គិតមកដល់ថ្ងៃនេះ កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺកាន់តែកៀកមែនទែនហើយស្របពេលដែលព័ត៌មានជាច្រើនរបស់សមិទ្ធិផលថ្មីក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយត្រូវបានគេបញ្ចេញស្ទើរតែស្រុងហើយ។ មុនការសម្ពោធចូលមកដល់នាពេលដ៏ខ្លីខាងមុខ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានទម្លាយអំពីលក្ខណៈពិសេសមួយនៅលើ Z Flip7 ដែលជាស្មាតហ្វូនអេក្រង់បត់បាន Clamshell Foldables ថ្មីនេះថែមទៀតហើយ។
នៅក្នុងការបែកធ្លាយថ្មីខាងលើនេះ ត្រូវបានរាយការណ៍ដំបូងដោយ AndroidHeadlines ដែលមានការអំពីការឌីស្សាញទៅលើ អេក្រង់ខាងក្រៅ (cover display) នៅលើស្មាតហ្វូន Z Flip7 នេះ។ ខុសប្លែកពីអេក្រង់ 3.4-អ៊ីង នៅលើស្មាតហ្វូន Z Flip 6 នោះ ស្មាតហ្វូន Flip7 ថ្មីនេះ គឺមានអេក្រង់ខាងក្រៅទំហំ 4-អ៊ីង ហើយនិងមានកាមេរ៉ាខាងក្រៅភ្លោះ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ One UI 8 firmware ផងដែរ។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 ថ្មីនេះ នឹងមានការឌីស្សាញរូបរាងស្លីមជាងមុន ហើយក៏នឹងក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Z Flip7 នេះ នឹងមានកម្រាស់ស្តើងត្រឹមតែ 6.9mm ដូចទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរនៅពេលដែលបិទ។ សម្រាប់កម្លាំងម៉ាស៊ីននៅលើស្មាតហ្វូន Z Flip7 នេះ ត្រូវបានគេរាយការណ៌ថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ឬ Exynos 2500។ ក្រឡេកមកថាលពលថ្មវិញ ស្មាតហ្វូននេះប្រើប្រាស់នូវថ្មទំហំ 4,300mAh ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុននេះគឺមានទំហំ 4,000mAh ប៉ុណ្ណោះ៕