យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថាការលក់រថយន្តរបស់ BYD នៅលើទីផ្សារសកល នៅខែកក្កដានេះ គឺបានជាង 34 ម៉ឺនគ្រឿង មានការធ្លាក់ចុះ 9.7% ប្រៀបធៀបទៅនឹងខែមិថុនាកន្លងទៅ។ សម្រាប់ខែកក្កដានេះ គឺជាខែធ្លាក់ចុះជាងលើកដំបូងហើយក្នុងកំឡុងរយៈពេល 6 ខែមកនេះ។ ប៉ុន្តែតួរលេខខែកក្កដានេះ គឺប្រហែលគ្នាជាមួយនិងខែកក្កដាកាលពីឆ្នាំមុន។
តាមប្រភពខាងលើនេះ គឺមានការបញ្ជាក់បន្ថែមថា ការលក់រថយន្តប្រភេទ Plug-in hybrid (PHEV) របស់ BYD កាលខែកក្កដានេះ គឺមានការធ្លាក់ចុះ ខណៈដែល 4 ខែមកនេះ រថយន្តប្រភេទនេះបន្តធ្លាក់ចុះរហូត។ ប្រៀបធៀបជាមួយនិងខែមិថុនាកាលពីឆ្នាំមុនគឺមានការធ្លាក់ចុះ 22.6%។ តាមរយៈតួរលេខាងលើនេះ បានបង្ហាញទៀតថា BYD លក់រថយន្ត (PHEV) បានចំនួន 163,143 គ្រឿងធ្លាក់ចុះ 4.5% ធៀបនឹងខែមិថុនា និង 22.6% ប្រៀបធៀបជាមួយនិងខែកក្កដាឆ្នាំ 2024 កន្លងទៅ។
ចំពោះការលក់ឡានអគ្គិសនីសុទ្ធវិញ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន ដែលមានមូលដ្ឋាននៅទីក្រុង Zhenzhen មួយនេះ គឺលក់បានចំនួន 177,887 គ្រឿង ធ្លាក់ចុះ 14% ប្រៀបធៀបជាមួយខែមិថុនា និងកើនឡើង 36.8% ប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និយាយរួមនេះ គឺខែដំបូងសម្រាប់ក្រុមហ៊ុននេះដែលលក់ធ្លាក់ចុះ គិតចាប់តាំងពីខែកុម្ភៈមក។ និយាយពីការនាំចេញវិញ ក្រុមហ៊ុន BYD នាំចេញបាន 80,737 គ្រឿងធ្លាក់ចុះ 10.3% ប្រៀបធៀបជាមួយខែមិថុនា និងកើងឡើង 169% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។