយស្បែកក្រពើពណ៌ផ្កាឈូក ហើយនៅជុំវិញកញ្ចប់នៃលែនកាមេរ៉ាត្រូវបានរំលេចជាមួយត្បូងគ្រីស្តាល់ដ៏មានតម្លៃប្រភេទ Swarovski crystals ចំនួន 61គ្រាប់ ជាមួយផ្ទៃកាមេរ៉ា និងកងនៃលែនកាមេរ៉ា ហើយនិងស៊ុមជុំវិញត្រូវបានស្រោបដោយមាសសុទ្ធកម្រិត 18K។ ដោយឡែកសម្រាប់ Apple Watch Series 9 វិញត្រូវបាន គេដឹងថា នឹងមានតួរខ្លួនស្រោបដោយសារធាតុពិសេស 316L stainless steel body ដែលស្រោបពីលើដោយមាសពណ៌ផ្កាឈូក Rose Gold PDV។ ហើយសូម្បីតែ Rotating Button និងឃ្លាបគន្លឹះខ្សែក៏ផលិតពីមាសផងដែរ រីខ្សែរបស់នាឡិកាផលិតពីជ័រទន់មានពណ៌ផ្កាឈូក។
Caviar បានបញ្ជាក់ថា ការឌីស្សាញ Barbiecore សម្រាប់ផលិតផលទាំងបីខាងលើនេះ គឺមានចំនួនកំនត់ដោយក្នុងមួយផលិតផលមានតែ 99 គ្រឿងតែប៉ុណ្ណោះ។ សម្រាប់តម្លៃបឋមវិញត្រូវបានគេបង្ហើបថា សម្រាប់នាឡិកាដៃ Apple Watch Series 9 Barbiecore Edition នឹងមានតម្លៃខ្ទង់ $1,900 ហើយសម្រាប់ Galaxy Z Flip 5 Barbiecore Edition នឹងមានតម្លៃខ្ទង់ចាប់ពី $8,560 ខណៈ iPhone 15 Pro អាចនឹងមានតម្លៃចាប់ពីខ្ទង់ $7,990 ទោះបីជាជម្រើស iPhone 14 Pro ម៉ូដែលពិសេសដែលមានតម្លៃខ្ទង់ $7,270 ក៏ដោយ៕