ឡាន Large-PHEV SUV ស៊េរីថ្មីម៉ូដែល Galaxy M9 របស់ក្រុមហ៊ុន Geely ត្រូវបានគេប្រទះឃើញនៅលើផ្លូវសាធារណៈជាលើកដំបូង នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់។ ស្ថិតក្នុងស្រឡាយរថយន្ត Large-SUV ដែលជាដៃគូប្រជែងជាមួយនឹងម៉ូដែល Aito M9, Li Auto L9, និង Lynk & Co 900 ឡាន Galaxy M9 ត្រូវបានគេរំពឹងថា នឹងចេញលក់នៅទីផ្សារប្រទេសចិនក្នុងត្រីមាសទីបី នៃឆ្នាំ 2025 ដែលនឹងមានតម្លៃចាប់ពីខ្ទង់ $28,000 ឡើងដល់ $42,000។
Geely Galaxy M9 មានប្រវែងតួរខ្លួន 5 ម៉ែត្រ ជាមួយការឌីស្សាញផ្នែកខាងមុខបិទជិតរំលេចជាមួយបណ្តុំអំពូលចង្កៀង Matri-Style LED Headlamp រចនាភ្ជាប់ជាបន្ទាត់ស្លីមកាត់ក្បាលរថយន្តពីម្ខាងទៅម្ខាត ដ៏ទាក់ទាញ។ នៅលើដំបូងរបស់ Galaxy M9 ឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលគាំទ្រដំណើរការជាមួយប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរ Qianli Haohan H5 intelligent driving system ដែលរួមមាននូវប្រព័ន្ធជំនួយការបើកបរ door-to-door navigation-assisted driving។ នៅជុំវិញទ្វារទាំងបួន នៅផ្នែចំហៀង និងផ្ទាំងរបាំងការពារខាងមុខត្រូវបានរំលេចជាមួយនឹងក្រូមដ៏ប្រណិត ជាមួយនឹងការប្រើប្រាស់យ៉ាន់កង់កាំងរាយជាប្រភេទ Multi-Spoke Alloy។
ផ្នែកខាងក្នុងត្រូវបានឌីស្សាញជាមួយនឹងបណ្តុំភ្លើងបំភ្លឺជាពណ៌ក្រហមអូសកាត់ពីចំហៀងម្ខាងទៅម្ខាងដែល Geely ហៅថា rising Sun ដែលគាំទ្រជាមួយមុខងារ ripple-style lighting effects ដ៏ទាក់ទាញ។ ហើយអ្វីដែលកាន់តែទាក់ទាញការចាប់អារម្មជាងនេះទៀតនោះ គឺការបំពាក់នូវបំពងស៊ីម៉ាំងភ្លោះ ពាត់ដោយដែកក្រូម។ ឡាន SUV ស៊េរីថ្មីនេះ នឹងមានជម្រើសពណ៌ខៀវ ប្រផេះ ខ្មៅ និងបៃតង។ ផ្នែកខាងក្នុងរបស់ Galaxy M9 បំពាក់កៅអី 6 ដែលរៀបជា 2x2x2។
នៅលើតាបឡូនឹងមានបំពាក់នូវអេក្រង់ចំនួនពីអេក្រង់កម្សាន្តនៅកណ្តាល និងអេក្រង់នៅពីមុខអ្នករួមដំណើរកៅអីខាងមុខ។ ខណៈអេក្រង់បង្ហាញព័ត៌មានសំខាន់ៗក្នុងរថយន្ត ត្រូវបានជំនួសដោយបច្ចេកវិទ្យាបង្ហាញនៅលើកញ្ចក់ដំបូលមុខ ឬហៅថា Head up display។ ក្នុងរថយន្តនេះ ក៏នឹងមានកន្លែងសម្រាប់សាកស្មាតហ្វូនឥតខ្សែកំលាំង 50W ចំនួនពីរផងដែរ។
Galaxy M9 នឹងដំណើរការដោយប្រព័ន្ធ Thor EM-P super hybrid system របស់ Geely ភ្ជាបដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រិចចំនួនបី ដែលមានអនុភាពជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 4.5 វិនាទី ហើយអាចជិះបានចម្ងាយដល់ទៅ 1,500km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញម្តង នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។ ចំពោះកម្រិតស៊ីសាំងវិញ គឺខ្ទង់ 4.8L/100km។
បន្ថែមពីនេះ Galaxy M9 ក៏នឹងទទួលបានការបំពាក់នូវប្រព័ន្ធខួរក្បាលឆ្លាតវៃ AI Digital Chassis ផងដែរ ដើម្បីជួយពង្រឹងទៅលើប្រព័ន្ធ dual-chamber closed-air suspension, in-wheel motors, និង comprehensive vehicle dynamics control system (GVMC) ដើម្បីធ្វើឲ្យការបើកបរ និងការគ្រប់គ្រងលំនឹងក្នុងការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់៕