នេះ គឺជាឡានអគ្គិសនីម៉ូដែលថ្មីស្រឡាង Subaru Uncharted ដែលទើបតែបានបង្ហាញជាផ្លូវការ នៅលើទីផ្សារសហរដ្ឋ អាមេរិក ហើយតម្លៃរបស់វាអាចចាប់ពីខ្ទង់ $30,000 ឡើងទៅ។ ឡាន SUV អគ្គិសនីមួយនេះ ជាក់ស្តែងបានខ្ចីតួខ្លួន និងបច្ចេកវិទ្យារបស់ឡានអគ្គិសនី Toyota C-HR មកប្រើ ហើយក៏បានបំពាក់គ្រោងឆ្អឹង e-TNGA របស់ក្រុមហ៊ុន Toyota និង កញ្ចប់អាគុយ ទំហំ 74.7 kWh។
Subaru Uncharted នឹងផ្តល់ជម្រើសចំនួន 3 ម៉ូដែល គឺ៖
•ទី 1 ម៉ូដែល Premium FWD ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 221 HP អាចបើកបរបានចម្ងាយ 492 KM នៅពេលសាកភ្លើងពេញម្តង
•ទី 2 ម៉ូដែល Sport ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (Symmetrical All-Wheel Drive System) ជាមួយមុខងារ Off-road X-Mode មានកម្លាំង 338 HP អាចបើកបរបានចម្ងាយ 467 KM និង រត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 5 វិនាទី
•និង ទី 3 គឺម៉ូដែល GT មាន Performance ដូចម៉ូដែល Sport ដែរ
ឡានអគ្គិសនីមួយនេះបានបំពាក់រន្ធសាកភ្លើង ប្រភេទ NACS មកស្តង់ដារទាំងអស់ តែម្តង ហើយគាំទ្រការសាកភ្លើងល្បឿនលឿន កម្លាំងដល់ 150 kW ដោយអាចសាកពី 10-80% ប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Subaru បានឲ្យដឹងថា Uncharted មាន Performance នៅលើផ្លូវត្រង់រាបស្មើគួរឲ្យភ្ញាក់ផ្អើល ព្រមទាំង មានការទប់លំនឹង, លំនឹងចង្កូត និង ការខ្ញាំជាប់ជាមួយផ្លូវបានយ៉ាងល្អ នៅលើផ្លូវគ្រួស, ផ្លូវភក់ និងផ្លូវទឹកកក។
យ៉ាងណាមិញ ការឌីហ្សាញកាប៊ីនខាងក្នុងរបស់ Subaru Uncharted គឺមានភាពស្រដៀងគ្នាទៅនឹង Toyota C-HR EV ដែរ ហើយមានដូចជា អេក្រង់កម្សាន្ត ទំហំ 14 អ៊ីញ, កុងទ័រឌីជីថល, ដៃចង្កូតឌីហ្សាញស្មើលើស្មើក្រោម, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ដំបូលកញ្ចក់ធំ Panoramic Moonroof, កៅអីមុខមានមុខងារត្រជាក់, កញ្ចក់មើលក្រោយឌីជីថល និង ប្រព័ន្ធសំឡេង Harman Kardon ទៀតផង៕