Huawei Mate 50 Series ដែលបានបង្ហាញខ្លួនកាលពីឆ្នាំទៅមិញ គឺមានសមត្ថភាពគាំទ្រការតភ្ជាប់ជាមួយបណ្តាញផ្កាយរណប (Satellite) ប៉ុន្តែ គឺអាចប្រើបានត្រឹមមុខងារផ្ញើសារតែប៉ុណ្ណោះ មិនអាចហៅទូរស័ព្ទ (Voice Calling) បាននោះទេ។ ដោយឡែកនៅក្នុងពេលនេះ Huawei បាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនជំនាន់ថ្មី Huawei Mate 60 Series ដែលស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា Huawei នឹងអាចធ្វើឲ្យមានការគាំទ្រជាមួយមុខងារហៅទូរស័ព្ទ ឬ Voice Calling តាមរយះការភ្ជាប់ប្រព័ន្ធបណ្តាញផ្កាយរណប បន្ថែមពីលើការផ្ញើសារ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងគាំទ្រមុខងារ Voice Calling តាមរយះការភ្ជាប់ជាមួយផ្កាយរណប នោះក៏ដោយសារការប្រើប្រាស់ឈីប Power Amplifier Chips។
Huawei Mate 60 Series ត្រូវបានគេដឹងថា នឹងមានភ្ជាប់មកជាមួយឈីប Power Amplifier (PA) ដែលផលិតដោយក្រុមហ៊ុនផលិតឈីបក្នុងប្រទេសចិន។ ដោយ AP Chip នេះត្រូវបានរចនាឡើងឲ្យអនុញ្ញាតិក្នុងតភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប Tiantong-1 satellite mobile communication system។ ប្រព័ន្ធផ្កាយរណបនេះ អាចត្រូវបានប្រើសម្រាប់ការទំនាក់ទំនងតាមរយះជាសំឡេង ការបញ្ជូនរូបភាព ការកំនត់ទីតាំងច្បាស់លាស់ និងការរាយការណ៍ពីទិន្នន័យជាក់លាក់បំផុត។ PA Chip ក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងឧបករណ៍ក្នុងការប្រើប្រាស់មុខងារផ្កាយរណបទាំងនេះ។
បច្ចុប្បន្ន PA Chip ត្រូវបានដាក់បញ្ចូលទៅក្នុងស្មាតហ្វូន Mate X3 និង P60 Series របស់ក្រុមហ៊ុន Huawei ដែលឧបករណ៍ទាំងពីរនេះគាំទ្រការភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្កាយរណប two-way satellite communication តាមរយៈសារ SMS។ បន្ទះសៀគ្វីទាំងនេះបានពង្រីកសញ្ញាប្រេកង់កម្រិតខ្ពស់ដែលបង្កើតឡើងដោយសៀគ្វីរួមបញ្ចូលគ្នាតាមរយះទំនាក់ទំនងប្រព័ន្ធ RF-IC ដល់កម្រិតទិន្នផលដែលត្រូវការ ហើយផ្គត់ផ្គង់វាទៅអង់តែន។ ដំណើរការពង្រីកសញ្ញាប្រេកង់កម្រិតខ្ពស់នេះ គឺមានសារៈសំខាន់សម្រាប់ការធ្វើឱ្យទំនាក់ទំនងជាមួយប្រព័ន្ធផ្កាយរណបប្រកបដោយប្រសិទ្ធភាព រួមទាំងការហៅទូរស័ព្ទ (Voice Calling) ផងដែរ។
យ៉ាងណាមិញមិនទាន់មានការបង្ហើបចេញពី Huawei នោះទេ ទាក់ទងទៅនឹងប្រព័ន្ធមុខងារថ្មីនៅលើ Mate 60 Series ដែលនឹងមកដល់នាពេលខាងមុខនេះ។ ហើយប្រសិនបើព័ត៌មាននេះ គឺជាការពិតមែននោះ មានន័យថា Mate 60 Series គឺជាស្មាតហ្វូនដំបូងគេដែលអាចធ្វើការហៅការសន្ទនាទូរស័ព្ទតាមរយះការភ្ជាប់ជាមួយប្រព័ន្ធបណ្តាញផ្កាយរណប ព្រោះថា បច្ចុប្បន្ន iPhone 14 Series របស់ Apple គឺមានលទ្ធភាពត្រឹមការហៅ SOS Emergency តាមរយះការភ្ជាប់ជាមួយបណ្តាញផ្កាយរណបតែប៉ុណ្ណោះ។ នាពេលបច្ចុប្បន្នបច្ចេកវិទ្យាក្នុងការតភ្ជាប់ស្មាតហ្វូនជាមួយប្រព័ន្ធបណ្តាញផ្កាយរណប គឺកំពុងមានការរីកចម្រើនជាខ្លាំង ដោយក្រុមហ៊ុនផលិតស្មាតហ្វូនធំៗនៅទូទាំងពិភពលោកបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ស្មាតហ្វូនរបស់ពួកគេឲ្យមានសមត្ថភាពអាចធ្វើការភ្ជាប់ជាមួយប្រព័ន្ធ Satellite នេះផងដែរ៕