យោងតាមរបាយការណ៍ជាច្រើននៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន OPPO នឹងមានការបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Find X9 Series របស់ខ្លួននៅក្នុងប្រទេសចិននាខែតុលាខាងមុខនេះហើយ។ ជាមួយនឹងការត្រៀមខ្លួនប្រកាសស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន OPPO និងនាយកប្រតិបត្តិជាច្រើន បានចាប់ផ្តើមក្នុងការទម្លាយនូវលក្ខណៈសម្បត្តិ និងព័ត៌លម្អិតជាច្រើនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។
ជាក់ស្តែង នៅក្នុងការបង្ហោះចេញពីអ្នកគ្រប់គ្រងទូទៅលោក Zhou Yibao ដែលជាវប្រធានផ្នែកស្មាតហ្វូន Oppo Find-series ក៏បានទម្លាយនូវព័ត៌មានមួយចំនួនអំពីកម្លាំងថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូន Find X9 series នេះហើយ។ តាមការបញ្ជាក់របស់លោក Yibao បាននិយាយថា ក្រុមហ៊ុន OPPO បានធ្វើការស្ទង់មតិមួយកាលពីឆ្នាំមុននេះ ដែលមានអ្នកប្រើប្រាស់ស្មាតហ្វូន Find X8 Series ជាង 5000 នាក់ មានបំណងចង់ទទួលបាននូវការប្រើប្រាស់ថាមពលថ្មបានយូរជាងមុន។ តាមការស្នើសុំនេះ លោក Yibao បានបង្ហើបថា ស្មាតហ្វូន Find X9 series នេះ នឹងមានការពង្រឹងទៅលើថាមពលថ្មប្រើប្រាស់បានកាន់តែយូរ។
តាមរយៈព័ត៌មានខាងលើនេះ និយាយថា ស្មាតហ្វូន OPPO Find X9 នេះ នឹងមានថាមពលថ្មទំហំ 7,025mAh ខណៈពេលដែលស្មាតហ្វូន Find X9 Pro នឹងមានថាមពលថ្មទំហំ 7,550mAh។ ស្មាតហ្វូននេះ ក៏នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging ទៀតផង។ លោក Yibao បានបន្តថា ស្មាតហ្វូនស៊េរីថ្មី Find X9 series នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 55W PPS fast charging ដែលមានការបង្កើនពី 33W PPS charging នៅលើស្មាតហ្វូន Find X8។
ជាមួយនឹងបច្ចេកវិទ្យា PPS (Programmable Power Supply) នេះ សម្រាប់ឆ្នាំងសាក Charger និងស្មាតហ្វូននេះអាចធ្វើការកែប្រែទៅលើកម្រិតភ្លើង Voltage បាន ដើម្បីធានាបាននូវល្បឿននៃការសាកថ្មលឿនជាងមុន ការកាត់បន្ថយទៅលើកំដៅ និងថាមពលថ្មប្រសើរជាងមុន។
ស្មាតហ្វូនFind X9 series នេះនឹងមានស្មាតហ្វូន Find X9 Ultra ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 នេះ។ ខណៈពេលដែលស្មាតហ្វូន X9 និង X9 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 នោះ ស្មាតហ្វូន Ultra អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ( ឬ Snapdragon 8 Elite 2)៕