យោងតាមព័ត៌មាននៅថ្ងៃនេះ បាននិយាយថា ឡានអគ្គិសនី Geely Galaxy A7 បានផ្តើមតាំងបង្ហាញនៅតាមហាងចែកចាយក្នុងប្រទេសចិនហើយខណៈដែលការលក់ផ្លូវការណ៌នៅមិនទាន់ប្រកាសនៅឡើយ។ ជាមួយនិងវត្តមានឡាននៅលើទីផ្សារឆាប់ៗនេះ Geely Galaxy A7 PHEV ត្រូវបានគេរាយការណ៌ថា មានប្រវែង 4.9-ម៉ែត្រដំណើរកាដោយ Geely EM-i 2.0 PHEV system និងមានសមត្ថភាពអាចរត់បានចម្ងាយដល់ទៅ 2,100km។ ប្រភពដដែលនេះបន្តថា សម្រាប់ម៉ូដែល PHEV នេះ គឺនឹងមានលក់នៅលើទីផ្សារក្នុងស្រុកនៅត្រីមាសទី 3 ជាមួយនិងតម្លៃចាប់ពី 100,000 យ៉ន់ ដែលប្រហែល 13,910 ប៉ុណ្ណោះ។
Geely Galaxy A7 ដែលដំណើរការជាមួយមុខងារ PHEV នេះ ត្រូវបានគេរាយការណ៌ថា មានកូដឈ្មោះ P181 និងទទួលបាននូវវិញ្ញាបនបត្រលក់កាលពីថ្ងៃទី 23 ខែឧសភាកន្លងទៅនេះ។ រថយន្តនេះ ត្រូវបានក្រុមហ៊ុននេះបង្ហាញវត្តមានជាផ្លូវការណ៌កាលពីថ្ងៃទី 19 ខែមិថុនាកន្លងទៅនេះ ហើយនៅថ្ងៃទី 23 ខែមិថុនានេះ Geely Galaxy A7 PHEV ផ្តើមតាំងបង្ហាញនៅតាមហាងចែកចាយក្នុងប្រទេសចិនហើយ។
Galaxy A7 EM-i PHEV ស៊េរីថ្មីនេះ គឺមានមាឌប្រហាក់ប្រហែលគ្នានឹងម៉ូដែល Galaxy Star 8 EM-i ដែរ ដោយ Galaxy A7 EM-i PHEV មានបណ្តោយប្រវែង 4,918mm/ទទឹង 1,905mm/ កំពស់ 1,495mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,845mm។ Galaxy A7 EM-i ត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ទង់ប្រហែល $14,000 នៅទីផ្សារប្រទេសចិន ដែលជាតម្លៃប្រគូតប្រជែងខ្ពស់សម្រាប់ទីផ្សាររថយន្ត Plug-in-hybrid sedan។
Geely Galaxy A7 EM-i PHEV ដំណើរការដោយម៉ាស៊ីនសាំង Hybrid ទំហំ 1.5-Liter ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ម៉ាស៊ីន 1.5-Liter របស់ A7 អាចផលិតកម្លាំងបាន 112 សេះ។ ទោះជាយ៉ាងទៅលើអនុភាពនៃកម្លាំង Powertrain សរុបរបស់ Galaxy A7 EM-i មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ គ្រាន់តែមានការសន្និដ្ឋានថា វាអាចនឹងមានអនុភាពកម្លាំងប្រហាក់ប្រហែលគ្នានឹងម៉ូដែល Galaxy Star 8 EM-i ដែលមានម៉ូទ័រកម្លាំង 238 សេះ និងកម្លាំងសរុបទាំងម៉ាស៊ីនអាចធ្វើបានដល់ 350 សេះ ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ single-speed DHT។
Galaxy A7 EM-i នឹងផ្តល់ជូននូវជម្រើសកញ្ចប់អាគុយពីរទំហំផ្សេងគ្នា គឺមួយសាកពេញម្តងអាចជិះបានចម្ងាយ 60 គីឡូម៉ែត្រ និងមួយទៀតអាចជិះបានចម្ងាយ 130 គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ហើយបើបើកផ្គូបជាមួយនឹងម៉ាស៊ីនចាក់សាំងពេញម្តងវិញ គឺអាចបន្តចម្ងាយជិះបានដល់ 1,500 គីឡូម៉ែត្រ និង 1,600 គីឡូម៉ែត្រ បើទោះជាបីមានលេចលឺព័ត៌មានថា Galaxy A7 EM-i អាចជិះបានចម្ងាយដល់ជាង 2,100 គីឡូម៉ែត្រក៏ដោយ៕