ថ្មីៗនេះបើតាមរយះរបាយការណ៍ព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Macrumors បានឲ្យដឹងថា Apple នឹងប្រើប្រាស់លែនកាមេរ៉ា Tetraprism Telephoto នៅលើ iPhone ម៉ូដែល Pro ទាំងពីរ គឺ iPhone 16 Pro និង iPhone 16 Pro Max ដែលនឹងមកដល់នៅក្នុងឆ្នាំ 2024។ ដែលព័ត៌មាននេះ គឺស្របគ្នានឹងរបាយការណ៍របស់កំពូលវិភាគផលិតផល iDevices របស់ Apple លោក Ming Chi-Kuo កាលពីខែកញ្ញា ក៏ដូចជាបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង The Elec ដែលបានចេញផ្សាយកាលពីដើមខែធ្នូនេះផងដែរ។
កាលពីជំនាន់ iPhone 15 Pro Series គឺមានតែម៉ូដែល iPhone 15 Pro Max តែមួយប៉ុណ្ណោះ ដែលទទួលបានការបំពាក់ប្រព័ន្ធលែនកាមេរ៉ាថ្មី Tetraprism Telephoto Lens ដោយលែនថ្មីនេះ ធ្វើឲ្យ 15 Pro Max មានសមត្ថភាពអាចធ្វើការ Optical-zoom បានខ្ពស់ដល់ទៅ 5X ដែលខ្ពស់ជាង 3X នៅលើ iPhone 14 Pro Max ធ្វើបាន។ ហើយក្នុងឆ្នាំនេះ ម៉ូដែល iPhone 15 Pro គឺមិនទទួលបានការបង្កើនសមត្ថភាពឡើងមកប្រើប្រព័ន្ធលែន Tetraprism Telephoto នោះទេ។
ដោយឡែកបើតាមប្រភពរបាយការណ៍ ក៏បានបញ្ជាក់ថា ក្រៅតែពីការប្រើប្រាស់ប្រព័ន្ធលែនកាមេរ៉ាថ្មីនេះនៅលើម៉ូដែល iPhone 16 Pro ទាំងពីរទៅ Apple ក៏នឹងមានការបង្កើនទំហំអេក្រង់របស់ម៉ូដែល Pro ទាំងពីរផងដែរ។ ដោយក្នុងនោះ iPhone 16 Pro អាចនឹងកើនទំហំអេក្រង់ពី 6.1-inch នៅលើ iPhone 15 Pro ឡើងដល់ 6.3-inch រីម៉ូដែល iPhone 16 Pro Max អាចនឹងកើនពីទំហំ 6.7-inch នៅលើ iPhone 15 Pro Max ឡើងដល់ 6.9-inch។
ហើយចំពោះការឌីស្សាញប្រព័ន្ធកញ្ចប់លែនកាមេរ៉ារបស់ iPhone 16 Pro គឺអាចនឹងដូចគ្នាជាមួយនឹងកញ្ចប់លែននៅលើ iPhone 15 Pro Max ផងដែរ។ ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានជាច្រើនដែលបានលើកឡើងពីទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 របស់ Apple គឺបានបង្ហើបឲ្យដឹងថា iPhone 16 Pro និង iPhone 16 Pro Max នឹងទទួលបានការបំពាក់បន្ទះឈីបជំនាន់ថ្មី A18 Bionic ដែលផលិតឡើងតាមខ្នាតស្តង់ដារថ្មីចុងក្រោយ N3E ខ្នាត 3nm node ព្រមទាំងមានបន្ថែមនៅប៉ូតុងថ្មីហៅថា Capture Button សម្រាប់ដំណើរការកាមេរ៉ាថតរូប និងវីដេអូបានកាន់តែលឿនរហ័ស ដោយមិនចាំបាច់ដោះសោរជាមុនឡើយ។ លើសពីនេះទៅទៀត ក៏មានការរំពឹងទុកថា Apple អាចនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ Dynamic Island និង ប៊ូតុត Action Button និង Capture Button នៅលើ iPhone 16 ទាំង 4 ស៊េរីថែមទៀតផង៕