នៅក្នុងរយៈពេល 15 កន្លងមកនេះ ក្រុមហ៊ុន Samsung បានបង្កើនទំហំរ៉េមសម្រាប់ស្មាតហ្វូន Galaxy S Flagship របស់ខ្លួន ជាប្រចាំ ប៉ុន្តែសម្រាប់ទំហំរ៉េមនៅលើស្មាតហ្វូន Galaxy S Ultra ដែកបង្ហាញខ្លួននារយៈពេល 4 ឆ្នាំចុងក្រោយនេះ គឺមិនមានការផ្លាស់ប្តូរទេ គឺដូចគ្នាទាំងអស់។ នៅថ្ងៃនេះ មានរបាយការណ៍ថ្មីមួយ បានបង្ហើបថា ក្រុមហ៊ុន Samsung នឹងធ្វើការផ្លាស់ប្តូរទំហំរ៉េមនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra នេះ ត្រូវបានគេទម្លាយថា អាចនឹងមានរ៉េមទំហំ 16GB។
គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូន Galaxy S25 Ultra ដែលចេញលក់កន្លងមក ក៏ធ្លាប់មានម៉ូដែលរ៉េមទំហំ 16GB ផងដែរ ប៉ុន្តែមានលក់តែសម្រាប់ទីផ្សារមួយចំនួនប៉ុណ្ណោះ។ យោងតាមរបាយការណ៍មួយចេញពី Macquarie Research បានបញ្ជាក់ថា សម្រាប់ស្មាតហ្វូន Galaxy S25 Ultra ដែលមានរ៉េមទំហំ 16GB គឺនៅមិនទាន់មានការដាក់លក់សម្រាប់ទីផ្សារសកលនោះទេ។ ភាគច្រើនស្មាតហ្វូន Flagship នេះ គឺមានរ៉េមទំហំត្រឹមតែ 12GB ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy S26 Ultra ដែលនឹងចេញលកឆ្នាំក្រោយនេះ គឺនឹងមានរ៉េមទំហំ 16GB សម្រាប់ទីផ្សារសកល ឬនៅក្នុងទីផ្សារជាច្រើនទៀត។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ 2021 មក ក្រុមហ៊ុន Samsung នៅមិនទាន់ដាក់ដំណើរការនូវរ៉េមទំហំ 16GB នៅលើស្មាតហ្វូន Galaxy S របស់ខ្លួនសម្រាប់ទីផ្សារជាច្រើននៅឡើយទេ។ ប៉ុន្តែឆ្នាំ 2022 ក្រុមហ៊ុននេះ ធ្លាប់ប្រើប្រាស់រ៉េមទំហំ 16GB នៅលើស្មាតហ្វូន Ultra ម្តង។ ស្មាតហ្វូន Galaxy S20 Ultra និង Galaxy S21 Ultra គឺជាស្មាតហ្វូនមុនគេ ដែលប្រើប្រាស់នូវរ៉េមទំហំ 16GB ខណៈពេលដែលស្មាតហ្វូន Ultra ផ្សេងទៀត គឺមានរ៉េមទំហំ 12GB ប៉ុណ្ណោះ។
ទន្ទឹមនឹងនឹងការវិវត្តន៌នេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា ក៏នឹងធ្វើការ Upgrade ទៅលើរ៉េមទំហំដល់ទៅ 12GB នៅលើស្មាតហ្វូន iPhones នៅក្នុងឆ្នាំនេះផងដែរ ប៉ុន្តែប្រហែលជាមិនទាន់ដល់ទំហំ 16GB នោះទេ។ ប្រសិនបើ Apple ពិតជាប្រើប្រាស់នូវរ៉េមទំហំ 12GB មែននោះ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវរ៉េមទំហំ 16GB ជាក់ជាមិនខាននៅឆ្នាំក្រោយនេះ៕